ព័ត៌មានជាតិ
ធនាគារជាតិអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ រៀបចំឥណទានឡើងវិញ ៣៧ម៉ឺនគណនី ស្មើ ៥,៥ ប៊ីលានដុល្លារ
ធនាគារជាតិនៃកម្ពុជា បានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងអាជីវកម្មបានមួយកម្រិត។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងទិសដៅការងារឆ្នាំ២០២២របស់ខ្លួននៅថ្ងៃទី១៣ខែ មករាឆ្នាំ ២០២២ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ទទួលបានភាពអំណោយផលពីការរក្សាបានស្ថិរ ភាពថ្លៃនិងតម្លៃប្រាក់រៀល ដែលបានការពារអំណាចទិញរបស់ប្រជាជននិងរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន ។ អតិផរណា ត្រូវបានរក្សាក្នុងអត្រា ២,៩% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន។ កត្តាចម្បងដែលនាំឱ្យមានអតិផរណាគឺការងើបឡើងវិញនៃថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារ និងថ្លៃទំនិញសំខាន់ៗផ្សេងទៀត បានថយល្បឿន ។ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានបន្តរងសម្ពាធពីភាពទន់ខ្សោយនៃ សកម្មភាពសេដ្ឋកិច្ចដែលបន្ថយតម្រូវការប្រាក់រៀល ការអនុវត្តនយោបាយសារពើពន្ធក៏ដូចជារូបិយវត្ថុវិត្ថារកម្ម ដែលបង្កើនការផ្គត់ផ្គង់ប្រាក់រៀលក្នុងសេដ្ឋកិច្ច គួបផ្សំនឹងនិន្នាការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះ លោក ជា ចាន់តូ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ដែលត្រូវបានគាំទ្រ ដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក បានជំរុញការនាំចេញ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ នៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ៩០% និងការបើកឱ្យមានសកម្មភាពសេដ្ឋកិច្ច ដំណើរការឡើងវិញជាលំដាប់។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លានដុល្លារ ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀល ក្នុងមួយដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ២០១៩ អត្រាប្តូរប្រាក់បានប្រែប្រួលប្រមាណ១%។ ការគ្រប់គ្រងតម្លៃប្រាក់រៀលប្រកបដោយប្រសិទ្ធភាព ត្រូវបានគាំទ្រដោយកម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលមានកម្រិតស្មើនឹងជាង ៨ខែនៃការនាំចូលទំនិញនិងសេវាធៀបនឹងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។
ពាក់ព័ន្ធនឹងសេដ្ឋកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ កម្ពុជានៅឆ្នាំ ២០២១ កើនឡើងក្នុងរង្វង់ ៣% និង រង្វង់ ៥%នៅឆ្នាំ ២០២២នេះ ខណៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា នឹងកើនឡើងប្រមាណ ៤,៨% នៅឆ្នាំ ២០២២នេះ។
ដោយឡែកធនាគារពិភពលោក(World Bank)កាលពីដើមខែ ធ្នូ ២០២១ បានព្យាករណ៍ដែរថាសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១ មានកំណើន២,២% ហើយរំពឹងថា នឹងកើនដល់ ៤,៥% នៅឆ្នាំ២០២២៕ ដោយ៖ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ