Connect with us

ព័ត៌មានជាតិ

ព្រះគណេស​​ មាន​តម្លៃ​បំផុតចំណោមវត្ថុទាំង១០ លើ​លោក វិល​មក​ទឹកដី​ខ្មែរ​វិញ

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី១២ ខែមករា បានឲ្យដឹងថា ដោយអនុលោមតាមអនុស្សារណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញនាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្តីក្នុងតុលាការ ពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរចំនួន២៨រូប ដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។

វត្ថុបុរាណទាំងនោះរួមមាន រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទ​ក្នុង​រមណីយដ្ឋានប្រាសាទ​កោះកេរ។ ផ្អែកតាមសាក្សីបានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញ ពីប្រាសាទអស់រយៈពេលប្រមាណ​ពីរទសវត្សរ៍មកហើយ។ 

ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុ (Antiquities Coalition) បានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ ដែលត្រូវបានគេលួច។ 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា រូបចម្លាក់ព្រះគណេស គឺជាគំរូដ៏ល្អឯកមួយទៀតរបស់បុព្វបុរសខ្មែរយើង។ ព្រះគណេស គឺជាទេពហិណ្ឌូដែលមានព្រះសិរជាសត្វដំរី និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយអំពីឬទ្ធិអំណាចរបស់ព្រះអង្គ ជាទេពនៃចំណេះដឹង និងកំចាត់ឧបសគ្គ ហើយការវិលត្រឡប់មកមាតុប្រទេសវិញគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។

វត្ថុបុរាណដទៃទៀតមានដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមា ព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សទី១០ និងបដិមាព្រះនាងលក្ស្មី ធ្វើពីសំរិទ្ធ សតវត្សទី១០។

ការបញ្ជូនត្រឡប់មកវិញនេះ គឺបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរយើង ដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម។

លោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា “យើងមានសេចក្ដីរំភើបរីករាយដែលអ្នកកាន់កាប់សមុច្ច័យឯកជន បានយល់ព្រមផ្តល់កិច្ចសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការបញ្ជូនមកវិញនូវសមុច្ច័យដ៏សំខាន់ នៃរូបចម្លាក់ខ្មែរដែលបានទិញពីអ្នកកាន់កាប់ និងជួញដូរវត្ថុបុរាណ គឺលោក Douglas Latanford។ ការប្រគល់មកវិញនូវសមុច្ច័យនេះ គឺជាគំរូមួយ ហើយលោកជំទាវ​ជំរុញលើកទឹកចិត្តដល់អ្នកដែលកំពុងកាន់កាប់សមុច្ច័យឯកជនដទៃទៀត សារមន្ទីរនានា ដើម្បីពិភាក្សាអំពីការប្រគល់មកប្រទេសកំណើតវិញ”។

លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធនានាក្នុងការនាំយកមកវិញនូវសមុច្ច័យដ៏មានតម្លៃទាំងនេះ ជា​ព្រលឹងរបស់បុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតនាសម័យសង្គ្រាម។  

លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាពិសេសដល់ លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងលោក Steven Heimberg នៃក្រុមហ៊ុន Heimberg Barr LLP ដែល​បានចំណាយពេលអស់ជាច្រើនឆ្នាំ ដោយសហការជាមួយក្រុមការងារកម្ពុជា ក្នុងការចរចាដើម្បីនាំយកត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរជាច្រើនដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

លោកជំទាវបាន​បញ្ជាក់​ថា ការបញ្ចូនត្រឡប់មកវិញនូវស្នាដៃឯកសំខាន់ៗនៃមរតកវប្បធម៌ខ្មែរ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទូទៅ ជាពិសេសសម្រាប់កូនខ្មែរជំនាន់ក្រោយ ហើយ​ក៏​រីករាយ​ចំពោះការសម្រេចចិត្តរបស់អ្នកកាន់កាប់សមុច្ច័យឯកជន ដែលបានប្រគល់រតនៈសម្បត្តិ មិនអាចកាត់ថ្លៃបានទាំងនេះមកមាតុភូមិកំណើតវិញ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម