ព័ត៌មានជាតិ
ស្រុកវាលវែងពេញនិយមអភិវឌ្ឍរីសត តម្រូវចិត្តអ្នកទេសចរផ្សងព្រេង
រីសតមិនក្រោម ១០ កន្លែងទេបានអភិវឌ្ឍនៅស្រុកវាលវែង ខណៈស្រុកដែលជាប់ឈ្មោះជាស្រុកទេសចរណ៍ល្បីបំផុតនៅខេត្តពោធិ៍សាត់ កំពុងមានការវិនិយោគអភិវឌ្ឍជាច្រើនដើម្បីបម្រើដល់កំណើនភ្ញៀវទេសចរ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្រុកវាលវែងទទួលបានការចាប់អារម្មណ៍ ក្រោយកំណាត់ផ្លូវជាតិលេខ ៥៥ បានស្ថាបនារួចដែលធ្វើឲ្យស្រុកព្រៃភ្នំនេះកាន់តែទាញទាញភ្ញៀវទេសចរសម្រុកធ្វើដំណើរមកកម្សាន្តកាន់តែច្រើន។
បើតាមមន្រ្តីទេសចរណ៍ខេត្តរូបនេះ នៅស្រុកវាលវែងបច្ចុប្បន្នមានការអភិវឌ្ឍរីសតមិនក្រោម ១០ កន្លែងទេទាំងផ្លូវការ និងមិនផ្លូវការ ហើយកំពុងមានការសាងសង់បន្តបន្ទាប់។ តាមការសង្កេតរបស់មន្រ្តីទេសចរណ៍ខេត្តរូបនេះ ភ្ញៀវទេសចរបច្ចុប្បន្នភាគច្រើននិយមស្នាក់នៅតាមរីសតជាជាងតាមសណ្ឋាគារ ស្របពេលដែលភូមិសាស្រ្តស្រុកវាលវែងមានធម្មជាតិទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល អំណោយផលសម្រាប់ទេសចរណ៍ផ្សងព្រេង។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/IMG_1182-1024x683-1.jpg)
លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា តាមកន្លែងស្នាក់នៅភាគច្រើនមានភ្ញៀវកក់ពេញៗ ហើយបើភ្ញៀវចង់មកកម្សាន្តមានកន្លែងស្នាក់នៅ យ៉ាងហោចណាស់ក៏ត្រូវកក់មុនមួយខែដែរ។
ស្រុកវាលវែងបានជាប់ឈ្មោះជាស្រុកទេសចរណ៍ល្បី និងទាក់ទាញរបស់ខេត្តពោធិ៍សាត់។ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ ទឹកដីស្រុកវាលវែង កំពុងអភិវឌ្ឍខ្លួនលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋានតំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសក៏ជាប់នឹងខេត្តត្រាតប្រទេសថៃ។
ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ នឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែង។ ជម្រើសទីមួយ ប្រសិនបើធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ ចេញពីរង្វង់មូលប្រមោយប្រមាណ ៣០គីឡូម៉ែត្ររួចមក រនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ឆ្លងកាត់តំបន់ភ្នំ១៥០០ ផ្លូវបត់បែនឡើងទម្លុះដល់ឃុំថ្មដាដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/CB5B88F7-42BB-4000-9A9E-BE7D9CE3355F-1024x576.jpeg)
នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។
បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតនឹងមាត់ផ្លូវធ្វើដំណើរ មិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។
ចេញពីទឹកធ្លាក់ថ្មដាតូច ភ្ញៀវទេសចរនឹងបានទៅដល់ស្ទឹងមេទឹក ដែលជាទីគយគន់ទេសភាពមួយបែបផ្សេងទៀត នៅតាមមាត់ស្ទឹង និងក្បែរៗតំបន់នេះ គឺមានរមណីយដ្ឋានទេសចរណ៍ ពិសេសៗជាច្រើនទៀត ក្នុងនោះមានដូចជា ផារ៉ាដាយរីស៊ត, តំបន់អភិវឌ្ឍន៍ ឡុង វឌ្ឍនា ប្រាក់ សុជាតា អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក, តំបន់អភិវឌ្ឍន៍ អឹមឌីអេស ដែលមានកន្លែងសម្រាក បោះតង់ មានទឹកអូរហូររ៉ឹមៗ មានសេវាកម្មម្ហូបអាហារ និងទីទស្សនាទេសភាពជាច្រើនទៀត ពោលគឺ ៣៦០ដឺក្រេតែម្ដង។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/251832941_328086509119675_2455779183571959064_n-1024x768.jpg)
ការជិះកាណូត ឬទូកទស្សនាកម្សាន្តនៅតាមដងស្ទឹងមេទឹក ក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ ពីព្រោះសម្រស់ធនធានធម្មជាតិនៅអមសងខាងស្ទឹង សុទ្ធតែអាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ដល់មិត្តអ្នកទេសចរគ្រប់ៗគ្នា។
ចេញពីតំបន់ស្ទឹងមេទឹកនេះ ភ្ញៀវទេសចរអាចឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណីជាប់មាត់សមុត្រ និងមានរបស់របរមួយចំនួនទៀត។
ក្រៅពីតំបន់វាលវែង ខេត្តពោធិសាត់មានតំបន់ទេសចរណ៍ច្រើនកន្លែងមានទាំងកែច្នៃ ប្រវត្តិសាស្រ្តនិងធម្មជាតិ។ បើតាមឯកសារដែលកម្ពុជាថ្មីទទួលបាន តំបន់ទេសចរណ៍នៅខេត្តពោធិ៍សាត់មានជាង ៤០ កន្លែងមានឈ្មោះដូចជា៖
១/ រមណីយដ្ឋានទេសចរណ៍
-បុរីវប្បធម៌កោះសំពៅមាស ជារមណីយដ្ឋានកែច្នៃមានទីតាំងស្ថិតនៅភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
-បូជនីយដ្ឋានប្រវត្តិសាស្រ្តលោកឧកញ៉ាឃ្លាំងមឿង និងលោកជំទាវខាន់ ខៀវ មានទីតាំងនៅភូមិកំពង់ស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ចម្ងាយជាង ៦ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិភ្នំនាគស មានទីតាំងនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ មានចម្ងាយជាង ៦៧ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-កសិទេសចរណ៍ភូមិកប៉ាស់លើ ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិកប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ចម្ងាយជាង ៦០ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ឋានសួគ៌ច្រកល្អៀង ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ចម្ងាយជាង ៧១ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានធម្មជាតិ មានទីតាំងនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ចម្ងាយជាង ៧៣ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ភ្នំលាងត្រាច ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ មានចម្ងាយជាង ៤៩ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ភ្នំបាយឃ្លះ ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ មានចម្ងាយជាង ២៥ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ភ្នំបាក់ត្រា ជារមណីយដ្ឋានធម្មជាតិ មានទីតាំងនៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ចម្ងាយជាង ១៦ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ទំនប់ឈើតោក ជារមណីយដ្ឋានធម្មជាតិ មានទីតាំងនៅភូមិស្រៃពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ចម្ងាយជាង ៣១ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-អូរដា ជារមណីយដ្ឋានធម្មជាតិ មានទីតាំងនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ចម្ងាយជាង ៥៦ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ល្បាក់កំរោញ ជារមណីយដ្ឋានធម្មជាតិមានទីតាំងនៅភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ មានចម្ងាយជាង ៤៨ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-សួនកម្សាន្តតាលោសែនជ័យ ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ចម្ងាយជាង ២៨ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-រីសតកូនភ្នំអន្លង់រាប ស្ថិតនៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ចម្ងាយជាង ១២២ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-បុប្ផាលាក់ខ្លួន ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ចម្ងាយជាង ១៣៤ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ទឹកធ្លាក់ថ្មដាតូច មានទីតាំងនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ចម្ងាយជាង ១៦៣ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ទឹកធ្លាក់ថ្មដាធំ មានទីតាំងនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ចម្ងាយជាង ១៩៩ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ហ្គោឌិនហៀលរីសត មានទីតាំងនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចម្ងាយជាង ១៦១ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់
-អូរសោមជីលីរីសត មានទីតាំងនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចម្ងាយជាង ១៦១ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-ក្រវាញរីសត មានទីតាំងនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចម្ងាយជាង ១៦២ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
-បឹងមាស ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចម្ងាយជាង ១៦៥គីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
ខេត្តពោធិសាត់ក៏មានសហគមន៍ទេសចរណ៍និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងដូចជា៖
-ជំរំសត្វស្លាបបឹងព្រះពន្លៃ
-សហគមន៍ភូមិអណ្តែតទឹកកំពង់លួង
-សហគមន៍ទេសចរណ៍រាំងទិលគ្រួសារខ្ញុំ
-សហគមន៍អេកូទេសចរណ៍រាំងខ្វាវ
-សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ
-អេកូទេសចរណ៍ធម្មជាតិតំបន់អូរសោម
-ទឹកធ្លាក់ថ្មចាំង
ក្រៅពីនេះ មានកន្លែងសក្តានុពលទេសចរណ៍ដូចជាវត្តគីរីបរវង្សមានជ័យ វត្តបាកានដែលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងល្អាង ១២ ជារមណីយដ្ឋានវប្បធម៌ធម្មជាតិ។
ដោយឡែករមណីយដ្ឋានកសិទេសចរណ៍ក៏មានជាច្រើនកន្លែងដែរដូចជាចម្ការផ្លែឈើច្រកល្អៀង រមណីយដ្ឋានកសិទេសចរណ៍ចម្ការក្រូចពោធិ៍សាត់ និងតំបន់កសិទេសចរណ៍ចម្ការទុរេនជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?