Connect with us

ព័ត៌មានជាតិ

ក្រសួងណែនាំឱ្យគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច គោរពប្រតិបត្តិស្តង់ដារ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡាបានណែនាំឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សា និងអ្នកផ្តល់សេវាអប់រំកុមារតូចទាំងអស់ ត្រូវចូលរួមត្រួតពិនិត្យ និងរៀបចំគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រប់ទីកន្លែងផ្តល់សេវាអប់រំកុមារតូច ដោយផ្តោតការយកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់នូវ“គោលការណ៍ប្រតិបត្តិស្តង់ដារ(SOP)ក្នុងបរិបទកូវីដ-១៩» របស់ក្រសួងចុះថ្ងៃទី០៤ខែសីហា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅថ្ងៃទី៦មករានេះថា ឆ្នាំសិក្សាថ្មី២០២១-២០២២នេះ ដំណើរការនៃការអប់រំកុមារតូចនៅតែផ្តោតសំខាន់លើការអភិវឌ្ឍផ្នែកទាំង៥រួមមាន សុខភាពរាងកាយ ភាសា បញ្ញា ការគិតសង្គម អារម្មណ៍ ការអភិវឌ្ឍសីលធម៌ និងវប្បធម៌ ដោយផ្អែកលើមុខវិជ្ជាចិត្តចលភាព វិទ្យាសាស្ត្រសិក្សាសង្គម បុរេគណិតវិទ្យា និងភាសាខ្មែរ ដើម្បីសម្រេចបានលទ្ធផលសិក្សារបស់កុមារស្របតាមគោលបំណងនៃកម្មវិធីសិក្សាលម្អិតសម្រាប់មតេ្តយ្យសិក្សាឈានឆ្ពោះទៅសម្រេចបានចំណុចដៅក្នុងផែនការយុទ្ធសាស្ត វិស័យអប់រំឆ្នាំ២០១៩-២០២៣។ លោកបន្តថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០ ធានាថា កុមារី និងកុមារាទាំងអស់ទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សាការថែរក្សា ការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាព។

លោក រស់ សុវាចា បានបន្ថែមថា ការប្រព្រឹត្តទៅនៃគ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូច ក្នុងពេលប្រព្រឹត្តទៅនៃដំណើរការសិក្សាគណៈគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សា និងអ្នកផ្តល់សេវាអប់រំ កុមារតូចគ្មានសិទ្ធិបិទគ្រឹះស្ថានសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូច ដោយគ្មានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡានោះទេ ទោះបីក្នុងប្រការណាក៏ដោយ។

លោកបានបញ្ជាក់ថា ក្នុងករណីប្រធានសក្ដិ ដូចជា ការឆ្លងជំងឺកូរីដ-១៩ ទឹកជំនន់ ខ្យល់ព្យុះ ជាដើម នាយក នាយិកាសាលារៀនត្រូវធ្វើរបាយការណ៍បន្ទាន់ជូនក្រសួងអប់រំ យុវជន និងកីឡា ដោយមានការឯកភាពពីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីសុំការអនុញ្ញាតផ្អាកដំណើរការសិក្សាជាបណ្ដោះអាសន្ន។

បើតាមអ្នកនាំពាក្យរូបនេះ គ្រប់សាលារៀនត្រូវពង្រឹងការអនុវត្តកាលវិភាគវិមជ្ឈការកាលវិភាគ និងប្រក្រតីទិនសិក្សាឱ្យបានត្រឹមត្រូវចៀសវាងបាតុភាពឈប់ ឬបិទសាលារៀនមុនពេលកំណត់និងចូលរៀនក្រោយពេលកំណត់។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២តទៅ កម្ពុជានឹងបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ជាមួយនឹងការបើកមតេ្តយ្យសិក្សា ដែលមានអាយុ ចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ឪពុកម្តាយ ឬអាណាព្យាបាលសិស្សទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលខ្លាំងនិងបានឆ្លងចូលកម្ពុជាច្រើនករណីហើយដែរ។ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា «ខ្ញុំស្នើថា ឲ្យប្រយ័ត្នមែនទែនរឿងអូមីក្រុងជួនកាលយើងនៅក្នុងផ្ទះ វាចម្លងទៅកូនដល់កូនទៅមតេយ្យវាជាភ្នាក់ងារចម្លងទៅកុមារដទៃទៀត អ៊ីញ្ចឹងទេឪឬម្តាយដែលកើតអូមីក្រុង ត្រូវទៅពេទ្យ ដើម្បីកុំឲ្យឆ្លងទៅកូនហើយកូនឆ្លងទៅសាលារៀន» ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម