Connect with us

ព័ត៌មានជាតិ

តំណាងជនជាតិដើមភាគតិចព្នង ៖ ការប្ដឹងអ្នកស្រី ទ្រី ដាណា មិនមែនចង់បានសំណង ២០ម៉ឺនដុល្លារនោះទេ

បានផុស

នៅ

តំណាងជនជាតិដើមភាគតិចព្នង បានបញ្ជាក់ថា ការប្ដឹងអ្នកស្រី ទ្រី ដាណា ម្ចាស់ហាងលក់មាសពេជ្រ និងជាអ្នកលក់ អនឡាញល្បីឈ្មោះមួយរូបនោះ មិនមែនចង់បានសំណង ២០ម៉ឺនដុល្លារនោះទេ តែថាការប្ដឹងនេះ គឺដើម្បីសេចក្ដីថ្លៃថ្នូរ និងកិត្តិយស របស់ជនជាតិភាគដើមភាគតិច ពូនង តែប៉ុណ្ណោះ។

លោក គ្រឿង តុលា រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ហើយបានចូលរួមដាក់ពាក្យបណ្ដឹងប្ដឹងអ្នកស្រី ទ្រី ដាណា នោះ បានឲ្យកម្ពុជាថ្មីដឹង នៅព្រឹកថ្ងៃទី ៥ ខែមករានេះថា មូលហេតុដែលលោក និងតំណាងពលរដ្ឋ ជនជាតិដើមភាគីតិចព្នងផ្សេងទៀត ដាក់ពាក្យប្ដឹងអ្នកស្រី ទ្រី ដាណា ក៏ព្រោះអ្នកស្រី បានដៀមដាមជេរប្រមាថសាធារណៈ មកលើជនជាតិដើមភាគតិចព្នង ដោយប្រៀបធៀបអតីតស្វាមីរបស់ខ្លួន ជាមួយជនជាតិព្នង ដូចជា មនុស្សឃោឃៅរ ដែលមិនដឹងអី ឬមិនចេះអីជាដើម។

លោក គ្រឿង តុលា បានឲ្យដឹងបន្តថា ចំពោះការប្រើពាក្យព្នងចុងស្រុក ពីសំណាក់អ្នកស្រី ទ្រី ដាណា ហាក់ដូចចង់មាន័យថា មនុស្សគ្មានដឹងអ្វីទាល់តែសោះ និងជាមនុស្សគ្មានទីលំនៅ ជាដើម។ ដូច្នេះហើយ ទើបប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង មិនអាចទទួលបានយកឡើយ។ លោកថា «ចឹងយើងមិនអាចទទួលយកបានទេ ពីព្រោះរឿងជារឿងគ្រួសាររបស់គាត់ បែរជាយកពូនងទៅភ្ជាប់ជាមួយគ្រួសាររបស់គាត់ វាអត់ត្រូវ ចឹងយើងប្ដឹងហ្នឹង មិនមែនយើងប្ដឹងទាមទារសំណង អា ២០ម៉ឺនដុល្លារហ្នឹង គឺដើម្បីសប្បាយទេ ព្រោះយើងអត់ចង់បានទេ ២០ម៉ឺនដុល្លារនោះ អ្វីដែលយើងចង់បាន គឺយើងចង់បានសេចក្ដីថ្លៃថ្នូរ និងកិត្តិយស របស់ជនជាតិភាគដើមភាគតិច​ អំបូររបស់ជនជាតិដើមភាគតិចពូនង តែម្ដង»។

តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នងរូបនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរីភាគច្រើន បានបង្ហាញការមិនពេញចិត្តសោះឡើយ ចំពោះការនិយាយជេរប្រមាថជាសាធារណៈ ពីសំណាក់អ្នកស្រី ទ្រី ដាណា មកលើជនជាតិដើមភាគតិចព្នងបែបនេះ។ លោក គ្រឿង តុលា បានឲ្យដឹងបន្ថែមថា «មានន័យថា ជាទូទៅ គឺយើងមិនពេញចិត្តនោះទេ ជាទូទៅយើងស្ទង់មតិមើល គឺគេមិនពេញចិត្ត ៩៩ភាគរយ លើកលែងតែអ្នកមិនទាន់ដឹង ពីព័ត៌មានហ្នឹងទេ ដែលគាត់មិនទាន់ចូលរួម ជាមួយយើង»។

ទោះជាបែបណាក៏ដោយ តុលាការខេត្តមណ្ឌលគិរី មិនទាន់ឃើញមានចំណាត់បែបណា នៅឡើយទេ ហើយតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង ក៏នៅរង់ចាំចំណាត់របស់តុលាការដែរ។ លោក គ្រឿង តុលា បានលើកឡើងថា «ចំណុចនេះ គឺជានីតិវិធីរបស់តុលាការទេ ហើយជានីតិវិធីរបស់សមត្ថកិច្ចទេ យើងមិនដឹងនីតិវិធីរបស់គាត់ទេ ព្រោះនីតិវិធីរបស់គាត់ គាត់ថា ចង់ហៅ ១ខែ ២ខែ ឬ ៣ខែ អាហ្នឹងជាឆន្ទានុសិស្ស របស់ក្រសួង ឬក៏ស្ថាប័នសាមីហ្នឹង»។

សូមជម្រាបថា ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា អ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។

ក្នុងពាក្យបណ្ដឹង ដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់ថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ឈ្មោះ ទ្រី ដាណា បានឡាយក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈ និយាយអំពីលក់ផលិតផល និងអតីតប្ដីរបស់ខ្លួនឈ្មោះ (ម៉ៅ) ហើយនៅពេលដែលអ្នកស្រី ទ្រី ដាណា និ​យាយអំពីអតីតប្ដីរបស់ខ្លួននោះ គឺអ្នកស្រីបានពោលពាក្យទៅកាន់អតីតប្ដីថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយ ដល់ពូជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច។

លើសពីនេះទៀត ក៏បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយសរួម ព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានសំណូមពរដល់ប្រធានតុលាការថា៖ ទី១. សុំឲ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។ ទី២. សុំឲ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល។ ទី៣. សុំឲ្យសងជំងឺចិត្តចំនួន ២០០,០០០ (ម្ភៃម៉ឺនដុល្លារ) គត់។

ចំណែកឯកាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នងចំនួន ១៥នាក់ ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីប្ដឹងម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Ream Socheata និងម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ព្រហ្ម ស៊ីណែត និងបក្ខពួកពីបទ «ជេរប្រមាថមាក់ងាយ ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ ដែលបានចូលផ្ដល់មតិយោបល់ នៅលើគេហទំព័រមួយ ដែលមានឈ្មោះថា TOP STAR បាន Post និងផ្សព្វផ្សាយពីពាក្យបណ្ដឹង របស់តំណាងជនជាតិដើមភាគតិចពូនង៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម