ព័ត៌មានជាតិ
ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាទន្ទ្រានយកដីក្នុងតំបន់អភិរក្ស
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានធ្វើការព្រមានថា ក្រសួងនឹងចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលរំលោភបំពាន ទន្ទ្រានយកដីដោយខុសច្បាប់នៅតំបន់អភិរក្សពិសេសតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

ថ្លែងអំឡុងពេលដំណើរទស្សនកិច្ចចុះស្វែងយល់អំពីវឌ្ឍនភាពគម្រោងអភិរក្សតំបន់ដីសើម នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅកាលពីថ្ងៃទី១៦មករា លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា គ្មានជនណាម្នាក់មានសិទ្ធិ ទិញលក់ដូរដីក្នុងតំបន់អភិរក្សបានឡើយ ហើយក្រសួង បរិស្ថានបដិសេធទទួលស្គាល់នូវលិខិតទិញដូរខុសច្បាប់ទាំងអស់។
លោកបានបន្តថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន ១៣៨ ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ។

លោកបានបន្ថែមថា «ដូច្នេះយើងត្រូវចូលរួមបន្តទៀតក្នុងការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់នេះ ដោយក្រសួងបរិស្ថានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងធ្វើការជាមួយក្រសួងស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធក្នុងការរៀបចំផែនការគ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការចុះបញ្ជីដីរដ្ឋ រៀបចំហេដ្ឋានរចនាសម្ព័ន្ធ និងការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ធម្មជាតិ ជាដើម ក្នុងគោលបំណងដើម្បីធានាដល់និរន្តរភាពនៃការអភិរក្ស ការប្រើប្រាស់ដោយឈ្លាសវៃនូវតំបន់ដីសើម សម្រាប់លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ»។

លោក នេត្រ ភក្ត្រាបានថ្លែងអំណរគុណចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ដែលតែងតែបានចូលរួមសហការក្នុងការអភិរក្សជីវៈចម្រុះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទំាងអស់បន្តកៀរគរថវិកា សម្រាប់អនុវត្តសកម្មភាពនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ ដើម្បីរក្សាទុកជាឧត្តមប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ។
លោកបានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូបានរួមគ្នាការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយបាននិងកំពុងអនុវត្តសកម្មភាពសំខាន់ៗចំនួន ៤ គឺការអភិរក្សជីវៈចម្រុះ ការលើកម្ពស់ជីវភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។
ជាមួយគ្នានេះដែរលោកបានឱ្យដឹងទៀតថាក្រសួងបរិស្ថាន និងអង្គការដៃគូ បានសាងសង់ស្នាក់ការរងចំនួន១កន្លែងសម្រាប់ពង្រឹងការល្បាតនៅក្នុងតំបន់ សាងសង់អាងទឹកទំហំ១៦ហិកតា ដើម្បីរក្សារទឹកទុកជាអចិន្ត្រៃយ៍សម្រាប់ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹកជាពិសេសសត្វក្រៀល ព្រមទាំងបានធ្វើការដាំព្រៃលិចទឹកទំហំ៥ហិកតា និងដាំម៉ឺមផ្លុងទំហំ២៥ ហិកតា ដែលជាចំណីរបស់សត្វក្រៀល និងបានគ្រប់គ្រងរុក្ខជាតិប្រភេទរាតត្បាត ដូចជាប្រខ្លបយក្ស វល្លិ៍រាតត្បាត និងកំប្លោក ជាដើម។
លោកបាននបន្តថា ជាមួយគ្នាក៏បានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគាត់បញ្ឈប់ការបរបាញ់សត្វ និងរុករានព្រៃនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ បន្ថែមពីនេះ ក៏មានការអប់រំផ្សព្វផ្សាយ និងសិក្សាវាយតម្លៃលើសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការសិក្សាអំពីប្រព័ន្ធជលសាស្រ្តនៅតំបន់នោះ។
លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ដោយសារកិច្ចខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទើបធ្វើឱ្យតំបន់នេះមានការកើនឡើងនូវប្រភេទជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀលខ្យងដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ ក្នុងឆ្នាំ២០២០ ខណៈពួកវាមានចំនួនជាង១០០ក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០០៣។ លើសពីនេះទៅទៀត យើងឃើញមានវត្តមានប្រភេទសត្វស្លាបជិតផុតពូជដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតសត្វស្លាបអន្តរជាតិ មានប្រសាសន៍ថា យើងពិតជាមានមោទភាពណាស់ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការការពារ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។
លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ មានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តតាកែវ បានយកចិត្តទុកដាក់ នៅក្នុងការពារថែរក្សាអភិរក្សជីវៈចម្រុះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះដោយយើងមានមន្ត្រីឧទ្យានុរក្សប្រចាំការ និងចូលរួមសហការជាមួយអាជ្ញារធរមូលដ្ឋាន និងអង្គការដៃគូនានាក្នុងការការពារ អភិរក្ស និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីច្បាប់ និងតម្លៃនៃប្រព័ន្ធអេកូឡូស៊ីរបស់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្កានុពលមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតំាងភូមិសាស្រ្ត ស្ថិតនៅក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។
តំបន់នេះមានការកើនឡើងនូវប្រភេទជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀលខ្យងដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ ក្នុងឆ្នាំ២០២០ បន្ទាប់ពីកាលពីឆ្នាំ២០០៣មានចំនួនជាង១០០ក្បាលប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក៏មានវត្តមានប្រភេទសត្វស្លាបជិតផុតពូជដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ សត្វក្រៀល ត្រយងខ្លួនស ត្រយងខ្លួនរលោង រនៀលពណ៌ ទុងប្រផេះ ជាដើម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ