ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ មានមូលដ្ឋានសំខាន់ ២ ជាការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-នេប៉ាល់
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអះអាងថា មានមូលដ្ឋានសំខាន់ៗ ចំនួន២ ដែលជាការរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងនេប៉ាល់មកដល់សព្វថ្ងៃនេះ។ ការលើកឡើងរបស់សម្តេចក្រឡាហោមនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតប្រទេសនេប៉ាល់ទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជាកាលពីរសៀលថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២២នៅទីស្តីការក្រសួង។

មូលដ្ឋានសំខាន់ៗ ចំនួន២ នេះ គឺរួមមាន ទី១. ផ្អែកលើមូលដ្ឋាននៃការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ច ទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចនោះ ក៏នាំដល់ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យធំៗ ដូចជា វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម ។ ទាំងនេះ គឺជាមូលដ្ឋានទីមួយដែលបង្កើតនូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទី២. គឺកត្តាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរដោយសារតែប្រទេសកម្ពុជា មានប្រជាជនភាគច្រើនប្រមាណ ៩០% បានប្រកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនានេះ ក៏ជាសាសនា ដែលត្រូវបានប្រជាពលរដ្ឋនេប៉ាល់គោរពប្រតិបត្តិផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានប្រាប់ឯកអគ្គរដ្ឋទូតនេប៉ាល់ពីកិច្ចការសំខាន់ៗមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដែលរួមមាន វិស័យសន្ដិសុខ និងការងារសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោម បានសម្ដែងនូវសេចក្ដីសង្ឃឹម ក៏ដូចជា ចំណាប់អារម្មណ៍ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទាំងនេះជាមួយប្រទេសនេប៉ាល់ ដែលកិច្ចការនេះ អាចនឹងធ្វើឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកទៅលើការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការចែករំលែកបទពិសោធន៍ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ សម្តេច ស ខេង ក៏បានអះអាងពីកិច្ចការមួយចំនួនដែលក្រសួងមហាផ្ទៃកំពុងតែដឹកនាំអនុវត្ត រួមមាន ការងារកំណែទម្រង់នគរបាលជាតិ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចការទាំងពីរនេះ ក្រសួងមហាផ្ទៃ បាននិងកំពុងអនុវត្ត ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រហូតមកដល់ពេលនេះ។សម្តេចក្រឡាហោមស ខេង បានបន្ថែមថា នៅក្នុងឆ្នាំ២០២២នេះ គឺជាឆ្នាំមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ហើយក៏ជាឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានប្ដូរវេនអាស៊ាន។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា តួនាទីជាប្រធានអាស៊ាន គឺជាតួនាទីមួយដ៏មានសារៈសំខាន់ ហើយក៏មានកិច្ចការងារជាច្រើនដែលកម្ពុជាត្រូវតែបន្ដខិតខំសម្របសម្រួល និងដោះស្រាយ ខណៈសម្ដេចបានចាត់ទុកថា ទាំងនេះ គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន នៅលើឆាកអន្ដរជាតិ។ លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏ជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោក ឯកអគ្គរដ្ឋទូតនេប៉ាល់ នឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែករឹតចំណង់មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀតរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Genesh Prasad Dhakal បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា ជាការពិត កន្លងមកតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិតជាបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗមួយចំនួន ជាពិសេស ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក បានសម្ដែងការគាំទ្រចំពោះគំនិតផ្តួតផ្ដើម ក៏ដូចជាការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ក្នុងការបង្កើតឱ្យមានក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស អ្វីដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃជាមួយ នេប៉ាល់។
លោកក៏បានជម្រាបជូន សម្ដេចក្រឡាហោមផងដែរថា ប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លានៅលើការងារសាសនា ដោយសារតែប្រទេសទាំងពីរប្រកាន់ និងគោរពព្រះពុទ្ធសាសនាដូចគ្នា ហើយប្រទេសនេប៉ាល់ ក៏ជាប្រទេសដែលពុទ្ធសាសនិកគ្រប់រូប បានដឹងហើយថា ជាទីកន្លែងកំណើតរបស់ព្រះពុទ្ធ។ ដូច្នេះ ផ្អែកទៅលើទំនាក់ទំនងក្នុងវិស័យសាសនានេះ ក៏បានរួមចំណែកដល់ការពង្រីកនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោក ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចក្រឡាហោម ស ខេង ដែលកន្លងមក បានជួយសម្រួលដល់ពលរដ្ឋនេប៉ាល់ជាប់គាំងនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលកូវីដ-១៩ ព្រមទាំង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយផ្នែក បរិក្ខារសុខាភិបាល ជូនដល់ប្រទេសនេប៉ាល់ នៅពេលមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។

សម្ដេចឧបនាយករដ្ឋមន្ដ្រី ស ខេង បានអះអាងថា វា ជាកាតព្វកិច្ចរបស់ក្រសួងមហាផ្ទៃ គឺមានភារកិច្ចក្នុងការជួយដោះស្រាយនូវបញ្ហានានារបស់ជនបរទេស ជាពិសេស នៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩។ សម្ដេចក្រឡាហោម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែជួយសម្រួលដល់ជនបរទេសជាច្រើន ដែលបានជួបបញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងអន្ដោប្រវេសន៍នៅក្នុងស្ថានភាពជំងឺកូវីដ-១៩ នោះទេ ពោល គឺថែមទាំងបានដាក់ចេញនូវគោលការណ៍ផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសគ្រប់រូប ដែលស្នាក់នៅកម្ពុជាថែមទៀតផង៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?