ព័ត៌មានជាតិ
តំណាងកម្ពុជានៅហ្សឺណែវ ៖ “ចំណាត់ការនានារបស់អាជ្ញាធរកម្ពុជា គឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ”
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជា ណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន នៅថ្ងៃទី០៦ ខែមករា នេះ បានបដិសេធចោលទាំងស្រុងនូវការលើកឡើងរបស់អ្នករាយការណ៍ពិសេសចំនួនបួនរូប ពាក់ព័ន្ធការអនុវត្តច្បាប់ ទៅលើសកម្មភាពកូដកម្មខុសច្បាប់ ដែលបានអូសបន្លាយជាច្រើនសប្ដាហ៍នៅកម្ពុជា ដោយអះអាងថា ជាការលើកឡើងដោយគ្មានទំនួលខុសត្រូវ និងបង្កការភ័ន្តច្រឡំ ផ្អែកលើព័ត៌មានតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។
បើតាមលោក អាន សុខខឿន ចំណាត់ការនានា ដែលអាជ្ញាធរកម្ពុជាបានអនុវត្ត គឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ។ លោកថា អ្នករាយការណ៍ពិសេសបាននិយាយយោងអំពីសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែពុំបានលើកឡើងទាល់តែសោះអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាដែលត្រូវបំពេញ មុនកូដកម្មអាចធ្វើឡើង ដោយស្របច្បាប់។ ការពិត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសប្រាប់រួចមកហើយថា បាតុកម្មទាំងនោះពុំស្របច្បាប់ឡើយ។ ទង្វើបែបនេះរបស់អ្នករាយការណ៍ពិសេស ជាន់ឈ្លីសមត្ថកិច្ចជំនាញរបស់គណៈកម្មាធិការទទួលបន្ទុកសេរីភាពបង្កើតសមាគម នៃអង្គការអន្តរជាតិខាងការងារ ដែលទទួលស្គាល់តួនាទីរបស់ស្ថាប័នឯករាជ្យ (ក្រៅពីរដ្ឋាភិបាល) ក្នុងការប្រកាសភាពស្របច្បាប់នៃកូដកម្ម។ លើសពីនេះទៅទៀត ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ទាំងនោះបានលើកឡើងពុំត្រឹមត្រូវថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាភាគីជម្លោះជាមួយបាតុករ។ ធាតុពិត ក្រសួងការងារ គ្រាន់តែដើរតួនាទីជាអ្នកសម្រុះសម្រួលតែប៉ុណ្ណោះ។
នៅមុនការអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវយ៉ាងទទូចស្នើឱ្យនយោជិតដែលធ្វើកូដកម្ម ងាកមកចរចាដោយសន្តិវិធី ត្រង់ទៅត្រង់មក និងបញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់របស់ខ្លួន ដែលអូសបន្លាយពេលជាច្រើនសប្ដាហ៍ និងគំរាមគំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។ ការចោទប្រកាន់របស់អាជ្ញាធរបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានភស្ដុតាងរឹងមាំនិងគ្រប់គ្រាន់ រួមទាំងការឆ្លើយសារភាពរបស់កូដករខ្លះ និងប្រភពហិរញ្ញវត្ថុចិញ្ចឹមចលនារបស់តួអង្គបរទេសមួយចំនួន និងដោយអនុលោមតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញពីប្រទេសលោកខាងលិច។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់សិទ្ធិ និងសេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញទទួលបានការជំនុំជម្រះ រួមទាំងសិទ្ធិទទួលបានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុះជម្រះតាមនីតិវិធីត្រឹមត្រូវ។
លោក អាន សុខខឿន អះអាងថា អ្នករាយការណ៍ពិសេសទាំងនេះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួល ខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ។ ការខកខានថ្លែងដោយចេតនាដូច្នេះ រឹតតែជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេចទាញយកប្រយោជន៍ពីស្ថានការណ៍ កាន់តែគឃ្លើន ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមផ្លាកនៃសិទ្ធិធ្វើបាតុកម្មដោយ សន្តិវិធី។ បាតុកម្មខុសច្បាប់ និងបាតុកម្មទទួលថវិកាឧបត្ថម្ភពីបរទេស ដែលបង្អាក់រំខានដល់សណ្ដាប់ធ្នាប់សាធារណៈ ឬធ្វើឱ្យមានភាពវឹកវរក្នុងសង្គម មិនមែនជាការអនុវត្តសេរីភាពប្រមូលផ្ដុំដោយសន្តិវិធី ដែលស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។
បុគ្គលតាំងខ្លួនជាអ្នកជំនាញសិទ្ធិមនុស្សខាងលើ ដែលពុំមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ប៉ុន្តែធ្វើការក្នុងសមាសភាពផ្ទាល់ខ្លួន តែងមានអារម្មណ៍យល់ឃើញថា អ្វីៗគួរត្រូវបានអនុវត្ត ផ្អែកលើទ្រឹស្ដីសិទ្ធិមនុស្សរបស់ខ្លួន។ ក៏ប៉ុន្តែ តើពួកគេនឹងទទួលខុសត្រូវដែរឬទេប្រសិនបើការពិសោធន៍ទស្សនៈរបស់ពួកគេបរាជ័យនោះ ? ការអនុវត្តច្បាប់ គឺជាប្រការចាំបាច់ ដើម្បីការពារដល់ពលរដ្ឋដែលគោរពច្បាប់ និងបង្ការពីភាពច្រំដែលនៃអតីតកាលដ៏ឈឺចាប់ ខ្លោចផ្សារបស់កម្ពុជា ក៏ដូចជាសោកនាដកម្មនានាដទៃទៀតនៅពេលថ្មីៗនេះ នៅតាមបណ្ដាប្រទេសមួយចំនួន ដែលបណ្ដាលមកពីការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុង ក្រោមហេតុផលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ជាមួយគ្នានោះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានក្រើនរំលឹកអ្នករាយការណ៍ពិសេសឱ្យគោរព “ក្រមប្រតិបត្តិសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស” និងធ្វើការដោយផ្អែកលើមូលដ្ឋាននៃការពិត ជាជាងការបំភ្លៃព័ត៌មាន។ អ្នករាយការណ៍ពិសេស ក៏ត្រូវចៀសវាងពីការធ្វើអត្ថាធិប្បាយនានា ដែលគ្មានទំនួលខុសត្រូវ និងពីការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន ដោយពុំលើកឡើងពីការពិត និងពុំមានការផ្ទៀងផ្ទាត់ ចំពោះរដ្ឋអធិបតេយ្យឡើយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ