ព័ត៌មានជាតិ
រដ្ឋមន្រ្តី រំពឹងផលកសិកម្មនាំចេញខ្ពស់ ក្រោយកម្ពុជាមានមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម
មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា មានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ សាងសង់សម្រេចបាន ៨០ភាគរយហើយ គិតត្រឹមថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២២នេះ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការកសាងមជ្ឈមណ្ឌលនេះឡើង ដើម្បីបម្រើឲ្យវិស័យកសិឧស្សាហកម្មជារួម និងដោយឡែកផ្លែឈើតំបន់ត្រូពិច (Tropical Friuts) ដែលកសិករកម្ពុជាកំពុងមានក្នុងដៃជាអាទិ៍៖ ស្វាយកែវរមៀត ស្វាយចន្ទី មានម៉ៃលិន ដូងក្រអូប ស្រការនាគ ខ្មុរ ចេកអំបូងលឿង និងក្រូចថ្លុង។ លោករដ្ឋមន្រ្តី បានចុះត្រួតពិនិត្យមជ្ឈមណ្ឌលនេះផ្ទាល់ ក្រោយចូលរួមកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រឹកថ្ងៃទី ៣ ខែមករា។
មជ្ឈមណ្ឌលនេះ បានកសាងលើផ្ទៃដី ៨០ហិកតា ដោយធ្វើការបែងចែកជាអគាររដ្ឋបាល ផ្ទះកម្មករ ទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារពិពណ៌កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ (ម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ ) សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន និងដូង ជាដើម។ អគារមួយខ្នងទំហំ ១៥ ០០០m2 និងជាបណ្តើរៗកំពុងដំណើរការសាងសង់អគារ ២ បន្ថែមទៀត ដើម្បីដាក់ឲ្យបម្រើការស្តុកផ្លែឈើ លាងសម្អាត (ធ្វើអនាម័យ) វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់ផែក្រុងព្រះសីហនុ។ នៅពេលចាប់ផ្តើមដំណើរការ មជ្ឈមណ្ឌលត្រូវការកម្មករ ៣០០នាក់ ហើយនៅពេលដំណើរពេញសមត្ថភាពមជ្ឈមណ្ឌលត្រូវការ ៣០០០នាក់។
លោករដ្ឋមន្ត្រីបញ្ជាក់ថា មជ្ឈមណ្ឌលនេះ ប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មផ្លែឈើ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ ចំណូល និងរក្សានិរន្តរភាពផលិតកម្មផ្លែឈើ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
លោក វេង សាខុន ជឿជាក់ថា មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា នេះ គឺជាជំហានចាប់ផ្តើមបើកផ្លូវ ឲ្យកសិផលហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មផ្លែឈើត្រូពិចនឹងត្រូវបានលើកកម្ពស់ តម្លៃផ្នែកសេដ្ឋកិច្ច និងមានទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនថែមទៀត ដោយបង្កើតការងារ និងប្រាក់ចំណូលដល់ពលរដ្ឋក្នុងស្រុក។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យវិស័យឯកជនផ្សេងទៀតចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង៕ ទួន សុផល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់