ព័ត៌មានជាតិ
ខេត្តកោះកុង ជាធុងអាគុយ មានទំនប់វារីអគ្គិសនីច្រើនជាងគេ
ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០២២នេះ ខេត្តកោះកុងមានទំនប់វារីអគ្គិសនីច្រើនជាងគេរហូតដល់ទៅ ៤ កន្លែង ដែលមានអនុភាពសរុបចំនួន ៧៥២ មេហ្កាវ៉ាត់ក្នុងនោះមានវារីអគ្គិសនីចំនួន ៣ បានដាក់ដំណើរការហើយនៅសល់ ១ ទៀត កំពុងដំណើរការសាងសង់គ្រោងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។
លោក ពេជ ស៊ីយ៉ុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុងបានមានប្រសាសន៍ថា បច្ចុប្ប្ននេះខេត្តកោះកុងមានវារីអគ្គិសនីចំនួន៤រួមមានវារីអគ្គិសនីគីរីរម្យ៣ ដែលមានអានុភាព១៨មេហ្កាវ៉ាត់ វារីអគ្គិសនីស្ទឹងតាតៃមានអានុភាព ២៤៦ មេហ្កាវ៉ាត់ វារីអគ្គិសនីឬស្សីជ្រុំមានអានុភាព៣៣៨មេហ្កាវ៉ាត់ និងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព១៥០មេហ្កាវ៉ាត់ ដែលបានចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១កន្លងទៅនេះ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ខាងមុខ។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា វារីអគ្គិសនីគិរីរម្យ៣ មានអានុភាពផលិតអគ្គិសនី ១៨ មេហ្កាវ៉ាត់ បានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៣ ស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន CETIC International Hydropower Development Co., Ltd.។
វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានអានុភាពផលិតអគ្គិសនី ៣៣៨ មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៥ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុន China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd.។
វារីអគ្គិសនីស្ទឹងតាតៃ មានអានុភាពផលិតអគ្គិសនី ២៤៦ មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៥ មានទីតាំងនៅឃុំតាតៃ ស្រុកកោះកុង និងមានទីតាំងទំនប់ព្រមទាំងអាងទឹក ស្ថិតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុងដែលក្រុមហ៊ុនវិនិយោគ Cambodian Tatay Hydropower Limited។
លោកប្រធានមន្ទីររ៉ែនិងថាមពលបានបន្តទៀតថា វារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព១៥០មេហ្កាវ៉ាត់ មានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China National Heavy Machinery Corporation របស់ចិន លើគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តលើគម្រោងនេះរួចមក។
គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានវិនិយោគក្នុងតម្លៃជាង៣៨៩ លានដុល្លារគឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។
ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។
គម្រោងនេះផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំ លក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង។
គួរបញ្ជាក់ថា ក្រៅពីខេត្តកោះកុង មានទំនប់វារីអគ្គិសនីជាច្រើនទៀតដែលកំពុងដំណើរការនៅកម្ពុជារួមមានទំនប់វារីអគ្គិសនី គីរីរម្យ១មានអនុភាព១២ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទំនប់វារីអគ្គិសនីកំចាយ មានអនុភាព១៩៣ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តកំពត ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១១ ទំនប់វារីអគ្គិសនី ស្ទឹងអាតៃមានអនុភាព១២០ មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១៣ និងទំនប់វារីអគ្គិសនីសេសានក្រោម២មានអនុភាព៤០០ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តស្ទឹងត្រែង បានចាប់ផ្ដើមដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៨។
លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២នេះមិនមានក្រុមហ៊ុនវិនិយោគថ្មីស្នើសុំសាងសង់ទំនប់វារីអគ្គិសនីនោះទេ ពោលគឺមានគម្រោងចាស់ចំនួនពីរកំពុងដំណើរការសាងសង់រួមមាន ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដែលមានអនុភាព៨០មេហ្គាវ៉ាត់នៅខេត្តពោធិសាត់ និងគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុងដែលមានអានុភាព១៥០មេហ្កាវ៉ាត់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ