ព័ត៌មានជាតិ
ភរិយាលោក អួន សារ៉ាត់ ប្រកាសលក់ផ្ទះបន្ទាន់ក្រោយស្ថានភាពជំងឺស្វាមីកាន់តែធ្ងន់ធ្ងរ
គ្រូពេទ្យបានបញ្ជាក់ថា លោក អួន សារ៉ាត់ នៅមានសង្ឃឹមរស់ត្រឹមតែ ១០-២០ភាគរយប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ០២ ខែ មករា។ នេះបើតាមភរិយារបស់លោក អួន សារ៉ាត់ បានធ្វើវីដេអូឡាយផ្ទាល់ នៅលើផេក uorn sarath page កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ អំពីស្ថានភាពជំងឺរបស់ស្វាមី។

ក្រោយមើលឃើញស្ថានភាពជំងឺស្វាមីកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ភរិយាលោក អួន សារ៉ាត់ បានប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកលុយបន្តព្យាបាលស្វាមីនៅក្រៅប្រទេស។
តាមរយៈហ្វេសប៊ុក uorn sarath page ភរិយាលោក អួន សារ៉ាត់ បានប្រកាសដូច្នេះថា«លក់ផ្ទះឡាយឡុងបន្ទាន់ ព្យាបាលលោកគ្រូអួន សារ៉ាត់ ពេលនេះ លោកគ្រូ អួន សារ៉ាត់ មានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅមានឱកាសព្យាបាលគាត់តែ៥ថ្ងៃទៀតទេ។ ឥឡូវនេះ នាងខ្ញុំខ្វះខាតលុយយកគាត់ទៅព្យាបាលនៅក្រៅប្រទេស។ បងប្អូនជួយទិញផ្ទះនាងខ្ញុំផង នាងខ្ញុំលក់ឡាយឡុង ដើម្បីយកប្រាក់មកព្យាបាលគាត់ឲ្យទាន់ពេល។ យើងមិនអាចបាត់បង់គាត់បានទេ ព្រោះគាត់ជាធនធានដ៏កម្រ ជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ។ គាត់បានផ្តល់ចំណេះដឹងល្អៗ ផ្នត់គំនិតល្អៗជាច្រើនដល់សង្គម»។
ពេលនេះ លោក អួន សារ៉ាត់ នៅតែមិនអាចដកដង្ហើមបានដោយខ្លួនឯងឡើយ គឺត្រូវប្រើម៉ាស៊ីនអុកស៊ីសែនជំនួយដកតាមបំពង់កប៉ុណ្ណោះ។ ភរិយាលោក អួន សារ៉ាត់ បានឲ្យដឹងថា គ្រូពេទ្យបានព្យាយាមធ្វើយ៉ាងណា ដកម៉ាស៊ីនជំនួយ និងកាត់បន្ថយប្រើថ្នាំសណ្ដំ ប៉ុន្តែមិនអាចធ្វើទៅបានទេ ដោយសារស្ថានភាពលោក នៅតែធ្ងន់ធ្ងរ។
អ្នកស្រីបានបញ្ជាក់ថា « អុកស៊ីសែនជំនួយដង្ហើមនេះ ដាក់ចូលក្នុងបំពង់ក អាចដាក់បានត្រឹមចន្លោះពីរអាទិត្យទេ បើផុតពីពីរអាទិត្យនេះ នៅតែដកចេញអត់បានទៀត គឺគ្រូពេទ្យត្រូវចោះកគាត់(អួន សារ៉ាត់) ដើម្បីដាក់បន្ត»។

អ្នកស្រីបន្តទៀតថា« កាលពីម្សិលមិញ ខ្ញុំបានជួបជាមួយគ្រូពេទ្យ ហើយក្រុមគ្រូពេទ្យបានប្រាប់ត្រង់ថា ឥឡូវនេះក្តីសង្ឃឹមដែលយើងអាចដកបំពង់ខ្យល់ចេញពីបំពង់កបាន គឺសង្ឃឹមតិចបំផុតត្រឹមតែ ១០-២០ភាគរយប៉ុណ្ណោះ»។
គ្រូពេទ្យបានប្រាប់ឲ្យដឹងទៀតថា ជម្រើសចុងក្រោយ គឺត្រូវវះកាត់ប្តូរសួត ពីព្រោះសួតរបស់លោក អួន សារ៉ាត់ ខូចខាតធ្ងន់ធ្ងរ។ ប៉ុន្តែការប្តូរសួតនេះ ត្រូវទៅប្តូរនៅក្រៅប្រទេស។
គិតត្រឹមថ្ងៃនេះ មានរយៈពេល ១០ថ្ងៃហើយ ដែលលោក អួន សារ៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជំងឺធ្វើទុក្ខខ្លាំង កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១។ សល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ គ្រប់រយៈពេលកំណត់ ២សប្តាហ៍ ដែលគ្រូពេទ្យត្រូវដកបំពង់ខ្យល់អុកស៊ីសែនចេញវិញ។
លោក អួន សារ៉ាត់ គឺជាស្ថាបនិកយូខេនវីនគ្រុប ត្រូវបានសាធារណជន ស្គាល់ថា ជាអ្នកនិពន្ធសៀវភៅ អំពីការលើកទឹកចិត្ត បង្កើតអាជីវកម្ម បណ្តុះគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។ លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើង លក់នៅលើទីផ្សារ ពិសេសនៅតាមបណ្ណាគារនានា នៅទូទាំងប្រទេស។ លើសពីនេះទៀត លោក អួន សារ៉ាត់ តែងតែបើកវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍នៅលើអនឡាញ ឬបណ្តាញសង្គម ដោយសេរី(Free) ដើម្បីចែកជូនដល់សាធារណជន យកទៅពិចារណា អំពីគំនិតអាជីវកម្ម និងបទពិសោធន៍ដែលលោកមានកន្លងមក។
លោក អួន សារ៉ាត់ កើតនៅឆ្នាំ ១៩៨៣ នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើត ៧នាក់៕ ទួន សុផល



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ