ព័ត៌មានជាតិ
គម្រោងធំៗ ៦ របស់កូរ៉េចាយថវិការយលានដុល្លារ ជួយដល់កម្ពុជា
រដ្ឋាភិបាលកូរ៉េបានដាក់ឲ្យអនុវត្តគម្រោងធំៗចំនួន ០៦ ជាផ្នែកមួយក្នុងការជួយគាំទ្រដល់ការស្តារសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
តាមរយៈគម្រោងធំៗដែលចាយថវិការយលានដុល្លារនេះ ខ្លះកំពុងដំណើរការនិងគម្រោងមួយចំនួននឹងឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ។
អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង
តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានជួយដល់ការសាងសង់អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលគ្រោងនឹងរួចរាល់នៅដើមឆ្នាំ២០២២ខាងមុខនេះ។
អគារកម្ពស់ ៥ ជាន់នេះ បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ដែលចំណាយថវិកាសរុបប្រមាណ ៨លានដុល្លារអាមេរិក ដោយបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដែលនឹងជួយបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។
ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុបជាង ៧២ គីឡូម៉ែត្រ ចាយថវិកាប្រមាណ ៥៦ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវជាតិមួយខ្សែនេះ ជាកំណាត់ផ្លូវដ៏សំខាន់តភ្ជាប់នៅភាគខាងត្បូងប្រទេស ដែលគ្រោងរួចរាល់នៅខែមេសា ឆ្នាំ ២០២២។ តែមកដល់ពេលនេះ គម្រោងស្តារផ្លូវជាតិមួយខ្សែនេះមានភាពយឺតយ៉ាវ ខណៈក្រសួងសាធារណការបន្តជំរុញឲ្យក្រុមហ៊ុនសម្រុកឲ្យរួចទាន់ផែនការ។
ផ្លូវជាតិលេខ ៤៨
ផ្លូវជាតិលេខ ៤៨ ដែលបំបែកពីស្រែអំបិលដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុង បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ការដ្ឋានស្ថាបនាផ្លូវជាតិមួយខ្សែនេះ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េដែលប្រើប្រាស់ថវិកាជាង ៧៨ ដុល្លារអាមេរិក។
ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា។
ទំនប់ដូនទ្រី
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង បានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨។ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ដែលជាគម្រោងមួយស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។
ទំនប់នេះអាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន ៣៣ ០០០ ហិកតា និងស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា។ នេះគឺជាសមិទ្ធផលទី ២ នៅក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េបន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងក្រុងបាត់ដំបងបានបញ្ចប់នៅចុងឆ្នាំ២០២១។
មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលបសុសត្វ
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA បានផ្តល់ជំនួយទឹកប្រាក់ ៨លានដុល្លារអាមេរិក ដើម្បីសាងសង់មន្ទីរពិសោធន៍ជាតិ សម្រាប់ត្រួតពិនិត្យគុណភាពផលិតផលបសុសត្វ ក៏ដូចជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសកសិកម្មនៅកម្ពុជា។
គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ដែលផ្តោតការងារសំខាន់ៗដូចជាការកសាងវិទ្យាស្ថានជាតិបសុសត្វ ការពង្រឹងសុវត្ថិភាពប្រព័ន្ធគ្រប់គ្រងអនាម័យ និងបទដ្ឋានគតិយុត្ត ក៏ដូចជាពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ។
ស្ពានមិត្តភាពកូរ៉េអរិយក្សត្រ
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ ពីការផ្តល់ជំនួយរបស់រដ្ឋាភិបាលកូរ៉េ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទៅតំបន់អរិយក្សត្រ ក្រោយក្រុមហ៊ុនរបស់កូរ៉េបានសិក្សាចប់សព្វគ្រប់។
បើតាមប្រមុខរដ្ឋាភិបាល ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅតំបន់អរិយក្សត្រ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យមុនឈានទៅបើកការដ្ឋានសាងសង់។ មន្រ្តីរបស់ក្រសួងសាធារណការបានឲ្យដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គទៅតំបន់អរិយក្សត្រ អាចនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២២នេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ