ព័ត៌មានជាតិ
អង្គអនុសំវច្ឆរមហាសន្និបាត៖ ហាមព្រះសង្ឃចូលរួម ដង្ហែជាក្បួនបាតុកម្ម កូដកម្ម កុបកម្ម ក្នុងទីសាធារណៈ
ព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះចៅអធិការវត្តស្វាយជ្រុំ បានមានសង្ឃដីកាថា បព្វជិតពុទ្ធសាសនាកម្ពុជាមានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែមិនត្រូវធ្វើ ឬចូលរួម ដង្ហែជាក្បួនបាតុកម្ម កូដកម្ម កុបកម្ម ក្នុងទីសាធារណៈ ដែលជាហេតុនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ ភេទជាអ្នកបួស ប៉ះពាល់ ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ការលើកឡើងរបស់ព្រះឃោសធម្ម លន់ សុគន្ធា ធ្វើឡើងកាលពីរសៀលថ្ងៃទី ១១ ខែមករា នៅក្នុងពិធីផ្សព្វផ្សាយអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី ២៩ នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ។
ព្រះឃោសធម្ម លន់ សុគន្ធា បានបន្តថា អង្គអនុសំវច្ឆរមហាសន្និបាត បានសម្រេចដាក់ចេញនូវសង្ឃប្រកាសសម្រាប់អនុវត្តក្នុងឆ្នាំខាងមុខ ដែលមានខ្លឹមសារ ដូចខាងក្រោម៖ ១-បន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមក និងលិខិតបទដ្ឋាន គតិយុត្តិនានាដែលនៅជាធរមាន។ ២-ជំរុញ និងលើកទឹកចិត្តពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចលនាមហាជនឱ្យចូលរួមបដិបត្តិសមថ-វិបស្សនាកម្មដ្ឋានឱ្យមានបរិមាណច្រើននៅទូទាំងប្រទេស សំដៅអប់រំបញ្ញាឱ្យមានសុខុមាលភាព និងភាព ឯសុខស្ងប់ផ្នែកផ្លូវចិត្ត។ ៣-ពង្រឹងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត (បឋម មធ្យម ឧត្តម និងក្រោយឧត្តម)។

៤-ពង្រឹងការបដិបត្តិធម៌វិន័យរបស់ភិក្ខុ-សាមណេរក្នុងពុទ្ធសាសនមណ្ឌលកម្ពុជា ។ ៥-បព្វជិតពុទ្ធសាសនាកម្ពុជាមានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែមិនត្រូវធ្វើ ឬចូលរួម ដង្ហែជាក្បួនបាតុកម្ម កូដកម្ម កុបកម្ម ក្នុងទីសាធារណៈ ដែលជាហេតុនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ ភេទជាអ្នកបួស ប៉ះពាល់ ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ការសម្តែងធម៌ទេសនាត្រូវធ្វើឡើងតាមក្រឹត្យក្រមធម៌វិន័យរបស់អ្នកបួស មិនត្រូវយកធម៌ទៅសម្តែងបែបកំប្លុកកំប្លែង ប្រាសចាកគោលធម៌ វិន័យ អង្គនៃធម្មកថិក និងវាចារបស់អ្នកបួសឡើយ។ ៦-ភិក្ខុ សាមណេរក្នុងពុទ្ធសាសនមណ្ឌលនៃកម្ពុជរដ្ឋ ត្រូវមានក្រឹត្យក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តិ ចំពោះគ្រូឧបជ្ឈាយាចារ្យ និងប្រមុខដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់។ ៧-គម្ពីរព្រះត្រៃបិដកជាទីប្រជុំចុះនៃពុទ្ធវចនៈ រីឯគម្ពីរអដ្ឋកថា ដីកា និងយោជនា គឺជាសេចក្តីពន្យល់របស់ ព្រះអរហន្តទៅលើខ្លឹមសារព្រះត្រៃបិដក ដូច្នេះគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួង ធម្មការ និងសាសនា បន្តរៀបចំបង្កើតគណៈកម្មាធិការក្រុមជំនុំព្រះត្រៃបិដក ដើម្បីបកប្រែគម្ពីរអដ្ឋកថា ដីកា យោជនាពី បាលីភាសាមកជាខេមរៈភាសា សំដៅឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងការសិក្សាព្រះធម៌វិន័យ ឱ្យបានទូលំទូលាយ ច្បាស់លាស់និងស៊ីជម្រៅបន្ថែមទៀត។
ក្នុងពិធីនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ពិធីអនុសំវច្ឆរ នៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្តដាក់ខ្ពស់បំផុត ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពល រដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល ។

លោកអភិបាលខេត្តបានបញ្ជាក់ថា តាមស្មារតីអង្គអនុសំវច្ឆរមហាសន្និបាត លើកទី ២៩ នេះ នឹងបានជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសក៍ដឹកនាំ ឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរជូនជាតិ មាតុភូមិ ប្រជាជន និង ព្រះពុទ្ធសាសនា ដោយឆន្ទៈប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសង្ឃប្រកាស ដែលបានដាក់ចេញ ដោយគណៈសង្ឃ នៃគណៈមហានិកាយ នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ និងអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ទៀត។

លោកអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ក្នុងខេត្ត ត្រូវបន្តអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ ៣ កុំ និង ៣ ការពារ ពីព្រោះបច្ចុប្បន្ននេះពិភពលោកកំពុងតែកើតមានបី វីរុស បំប្លែងថ្មីមួយទៀត គឺប្រភេទ អូមីក្រុង ដែលវីរុស នេះវាឆ្លង លឿន ជាង វីរុសប្រភេទ ដែលតា (Delta) គួរឱ្យព្រួយបារម្ភ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃទាំងអស់ ត្រូវមានអនាម័យ ត្រូវតែពាក់ម៉ាសជានិច្ច ពិសេសគឺត្រូវទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា