ព័ត៌មានជាតិ
ក្រុមហ៊ុនកសិកម្មធំមួយនៅក្រចេះ កំពុងត្រូវការកម្លាំងពលកម្ម២ម៉ឺននាក់ទៀតសម្រាប់វេចខ្ចប់ផលិតផលនាំចេញទៅចិន
ក្រុមហ៊ុនថាហ្រ្គីកូ (THAGRICO) ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយ មានទីតាំងស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះដែលវិនិយោគដោយជនជាតិវៀតណាម កំពុងប្រឈមនឹងខ្វះកម្លាំងពលកម្មប្រមាណ២ម៉ឺននាក់ ដើម្បីដំណើរការអាជីវកម្មផលិតកម្ម និងការវេចខ្ចប់ផលិតផលនាំចេញទៅលក់នៅប្រទេសចិន ។

ការខ្វះកម្លាំងពលកម្មនេះ ត្រូវបានលើកឡើងនៅក្នុងឱកាសដែលលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះទស្សនកិច្ចពីដំណើរការខ្សែសង្វាក់ប្រមូលផល និងវេចខ្ចប់នាំចេញនៅក្រុមហ៊ុនថាហ្រ្គីកូ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
តំណាងក្រុមហ៊ុនថាហ្រ្គីកូ បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយស្វែងរកកម្លាំងពលកម្មចំនួន២ម៉ឺនកន្លែងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការខ្សែច្រវ៉ាក់ប្រមូលផល និងវេចខ្ចប់នាំចេញរបស់ក្រុមហ៊ុន។ តំណាងក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០១៩ ហើយផលិតផលកសិកម្មរបស់ក្រុមហ៊ុន រួមមាន ចេក ស្វាយ ខ្នុរ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។ នៅឆ្នាំ២០២១ ក្រុមហ៊ុន បាននាំចេញផ្លែឈើគ្រប់ប្រភេទចំនួន ២០៨,០០០ តោន និងនាំចេញចំនួន ១០,០០០ កុងតឺន័រ។ ចំពោះប្រាក់ចំណូលរបស់កម្មករវិញ ទទួលបានចាប់ពី ២៤០ ដុល្លារដល់ ៣០០ ដុល្លារក្នុងមួយខែ។

ជាការឆ្លើយតបនឹងសំណើរនេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ឲ្យបានគ្រប់តាមតម្រូវការ។ លោករដ្ឋមន្ត្រី បានស្នើទៅខាងក្រុមហ៊ុនសូមជួយបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់កម្មករ តាមរយៈធ្វើការបណ្តើរ និងរៀនបណ្តើរ។ មួយវិញទៀតសម្រាប់កម្លាំងពលកម្មជំនាញបរទេសដែលមានកូតាលើសពី១០ភាគរយ ក្រុមហ៊ុនត្រូវដាក់សំណើសុំមកក្រសួង ដោយបញ្ជាក់ឱ្យបានលម្អិតនូវជំនាញ ឯកទេស វិជ្ជាជីវៈជនបរទេសដែលមានតម្រូវការ និងមូលហេតុដែលបណ្ដាលឱ្យមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើចំនួន១០%នេះ។
លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមហ៊ុនអនុវត្តទៅតាមលក្ខខណ្ឌការងារ និងច្បាប់ស្តីពីការងាររបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយបាននូវជម្លោះការងារ ឈានទៅរកសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានវាយយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា វៀតណាម ឡាវ) ដែលកាលពីអតីតកាល តំបន់នេះជាតំបន់សង្រ្គាមបង្ហូរឈាមមួយដោយបានផ្តល់កម្លាំងពលកម្មដល់ប្រជាជននៅក្នុងខេត្ត ឲ្យមានការងារធ្វើ អាចដោះស្រាយនូវជីវភាពបានប្រសើរមួយកម្រិត។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំឲ្យកម្មករធ្វើការក្នុងក្រុមហ៊ុនប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលពីការការពារនៃជំងឺកូវីដ-១៩ និងទៅចាក់វ៉ាក់សាំងដូសជំរុញតាមពេលវេលាកំណត់ ដើម្បីរក្សាសុខភាព និងការងារ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ