ព័ត៌មានជាតិ
អាជ្ញាធរគ្រឿងញៀន ស្នើឱ្យពិនិត្យឡើងវិញការនាំចូលសារធាតុគីមីផ្សំវេជ្ជសាស្រ្ត អាចកែច្នៃចេញជាគ្រឿងញៀន
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការត្រួតពិនិត្យបន្ថែមទៀតលើមុខទំនិញវេជ្ជសាស្រ្តដែលនាំចូលពីក្រៅប្រទេសចូលមកកម្ពុជា អាចកែច្នៃចេញជាគ្រឿងញៀនបាន ដើម្បីបង្ការទប់ស្កាត់ កុំឱ្យប្រទេសកម្ពុជា ក្លាយទៅជាគោលដៅសំខាន់ នៃផលិតគ្រឿងញៀន។

ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវរកឃើញ នៅតាមរោងចក្រ និងសហគ្រាសមួយចំនួន បាននាំចូលសារធាតុគីមីផ្សំវេជ្ជសាស្រ្តមួយចំនួន ដែលអាចកែច្នៃ និងផលិតជាគ្រឿងញៀនបាន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ ស្ដីពីការពង្រឹងយន្តការអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៥ មករា នេះនៅទីស្ដីការគណៈរដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធាន អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រុមឈ្មួញជួញដូរគ្រឿង និងក្រុមអ្នកផលិតគ្រឿងញៀន បានផ្លាស់ប្ដូរទិសដៅ ពីការដឹកជញ្ជូនគ្រឿងញៀនពីតំបន់មួយទៅមួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត មកផលិតគ្រឿងញៀននៅក្នុងតំបន់វិញ ដើម្បីងាយស្រួលក្នុងការចែកចាយ។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ការដែលក្រុមឈ្មួញ និងក្រុមអ្នកផលិតគ្រឿងញៀន ផ្លាស់ទិសដៅផលិតនៅនឹងកន្លែងបែបនេះ គឺដោយសារតែវិបត្តិជំងឺកូវីដ១៩ ជាសកល ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញ ឬការដឹកជញ្ជូនគ្រឿងញៀន មានការរិតបន្តឹងខ្លាំងនៅតាមតំបន់ព្រំដែន ទាំងជើងគោក ជើងទឹក និងជើងអាកាស។ លោក ឧបនាយករដ្ឋមន្រ្តី បានស្នើដល់ក្រសួងសុខាភិបាល ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាក់ព័ន្ធទាំងអស់ឱ្យធ្វើការពិនិត្យឡើងវិញចំពោះ ការនាំចូលសារធាតុគីមីផ្សំវេជ្ជសាស្រ្តមួយចំនួនដូចជាសារគីមីផ្សំ និងថ្នាំវេជ្ជសាស្រ្តមួយចំនួនដែលអាចកែច្នៃចេញជាគ្រឿងញៀនបាន ដើម្បីបង្ការទប់ស្កាត់ កុំឱ្យប្រទេសកម្ពុជា ក្លាយទៅជាគោលដៅសំខាន់ នៃផលិតគ្រឿងញៀន។

ចំណែក លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សម្រាប់កិច្ចការងារត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀននេះ ក្រសួងសុខាភិបាល បានធ្វើការយ៉ាងជិតស្និតបំផុតជាមួយ អង្គការសុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្រៅប្រទេស ក្នុងការផ្លាស់ប្ដូរព័ត៌មានជូនគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងការនាំចូលសារធាតុគីមីផ្សំ មកផលិតជាឱសថនៅក្នុងប្រទេសកម្ពុជា ខណៈឱសថញៀនក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេស ដើម្បីព្យាបាលអ្នកជំងឺ។
លោកស្រី បានបញ្ជាក់ថា នៅកម្ពុជាមានរោងចក្រត្រឹម១០ភាគរយតែប៉ុណ្ណោះ ដែលអាចមានសមត្ថភាពផលិតចេញជាឱសថ ខណៈ៩០ភាគរយទៀត គឺនាំចូលឱសថដែលផលិតរួចជាស្ថាពរពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ ចំពោះរោងចក្រដែលក្រសួងអនុញ្ញាតនោះ គឺមន្រ្តីជំនាញមានការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ទាំងការនាំចូល និងការផលិតឱសថ មុននឹងអនុញ្ញាតឲ្យម្ចាស់រោចក្រ និងសហគ្រាស ចែកចាយឱសថដែលបានស្នើសុំការផលិតនោះ លក់នៅលើទីផ្សារ។
គួរបញ្ជាក់ថា នៅចុងឆ្នាំ២០២១កន្លងទៅនេះ កម្លាំងនគរបាលជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំបែកសំណុំរឿងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយករណី ដែលក្រុមឧក្រិដ្ឋជនបម្រុងនាំចេញទៅក្រៅប្រទេស បានដោយជោគជ័យ និងឈានទៅដល់ការរឹបអូសគ្រឿងញៀនប្រភេទ កេតាមីន (ម្ស៉ៅខេ) សរុបជាបន្ដបន្ទាប់ជាង២តោន នៅក្រុមហ៊ុន ស៊ីន យិនហ្វេង (ខេមបូឌា) អ៊ិនដាស់ស្រ្ទី ខូអិលឌីធី មានទីតាំងស្ថិតនៅ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយដកហូតបាន សារធាតុគីមីផ្សំ ៩ប្រភេទ ទម្ងន់៨៤តោន ៤៥៤គ.ក្រ ១៦៥ក្រាម និងម៉ាស៊ីន ឧបករណ៍ សម្រាប់ផលិតកែច្នៃ គ្រឿងញៀន មួយចំនួនធំ ។ ថ្មីៗនេះ សមត្ថកិច្ចជំនាញ ក៏បានបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង៣៧០ក្រាមផងដែរ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ