ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រួលឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញដល់មូលដ្ឋាន និងរោងចក្រ
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ក្រសួងសុខាភិបាលបានប្ដូរយុទ្ធសាស្ត្រថ្មី ដោយរៀបចំជួយសម្រួលការផ្ដល់សេវាចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យកាន់តែខិតជិតមូលដ្ឋានដល់ភូមិប្រជាពលរដ្ឋ និងកម្មកររោងចក្រដែលពិបាកធ្វើដំណើរមកចាក់វ៉ាក់សាំង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យដឹងនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះថា ដើម្បីសម្រួលការលំបាកក្នុងការមកទទួលវ៉ាក់សាំងដូសជំរុញ អាជ្ញាធរ និងមន្ទីរសុខាភិបាលបានសហការគ្នាធ្វើជំរឿនអ្នកបាន និងមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ហើយនៅពេលឆាប់ៗខាងមុខនេះមន្ទីរសុខាភិបាល នឹងរៀបចំក្រុមការងារដើម្បីទៅចាក់វ៉ាក់សាំងដូសជំរុញទៅដល់មូលដ្ឋាន សាលារៀន និងរោងចក្រ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា បញ្ហាដែលនឹងដោះស្រាយរួមគ្នាចំពោះកម្មកររោងចក្រ ដោយសារពួកគាត់រវល់ការងារ ម៉្យាងទៀតម្ចាស់រោងចក្រខ្លះអនុញ្ញាតឱ្យកម្មករទៅចាក់វ៉ាក់សាំង ទាល់តែកម្មករធ្វើការរួចរាល់ ឯម្ចាស់រោងចក្រខ្លះកំណត់រយៈពេលចម្លោះម៉ោងឱ្យកម្មករទៅចាក់វ៉ាក់សាំង ហើយកម្មករខ្លះបានចាក់វ៉ាក់សាំងរួច ប៉ុន្តែមានតែចុងសន្លឹក មិនទាន់មានកាតចាក់វ៉ាក់សាំង ហើយត្រូវយកចុងសន្លឹកទៅប្ដូរវ៉ាក់សាំងជាដើម ដែលត្រូវការចំណាយពេល ឬខុសម៉ោងក្រុមគ្រូពេទ្យផ្ដល់វ៉ាក់សាំង នាំឱ្យជាបញ្ហាក្នុងការរាំងស្ទះការចាក់វ៉ាក់សាំង។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះ បានស្នើរដ្ឋបាលខេត្ត ក្រសួង និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយសម្រួលការងារខាងលើជាមួយភាគីរោងចក្រ ហើយជូនដំណឹងមក លេខាធិការដ្ឋាន របស់ ក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីមន្ទីរសុខាភិបាលខេត្តរៀបចំក្រុមការងារទៅចាក់វ៉ាក់សាំង ដូសជំរុញ ទៅដល់រោងចក្រតែម្ដង ហើយក៏អាចពិនិត្យ និងផ្ដល់វ៉ាក់សាំងដល់អ្នកមិនទាន់ចាក់ដូសទី២ ឬដូសទី១ ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,៤៩%។ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា៖ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៦៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១០៣,៩៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក