Connect with us

ព័ត៌មានជាតិ

Hyperlipidemia (ការលើសជាតិខ្លាញ់)

បានផុស

នៅ

ចំណេះដឹង​មូលដ្ឋាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ទៅ​ជា​ការ​លើស​ជាតិ​ខ្លាញ់?

ការ​លើស​ជាតិ​ខ្លាញ់​គឺ​ជា​ការ​កើន​ឡើង​ជាតិ​ខ្លាញ់ ឬលីពីត​ក្នុង​ឈាម​។ ប្រភេទ​ខ្លាញ់មាន​​២​ធំ​ៗ​គឺ​ទ្រីគ្លីសេរីត(triglycerides) ​និង​កូលេស្តេរ៉ូល (cholesterol)​។ ទ្រីគ្លីសេរីត​កើន​ឡើង​ពេល​ដែល​យើង​បរិភោគអាហារ​​ជាតិ​កាឡូរី​ច្រើន​លើស​ពីតម្រូ​វការ​ប្រើ​ប្រាស់​ ហើយ​ខ្លាញ់​ប្រភេទ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឺ​បេះដូង។

កូលេស្តេរ៉ូល​​ផលិត​ឡើង​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ថ្លើម​ពី​ព្រោះ​កោសិកា​សារពាង្គកាយ​របស់​យើង​ត្រូវ​ការ​​កូលេស្តេរ៉ូលយក​មក​ប្រើ​ប្រាស់។ កូលេស្តេរ៉ូល​មាន​២​ប្រភេទ​ទៀត​គឺ​កូលេស្តេរ៉ូល​​ល្អ​ (HDL) និង​កូលេស្តេរ៉ូល​អាក្រក់ (LDL) ដែល​​កូលេស្តេរ៉ូលប្រភេទនេះ​អាច​បំផ្លាញ​ដល់​សុខភាព​​យើងបាន​។

ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ឬ​ហៅ​ថា​កូលេស្តេរ៉ូល​កើន​ឡើង​នេះ​​អាច​ជា​បញ្ហា​តំណ​ពូជ​ និង​ជារឿយៗ​​បណ្ដាល​មក​ពី​របៀប​របប​ហូប​ចុក​មិន​បាន​ត្រឹម​ត្រូវ។

ការ​កើន​ឡើង​ជាតិ​ខ្លាញ់​គឺ​អាច​ព្យាបាល​បាន​ប៉ុន្តែ​ពេល​ខ្លះ​​ត្រូវ​ការ​រយៈពេល​យូរ​ហើយ​ត្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ។ ដូចជា​រើស​ចំណី​អាហារ​ដែល​ត្រឹមត្រូវ​និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​ដើម្បី​បន្ថយ​ជាតិ​កូលេស្តេរ៉ូល និង​កាត់​បន្ថយ​ដូច​គ្នា​នូវ​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង ​ការ​គាំង​បេះដូង​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

រោគ​សញ្ញា

តើ​សញ្ញា​នៃ​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​មាន​អ្វី​ខ្លះ?

ជាទូទៅ​អ្នក​ដែល​មាន​​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​មិន​អាច​ដឹង​មុន​នោះ​ទេ​ ដោយសារ​តែ​ជាតិ​ខ្លាញ់គឺនៅ​ជុំវិញ​សរីរាងខាងក្នុង​ខ្លួន។ប៉ុន្តែ​អ្នក​ដែល​មាន​បញ្ហា​នេះ​ដោយសារ​​តំណ​ពូជ​ពួក​​អាច​មាន​សញ្ញា​ដូច​ជា​ឡើង​កំណក​ខ្លាញ់​លឿង​ៗ​ក្រោម​ស្បែក​ ជុំវិញ​ភ្នែក​និង​សន្លាក់។

គ្រូពេទ្យ​អាច​រក​ឃើញ​នៅ​ពេល​ដែល​អ្នក​ជំងឺ​មក​ពិនិត្យ​ឈាម​ឬ​ពេល​មាន​បញ្ហា​បេះដូង ​ដូចជា​គាំង​បេះដូង​និង​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជា​ដើម។

ការ​កើន​ឡើង​ជាតិ​ខ្លាញ់​រ៉ាំរ៉ៃ​អាច​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​ដែល​កក​ឡើង​ជា​បន្ទះ​នៅ​តាម​ស្រទាប់​ភ្នាស​សរសៃ​ឈាម​រួច​ធ្វើ​ឲ្យ​លំហូរ​ឈាម​មាន​ការ​គាំង​ស្ទះ ឡើង​សម្ពាធ​ឈាម​ហើយ​ប្រឈម​ទៅ​នឹង​គាំង​បេះដូង​និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។

មូលហេតុ

តើ​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ?

ជាទូទៅ​ការ​កើនឡើងជាតិ​ខ្លាញ់​បណ្ដាល​មក​ពី៖

  • កត្តា​សេនេទិច​គ្រូពេទ្យ​ចាត់​ទុក​ថា​កត្តា​នេះ​គឺ​ជា​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​តំណ​ពូជ
  • ​របប​អាហារ​មិន​ត្រឹម​ត្រូវ​ និង​កត្តា​ផ្សេង​ៗ​ទៀត ដែលនេះ​គឺ​ជា​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​មាន​មូលហេតុ។

មូលហេតុ​ទាំង​អស់​នោះ​មាន​ដូចជា៖

គ្រួសារ​ដែល​មាន​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ភាគ​ច្រើន​មក​ពី​ការ​បន្ត​ហ្សែន​ពី​ឪពុក​ម្ដាយ​ទៅ​ជំនាន់​ក្រោយ​ទៀត​ដែល​ធ្វើ​ឲ្យ​មុខងារ​របស់​LDLនិង​កោសិកា​ដែល​ទទួល​យក​មិន​បាន​ល្អ។ នេះបាន​ន័យ​ថា​កោសិកា​មិន​អាច​បញ្ចេញ​ជាតិ​ខ្លាញ់​មិន​ល្អ​នេះ​​ចេញ​​ពី​​ក្នុង​​​ខ្លួន​​បាន​​ និង​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​ច្រើន​និង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។

កត្តា​ប្រឈម

តើ​​អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​នៃ​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​?

ដូច​ដែល​បាន​រៀប​រាប់​ពី​មូលហេតុ​នៅ​ខាង​លើ​ពេល​មាន​ជាតិ​ខ្លាញ់​មិន​ល្អ​ច្រើន​​នោះ​ខ្លាញ់​​នឹង​កក​ស្ទះ​ក្នុង​សរសៃ​ឈាម​។ ខ្លាញ់​ល្អ​HDL ​ជួយ​សម្អាត​ខ្លាញ់​មិន​ល្អ​ LDL ចេញ​ឬ​នាំ​​ត្រឡប់​ទៅ​ថ្លើម​ដើម្បី​បញ្ចេញ​ចោល​។ ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ គឺ​នៅ​ពេល​ដែល​ ខ្លាញ់​មិន​ល្អ​ កើន​ឡើង​ខ្លាំង​ហើយខ្លាញ់​ល្អ​​ចុះ​ទាប​មិន​អាច​ជួ​យ​បញ្ចេញ​និង​សម្អាត​ខ្លាញ់​អាក្រក់​បាន។

របប​អាហារ​ដែល​មិន​ត្រឹមត្រូវ​អាច​ធ្វើ​ឲ្យ​ការ​កើន​ឡើង​ជាតិ​ខ្លាញ់មិនល្អ ច្រើន​ហើយខ្លាញ់ល្អ​​ចុះ​ទាប​។ ប្រសិន​បើ​យើង​ជាង​មនុស្ស​លើស​ទម្ងន់​វិញ​ និង​​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ជក់​បារី​ មិន​សូវ​ហាត់​ប្រាណ​ នោះ​យើង​នឹង​មាន​កត្តា​ប្រឈម​ទៅ​នឹង​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ជាង​អ្នក​ដទៃ។

ទម្លាប់​ផ្សេង​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​៖

  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​និង​ខ្លាញ់​សំយោគ
  • ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ដែល​មាន​ប្រភព​ពី​សត្វ​ច្រើន​ដូចជា​សាច់​គោ​និង​ទឹក​ដោះ​គោ
  • មិន​សូវ​ហាត់​ប្រាណ
  • មិន​សូវ​ញ៉ាំ​ជាតិ​ខ្លាញ់​ល្អ​
  • ជំងឺ​ធាត់
  • មាន​ក្បាល​ពោះ​ធំ
  • ជក់​បារី
  • ផឹក​ស្រា​ច្រើន

ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ក៏​អាច​រក​ឃើញ​ក្នុង​អ្នក​ជំងឺ​ផ្សេង​ទៀត​ដូច​ជា៖

  • ជំងឺ​តម្រង​នោម
  • ជំងឺ​ទឹកនោមផ្អែម
  • គីស​អូវែ
  • មាន​គភ៌
  • វិបត្តិ​ទីរ៉ូអ៊ីត
  • កត្តា​សេណេតិច

ការ​កើន​ឡើង​ជាតិ​ខ្លាញ់​អាច​បណ្ដាល​មក​ពី​ការ​ញ៉ាំ​ថ្នាំ​ដូច​ជា៖

  • ថ្នាំ​ពន្យារកំណើត
  • ថ្នាំ​បញ្ចុះ​ទឹក​នោម
  • ថ្នាំ​ថប់​បារម្ភ

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ព័ត៌មាន​ដែល​ផ្ដល់​ជូន​ខាង​ក្រោម​នេះ​មិន​មែន​ជា​ការ​ណែនាំ​បែប​វេជ្ជសាស្ត្រ​នោះ​ទេ។ គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹមត្រូវ។

រោគ​វិនិច្ឆ័យ

ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ជា​ទូទៅ​មិន​មាន​រោគ​សញ្ញា​ទេ​ដែល​ត្រូវ​តែ​ធ្វើ​តេស្ត​ឈាម​ដើម្បី​កំណត់​បាន៖

  • មើល​ជាតិ​ខ្លាញ់​ទាំង​អស់
  • ខ្លាញ់​ល្អHDL
  • ខ្លាញ់​អាក្រក់​LDL
  • ទ្រីគ្លីសេរីត

មុន​ពេល​បូម​ឈាម​គ្រូពេទ្យ​ស្នើ​ឲ្យ​តម​អាហារ​៨​ទៅ​១២​ម៉ោង​ដើម្បី​បាន​លទ្ធផល​ត្រឹម​ត្រូវ។ ប៉ុន្តែ​ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ការ​តម​គឺ​ជា​ការ​មិន​ចាំ​បាច់ទេ​។

ជាទូទៅ​ជាតិ​កូលេស្តេរ៉ូល​គឺ​ច្រើន​ជាង​២០០មីល្លីក្រាម/ដេស៊ីលីត្រ ចាត់ទុក​ថាខ្ពស់ហើយ។ កម្រិត​ជាតិ​ខ្លាញ់​សុវត្ថិភាព​គឺ​អាច​ប្រែ​ប្រួល​តាម​អ្នក​ជំងឺ​អាស្រ័យ​ទៅ​តាម​ប្រវត្តិ​ជំងឺ​និង​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន។ គ្រូពេទ្យ​នឹង​យក​លទ្ធផល​ឈាម​មក​ពិចារណា​មើលតាម​លក្ខខណ្ឌទាំងនេះ។

ការ​ព្យាបាល

ការ​កើន​ឡើង​ជាតិ​ខ្លាញ់​គឺ​អាច​គ្រប់​គ្រង​បាន​តាម​របប​អាហារ​ល្អ​និង​ការ​ហាត់​ប្រាណ។ ប៉ុន្តែ​របប​អាហារ​ដែល​ល្អ​មិន​អាច​ការ​ពារ​បាន​ទាំង​ស្រុង​នោះ​ទេ​សម្រាប់​អ្នក​ដែល​មាន​ការ​កើន​ឡើង​ពី​តំណ​ពូជ​ ព្រោះ​ថាអ្នកជំងឺ​ពេល​ខ្លះ​អាច​ត្រូវ​ការ​ប្រើ​ថ្នាំ។

គ្រូពេទ្យ​អាច​ប្រើ​ថ្នាំ​ statin សម្រាប់​បញ្ចុះ​ជាតិ​ខ្លាញ់​ដែល​ផលិត​ក្នុង​ថ្លើម​ដូចជា​ simvastatin lovstatin atorvastatinនិង​rosuvastatin។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការប្រើ​ថ្នាំ​​អាច​ជួប​នឹង​ផល​វិបាក​ខ្លះ​ៗ​ដូចជាឈឺ​សាច់​ដុំ​ និងក្នង​ករណី​កម្រ​អាចខូច​សាច់​ដុំ​។

ប្រសិន​បើ​យើងមាន​ការ​ឈឺ​ចុក​ចាប់សាច់ដុំ​ ឬ​ក៏​មិន​ចង់​បន្ត​ប្រើ​ថ្នាំ​បញ្ចុះជាតិ​ខ្លាញ់​នេះ​ទៀត​ទេ​ គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យព្រោះ​ថា​មាន​តែ​គ្រូពេទ្យ​​ទេ​ដែល​ដឹង​ពី​កត្តា​ប្រឈម​ទៅ​នឹង​បញ្ហា​បេះដូង​សរសៃ​ឈាម​ដែល​ជា​ផល​បណ្ដាល​មក​ពី​ថ្នាំ​ទាំង​នេះ។ប្រសិន​បើ​ជាតិ​ខ្លាញ់​នៅ​តែ​មិន​ចុះ​គ្រូពេទ្យ​អាច​នឹង​ប្រើ​ថ្នាំ​ផ្សេង​ទៀត​ដូចជា ezetimibe fibrateឬ ​niacin។

ការ​ការពារ

តើ​ត្រូវ​មាន​វិធាន​ការ​ការពារ​យ៉ាង​ណា​ទើប​ល្អ?

របប​អាហារ​និង​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​គឺ​ជា​កត្តា​ដែល​ជួយ​យើង​មិន​ឲ្យ​មាន​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​។ យើងគួរ​ជ្រើសរើស​របប​អាហារ​ដែល​មាន​មិន​សូវ​សម្បូរ​ខ្លាញ់​ ហាត់​ប្រាណ​ជា​ប្រចាំ​ មិន​ជក់​បារី​និង​ត្រូវ​រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ។

របប​អាហារ

របប​អាហារល្អ​សម្រាប់សុខភាព​បេះដូង​គឺ​ជា​ការ​រាប់​បញ្ចូល​នូវ​ការ​បន្ថយការ​​បរិភោគ​ជាតិ​ខ្លាញ់​ឆ្អែត​ ខ្លាញ់​សំយោគ​និង​កូលេសស្តេរ៉ូល​ហើយ​បង្កើន​ការ​ញ៉ាំ​បន្លែ​ផ្លែឈើ​ជាតិ​សរសៃ​ និង​ជាតិ​អង្ករ​​ក៏​ដូច​ជា​ទឹក​ឲ្យ​បាន​ច្រើន។ អាហារ​ឆ្អិន​ស្រាប់​ដែល​សម្បូរ​ជាតិ​កាបូនអ៊ីដ្រាត​ឬ​អាហារ​កំប៉ុង​ដែល​មិន​សូវ​មាន​ជីវជាតិ​គួរ​តែ​ជៀសវាងដែរ​។

ត្រី​ គ្រាប់​សណ្ដែក​ និង​បន្លែ​គឺ​មាន​ជាតិ​ខ្លាញ់​ល្អ​ច្រើន​ហើយ​ក៏​អាច​ជា​ជំនួយ​​ក្នុង​ការ​ជួយ​កម្ចាត់​ខ្លាញ់​អាក្រក់​ចោល​ពី​ក្នុង​ខ្លួន​ដែរ។ នៅ​ពេល​ដែល​ធ្វើ​ម្ហូប​គួរ​តែ​ប្រើ​ប្រេង​អូលីវ​ និង​ខ្លាញ់​មិន​ឆ្អែត។

ទម្ងន់

អ្នក​ដែល​មាន​ការ​លើស​ទម្ងន់​និង​មាន​ជំងឺ​ធាត់​គឺ​មាន​ឱកាស​ក្នុ​ង​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ និង​ជំងឺ​បេះដូង​ជាង​អ្នក​ដទៃ។ បញ្ចុះ​ទម្ងន់​គឺ​បញ្ចុះ​ជាតិ​ខ្លាញ់​អាក្រក់​ ជាតិ​ខ្លាញ់​គ្រប់​ប្រភេទ​ និង​ទ្រីគ្លីសេរីត​ផង​ដែរ។ បញ្ចុះ​ទម្ងន់​​ក៏​អាច​ជួយ​បង្កើន​ខ្លាញ់​ល្អ​ដែល​ជួយ​កម្ចាត់​ខ្លាញ់​អាក្រក់​ចោល​ពី​ក្នុង​ខ្លួន​យើង​បាន​ថែម​ទៀត​ផង។

ការ​ហាត់​ប្រាណ

ការ​មិន​សូវ​ហាត់​ប្រាណ​គឺ​ជា​កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​​សរសៃ​ឈាមបេះដូង។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​អាក្រក់​បង្កើន​ខ្លាញ់​ល្អ​និង​ជួយ​រក្សា​រាង​បាន​ថែម​ទៀត​ផង។ សមាគម​បេះដូង​របស់​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ឲ្យ​ហាត់​ប្រាណ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ជៀស​ផុត​ពី​ជំងឺ​បេះដូង។

បារី

ការជក់​បារី​គឺ​បង្ក​បញ្ហា​សុខភាព​ច្រើន​មុខ​ដែល​ក្នុង​នោះ​ក៏​មាន​ជំងឺ​បេះដូង​ផង​ដែរ។ ជក់​បារី​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​ស្ទះ​ បង្កើន​ខ្លាញ់​មិន​ល្អ​ បង្ក​ការ​រលាក​ និង​បង្កើត​កំណក​ឈាម​ក្នុង​សរសៃ​ឈាម​ទៀត​ផង។ ឈប់​ជក់​បារី​អាច​បង្កើន​ខ្លាញ់​​ល្អ​និង​បន្ថយ​ហានិភ័យ​​ក្នុង​ការ​មាន​ជំងឺ​សរសៃ​ឈាមបេះដូង​​

គ្នា​យើង​ដែល​មាន​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃ​ឈាម​​បេះដូងបាន​ដោយ​អនុវត្ត​តាម​ការ​បរិភោគ​អាហារ​ដែល​ល្អ​ត្រឹម​ត្រូវ​ និង​ផឹក​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់

សូមចុចអាន៖ ពេលកំពុងប្រើថ្នាំពេទ្យ អាចប្រតិកម្មនឹងកាហ្វេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម