ព័ត៌មានជាតិ
លោកថោង ខុន ៖ ក្រុមហ៊ុនបញ្ជាទិញ១០៧មកពី៣៥ប្រទេស នឹងមកចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២(ATF 2022)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអះអាងឲ្យដឹងថា អ្នកបញ្ជាទិញ (Buyers) ចំនួន១០៧ក្រុមហ៊ុន មកពី៣៥ប្រទេស នឹងមកចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំ និងពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ កាលពីថ្ងៃចន្ទ លោក ថោង ខុន បានអះអាងថា ការងារត្រៀមរៀបចំកិច្ចប្រជុំ ATF 2022 នេះ សម្រេចបានប្រមាណ៩០%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើកកម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗស្របតាមវិធានសុវត្ថិភាព។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានលើកឡើងថា រហូតមកដល់ពេលនេះ មានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានចំនួន៩ លើកលែងវៀតណាម ដែលនឹងចូលរួមដោយអនុរដ្ឋមន្ត្រីទេសចរណ៍ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។ ក្នុងនោះ ប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers)សរុបចំនួន១៨៧ស្តង់ អ្នកបញ្ជាទិញ (Buyers) ចំនួន១០៧ក្រុមហ៊ុន មកពី៣៥ប្រទេស ក្នុងនោះ ឣ្នកបញ្ជាទិញអន្តរជាតិ (International Buyers) ចំនួន១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន៧ក្រុមហ៊ុន។

លោករដ្ឋមន្ត្រី បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជន គឺកម្ពុជាទទួលបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួមលើសពីការរំពឹងទុកក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបន្តមាននៅឡើយ ។ ដូច្នេះហើយ លោក ថោង ខុន បានណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃខេត្តព្រះសីហនុ ដើម្បីធានាឲ្យបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានានៃព្រឹត្តការណ៍អន្តរជាតិនេះប្រកបដោយសុវត្ថិភាពស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល និងនីតិវិធីស្តង់ដាតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើនៃការចងចាំការចូលចតនៃនាវាទេសចរណ៍ MS Westerdam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers’ Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។

ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យអភិបាលរងខេត្ត លោក ម៉ាង ស៊ីណេត រៀបចំការងារការពារសុវត្ថិភាពសុខាភិបាលជូនគណៈប្រតិភូមកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងពេលមកដល់ និងពេលត្រលប់ទៅវិញ។ លោកអភិបាលខេត្ត ក៏នឹងពិនិត្យលើការជំរុញការចាក់វ៉ាក់សាំងដូសទី៣ជូនក្រុមការងារ បុគ្គលិកដែលចូលរួមរៀបចំការងារក្នុងព្រឹត្តិការណ៍ ATF តាមបណ្ដាគោលដៅរៀបចំកម្មវិធី និងនៅក្នុងសណ្ឋាគារឆ្នេរសុខាផងដែរ។ លោកគួច ចំរើន បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រតិភូទាំងអស់ និងបានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរៀបចំកម្លាំងតាមគោលដៅ សំដៅធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រតិភូទាំងអស់។ លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏នឹងជួយគាំទ្រជ្រោមជ្រែងដល់ការរៀបចំព្រឹត្តិការណ៍នេះ ប្រកបដោយការទទួលខុសត្រូវ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ