ព័ត៌មានជាតិ
កសិករនៅព្រែកបារាយណ៍ និយមដាំបន្លែបន្ថែម ក្រៅពីធ្វើស្រែ និងនេសាទ
កសិករធ្វើស្រែ និងនេសាទ នៅចម្ការបារាយណ៍ ឬព្រែកបារាយណ៍ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ពេលទំនេរពីរដូវធ្វើស្រែប្រាំង និយមនាំគ្នាឆ្លៀតដាំបន្លែបង្ការបន្ថែមទៀត ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

លោក ណយ ធឿន បានឱ្យដឹងថា ដំបូងលោកធ្វើស្រែ នៅរដូវទឹកសម្រកក្នុង១ឆ្នាំៗ ធ្វើស្រូវបានគួរសមដែរ។ តែឥឡូវនេះខែប្រាំង លោកងាកមក ដាំ ម្ទេស ត្រឡាច ជាដើម។ លោកបញ្ជាក់ថា លោកមានដីសម្រាប់ធ្វើចម្ការមានទំហំ ក្បាលដី ១៩ ម៉ែត្រ និងបណ្ដោយ ១០០ ម៉ែត្រ ហើយដីក្រៅពីនោះគឺលោកជួលគេសម្រាប់ដាំដំណាំ។
លោក ណយ ធឿន បានឱ្យដឹងបន្ថែមថា ក្នុងមួយរដូវៗ លោកដាំបានតែម្ដងទេ គឺដាំពី ខែវិច្ឆិកា ធ្នូ រហូតដល់ខែភ្លៀង បើគ្មានទឹកលេចទេ គឺដាំខួបប្រាំងខួបវស្សា។ លោក ធឿន រំលឹកថា រយៈពេល៣ខែនេះ លោកទទួលបានផលស្រូវគួរសមដែរ។ លោក បញ្ជាក់ថា រដូវប្រាំងនេះយ៉ាប់ទឹកបន្តិចដើម្បីស្រោចបន្លែ។

លោក ណយ ធឿន បានឱ្យដឹងថា ត្រឡាចដាំ តែ ៤៥ ថ្ងៃទេ ទទួលបានផលហើយ ដោយត្រឡាច ១ គីឡូ បានតម្លៃពី ១ ០០០ រៀល ទៅ ២០០០ រៀល បើម្ទេសវិញ ដាំរយៈពេល ៣ ខែ ទទួលបានផលពី ៨០ ទៅ ១០០គីឡូ។ លោកបញ្ជាក់ថា ក្នុង១ឆ្នាំៗ លោកប្រមូលផលបានគ្រាន់តែដោះស្រាយជីវភាពគ្រួសារ។
ចំណែកកសិកផ្សេងទៀត លោក សុខ កាន់ បានឱ្យដឹងថា ការធ្វើចម្ការជារបរមួយប្រចាំត្រកូលទៅហើយ។ លោក និង ប្រពន្ធ ឈ្មោះ សាក់ គីមសល់ ជាកសិករធ្វើចម្ការខួបប្រាំងខួបវស្សា ដោយលោកមានដីចម្ការទាំងអស់ ៨ អា។

លោកបញ្ជាក់បន្តថា លោកដាំបន្លែច្រើនមុខមាន ត្រសក់ សណ្ដែកកួរ ននោង ត្រឡាច ពោត ស្វាយ ដូង គឺដាំគ្រប់រដូវ។ លោកបន្តថា ៣ឆ្នាំមុន មានទឹកជំនន់ខូចខាតបន្លែច្រើនណាស់ តែពេលនេះ ក្រោយគ្មានទឹកបំផ្លាញទៀត លោកដាំបន្លែបានល្អគួរសមដែរ តែពិបាកទឹកស្រោចដំណាំបន្តិច បើស្រោចដំណាំម្តងៗ ត្រូវពឹងផ្អែកលើការបូមទឹកនៅក្នុងអណ្តងមកស្រោចបន្លែ។
លោក សុខ កាន់ លើកឡើងថា ពេលទទួលផល គឺមានឈ្មួញមកយកដល់ចម្ការតែម្តង តែគេឱ្យតម្លៃថោកពេក។ ក្នុង១ថ្ងៃៗ លោកអាចបេះបន្លែគ្រប់មុខបាន ពី ១០ ទៅ ៣០ គីឡូក្រាម។ ឥឡូវនេះ លោកងាកមកដាំដូង និងស្វាយបន្ថែមទៀត គឺដាំដូងជាង ២០០ ដើម និងស្វាយជាង ២០០ ដើម។ ព្រោះលោកឃើញថា មានការនិយមផឹកទឹកដូង មិនសូវផឹកទឹកកំប៉ុងទៀតទេ។

លោក សុខ កាន់ លើកឡើងទៀតថា ឥឡូវនេះ បន្លែធ្លាក់ចុះតម្លៃ ត្រសក់ ១ គីឡូក្រាម លក់បានតែ ១០០០ រៀល។ ឈ្មួញមកយកដល់កន្លែង ម្តង ១០ ទៅ ៣០ គីឡក្រាម ប្រសិនលក់ក្នុង១ថ្ងៃៗ។ តែបើលក់គិតក្នុង ១ ឆ្នាំវិញ សល់បាន ១ ០០០ ទៅ ២ ០០០ ដុល្លារ គ្រាន់បានឧបត្ថម្ភការសិក្សារបស់កូនចំនួន ៣ នាក់ និងការដោះស្រាយជីវភាពប្រចាំថ្ងៃ។
ទាក់ទងនឹងប្រជាកសិករធ្វើស្រែចម្ការនៅព្រែកបារាយណ៍ លោក អ៊ាង ណាំ ប្រធានសហព័ន្ធសហគមន៍នេសាទ បឹង B6 បញ្ជាក់ថា ប្រជាជននៅទីនេះ ក្រោយពីអស់របរនេសាទ ពួកគាត់បានងាកមកដាំបន្លែវិញ ដោយសារតែធនធាននេសាទមិនសូវមានត្រី។ បើខែគ្មានទឹកលិចវិញ ពួកគាត់ដាំបន្លែគ្រប់រដូវ។ ពាក់ព័ន្ធនឹងផលដំណាំ នឹងមានឈ្មួញចុះមកទិញដល់ចម្ការតែម្ដង៕
អត្ថបទ៖ រុងរឿង

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១