ព័ត៌មានជាតិ
បញ្ហាកកស្ទះចរាចរណ៍ គេមិនអាចដាក់ប៉ូលិស ១ម៉ែត្រម្នាក់ ឬ ២ម៉ែត្រម្នាក់ នោះទេ
អ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងថា ការកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសនៅក្នុងអំឡុងពេលបុណ្យទានម្ដងៗ គេមិនអាចដាក់នគរបាលចរាចរណ៍ ១ម៉ែត្រម្នាក់ ឬ២ម៉ែត្រម្នាក់ បានទេ។
ការលើកឡើងខាងលើនេះ បន្ទាប់ពីគេសង្កេតឃើញថា នៅពេលមានពិធីបុណ្យទានម្ដងៗ ប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្ដច្រើន នៅតាមរមណីដ្ឋាននានា ហើយនៅពេលមានការចេញដើរហើរច្រើនបែបនេះ ក៏ធ្វើឲ្យមានការកកស្ទះចរាចរណ៍កើតឡើងផងដែរ។ ជាក់ស្ដែងកាលពីអំឡុងពេល ឆ្លងឆ្នាំសកលថ្មីៗនេះ មានករណីកកស្ទះចរាចរណ៍ជាខ្លាំង ដែលមានអ្នកធ្វើដំណើរច្រើន ចេញពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញវិញ។
នៅក្នុងវីដេអូផ្សាយផ្ទាល់ របស់អ្នកលេងហ្វេសប៊ុកមួយរូប ឈ្មោះថា «អាច្រិប» កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ បានបង្ហាញអំពីការកកស្ទះចរាចរណ៍ជាខ្លាំង ដោយមានរថយន្ដបើកបរ រហូតដល់ ៦ជួរឯណោះ ដែលអ្នកបើកបរមួយចំនួន បានបើកចូលគន្លងអាទិភាព របស់អ្នកដទៃ។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យមានករណីកកស្ទះចរាចរណ៍ដដែលៗនេះ កើតឡើង? តើគួរមានការដោះស្រាយ ដោយរបៀបណា?
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៤ ខែមករានេះថា មានកត្តាជាច្រើន ដែលធ្វើឲ្យកកស្ទះចរាចរណ៍ នៅពេលមានពិធីបុណ្យទានម្ដងៗ។ កត្តទាំងនោះ រួមមាន៖ កត្តាមនុស្ស, កត្តាយានយន្ដ, កត្តាផ្លូវថ្នល់, និងកត្តាបរិស្ថាន ជាដើម។ តែដែលសំខាន់នោះ គឺកត្តាមនុស្ស។
លោកបណ្ឌិត បានលើកឡើងថា មានអ្នកបើកបរយានយន្ដមួយចំនួន មិនបានគោរពទិសបើកបរ, ចំណែកផ្លូវ, ភ្លើងសញ្ញាចរាចរណ៍, និងជាពិសេស មិនសូវចេះរង់ចាំវេនធ្វើដំណើររបស់ខ្លួន ដែលធ្វើឲ្យមានការធ្វើដំណើរច្រើនជួរ ហើយបណ្ដាលឲ្យកកស្ទះចរាចរណ៍ តែម្ដង។
អ្នកឃ្លាំមើលសង្គមរូបនេះ បានលើកឡើងបន្តថា «បើយើងមើលទៅ ប៉ូលីសចរាចរណ៍ មានចំនួនតិចណាស់ ហើយអ្នកធ្វើដំណើរ អ្នកធ្វើចរាចរណ៍ច្រើន មិនអាចទៅពង្រាយប៉ូលីសចរាចរណ៍ណា ១ម៉ែត្រមួយ ២ម៉ែត្រមួយ គ្រប់កន្លែងទេ អញ្ចឹងហើយគាត់អត់គោរព មិនអត់អោន មិនអធ្យាស្រ័យគ្នា មិនរង់ចាំទៅតាមវេន តាមពេល ឬក៏ការកកស្ទះបន្តិចបន្តួចទេ គឺយើងមិនអាចដោះស្រាយ បញ្ហាចរាចរណ៍ចេញទេ»។
លោកបណ្ឌិត ឈត ប៊ុនថង បានកត់សម្គាល់ទៀតថា មានប្រជាពលរដ្ឋ ដែលជាអ្នកបើកបរមួយចំនួន មិនមានសីលធម៌ នៅក្នុងការបើកបរឡើយ ដោយអ្នកខ្លះមិនគោរពភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ មិនគោរពគំនូសបែងចែកផ្លូវ និងចំណុចផ្សេងទៀត នៃច្បាប់ចរាចរណ៍។ លោកថា «មានន័យថា គាត់មិនគោរពភ្លើងសញ្ញា ស្លាកសញ្ញា មិនគោរពគំនូសបែងចែកផ្លូវ ការហាមចត ហាមឈប់អីផ្សេងៗទាំងអស់ ហាមជែងអីទាំងអស់ គឺថា គាត់អត់គោរព ដល់តែអត់គោរពពិបាកមែនទែន មនុស្សយើងមានច្បាប់ក៏ដោយ យើងមន្ត្រីប៉ូលីសចរាចរណ៍ យើងល្អយ៉ាងណាក៏ដោយ តែបើបងប្អូនយើងអត់គោរពហ្នឹង គឺពិបាកមែនទែន»។
បើតាមអ្នកឃ្លាំមើលសង្គមរូបនេះ ដើម្បីអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលកើតឡើងដដែលខាងលើនេះបាន គួរតែពិនិត្យ និងចូលរួមទាំងអស់គ្នា ទៅលើចំណុចមួយចំនួន ដូចជា៖ តើកម្លាំងនគរបាលចរាចរណ៍ មានគ្រប់គ្រាន់ហើយឬនៅ? តើកម្លាំងនគរបាលចរាចរណ៍ បានធ្វើសកម្មភាពសម្រួលចរាចរណ៍ បានពេញលេញហើយឬនៅ? ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ មានសីលធម៌ គុណធម៌ និងការអត់អោន នៅក្នុងការបើកបរ។ ត្រួតពិនិត្យឡើងវិញ ទៅលើសាលាបង្រៀនបើកបរ ថាតើពួកគេពិតជាបានបង្រៀន ទាំងច្បាប់ចរាចរណ៍ និងសីលធម៌ ក្នុងការបើកបរដែរឬទេ? គ្រួសារនីមួយៗ គួរតែអប់រំណែនាំកូនៗរបស់ខ្លួន ឲ្យមានសីលធម៌ និងគុណធម៌ ចាប់ពីពេលពួកគេនៅក្មេង រហូតដល់ពួកគេអាចបើកបរ ដោយខ្លួនឯង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ