អ្នកជំនាញផ្នែកអចលនវត្ថុ បានលើកឡើងថា បច្ចុប្បន្ននេះការវិនិយោគទៅលើផ្ទះលំហែកាយកំពុងមានសន្ទុះយ៉ាងខ្លាំង នៅប្រទេសកម្ពុជាដោយសារមានតម្រូវការខ្ពស់។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា«គំនិតនៃការអភិវឌ្ឍន៍គេហដ្ឋាននិងវីឡាសម្រាប់លំហែកាយ គឺជាដែលកំពុងទទួលបានសន្ទុះនៅក្នុងប្រទេសកម្ពុជា»។
ថ្លែងក្នុងកម្មវិធីបើកឲ្យដំណើរការគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ២របស់ក្រុមហ៊ុន Forest Harmony ដែលមានឈ្មោះថា Golf Harmony កាលពីរាត្រីថ្ងៃទី២៤តុលានៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ លោកបានបន្តថា អ្នកអភិវឌ្ឍន៍កំពុងសម្លឹងមើលការវិនិយោគលើផ្ទះលំហែកាយ ដែលមានទីតាំងស្ថិតនៅតាមតំបន់មាត់សមុទ្រ ភ្នំ និងជួរភ្នំហើយខេត្តព្រះសីហនុ ខេត្តកោះកុង មណ្ឌលគិរី និងខេត្តពោធិសាត់ និងខេត្តផ្សេងៗទៀត។ លោកបានបន្ថែមទៀតថា ការសម្លឹងមើលរបស់អ្នកវិនិយោគនេះ គឺដោយសារប្រជាពលរដ្ឋកម្ពុជាមានជីវភាពល្អប្រសើរ ដោយពួកគេមានលទ្ធភាពកាន់តែច្រើន និងស្វែងរកអចលនទ្រព្យ សម្រាប់សម្រាកលំហែ និងសម្រាប់ចូលនិវត្តន៍។
លោកបានបញ្ជាក់ថា ជាក់ស្តែងអ្នកវិនិយោគបានវិនិយោគផ្ទះលំហែកាយនិងទីលានវាយកូនហ្គោលនៅខេត្តកំពត ដែលជាខេត្តមួយកំពុងក្លាយជាតំបន់ដ៏មានសក្ដានុពលសម្រាប់វិស័យទេស ចរណ៍ ការវិនិយោគអចលនទ្រព្យ និងឱកាសវិនិយោគផ្សេងៗទៀតនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់ៗឲ្យមកលំហែកាយនៅប្រទេសកម្ពុជាសម្រាប់ថ្ងៃឈប់សម្រាកនិងថ្ងៃចុងសប្តាហ៍របស់ពួកគេឲ្យកាន់តែច្រើនថែមទៀត។
លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែលត្រូវបានតែងតាំងជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោង Forest Harmony បានមានប្រសាសន៍ថាគម្រោងអភិវឌ្ឍនេះមានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពតដែលនឹងផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃដីពណ៌បៃតង ដែលនិងក្លាយជាកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិនិងមនុស្ស ដែលមានភាពធុញទ្រាន់ ក្នុងការរស់នៅទីក្រុង។ លោកបានបន្ថែមទៀតថា សម្រាប់ដំណាក់កាលទី ២នេះ ការសាងសង់ទីលានវាយកូនហ្គោល វីឡានិងខុនដូ និងធ្វើឡើងនៅលើផ្ទៃដី ២៧.៣ ហិកតា ហើយរំពឹងថាគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំទៀត។
គួរបញ្ជាក់ថា សម្រាប់ដំណាក់កាលដំបូងនៃគម្រោងរបស់ Forest Harmony រួមមានវីឡាចំនួន ៧៨ ដែលគ្របដណ្តប់លើផ្ទៃដី ១៣ ហិកតា ត្រូវបានបើកការលក់កាលពីខែ ធ្នូ ឆ្នាំ ២០១៩ ហើយគិតមកទល់ពេលនេះវីឡាជាង ៦០ ភាគរយត្រូវបានលក់អស់រួចហើយ៕
អត្ថបទ៖សំអឿន