ព័ត៌មានជាតិ
ប្រជានេសាទលក្ខណៈគ្រួសារ ឈប់ប្រើទូកប្រភេទឈើរហូតដល់ ៩០ ភាគរយ ហើយប្ដូរមកប្រើទូកស្មាច់ជំនួសវិញ
ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីជាលក្ខណៈគ្រួសាររស់នៅតាមដងស្ទឹងសង្កែក៏ដូចជាតំបន់បឹងទន្លេសាបបច្ចុប្បន្ននេះគេសង្កេតឃើញថាបានផ្លាស់ប្តូរស្ទើរតែទាំងស្រុងពីការប្រើប្រាស់ទូកឈើហើយជំនួសដោយទូកធ្វើអំពីជ័រស្មាច់វិញ ដោយសារទូកប្រភេទថ្មីនេះងាយស្រួលប្រើចល័តទីបានលឿន និងផ្តល់ប្រយោជន៍បានច្រើនជាងទូកឈើ។

ប្រជានេសាទបែបលក្ខណៈគ្រួសារលោក រស់.រ៉ាន់ រស់នៅភូមិកំពង់សំបួរ ឃុំសំរោង ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នេះថា ចាប់តាំងពីទូកឈើរបស់លោកបានធ្លុះធ្លាយមក លោកក៏បានផ្លាស់ប្តូរមកប្រើប្រាស់ទូកធ្វើអំពីជ័រស្មាច់វិញមានរយៈពេល ៥ ឆ្នាំមកហើយ។ លោកបន្តថា ក្នុងអំឡុងនៃការប្រើប្រាស់ទូកថ្មីធ្វើពីស្មាច់ផលិតក្នុងស្រុករបស់លោករយៈពេល ៥ ឆ្នាំមកនេះ គឺងាយស្រួលប្រើប្រាស់ផ្តល់ប្រយោជន៍បានច្រើនជាងទូកឈើមិនពិបាកថែទាំបិតលាបជ័រប្រចាំឆ្នាំ និងចំណេញពេលវេលាបើកបរលឿនជាងទូកឈើប្រមាណពី ៣ ទៅ ៤ ម៉ោងហើយស៊ីសាំងតិចផង។

លោកថា ទូកប្រភេទថ្មី”ទូកស្មាច់”នេះស្របតាមការអភិវឌ្ឍន៍កាន់តែសម្បូរបែបក្នុងស្រុក គឺងាយស្រួលក្នុងការរកទិញហើយម្យ៉ាងទៀតយើងអាចកុម្ម៉ង់កម្រាស់ទូកក៏បាន ហើយលក្ខណៈពិសេសមួយទៀតប្រើប្រាស់បានទាំងក្នុងស្ថានភាពផ្លូវ ដែលមានទឹករាក់នៅក្រោមជង្គង់ក៏អាចដំណើរការទៅមុខបានចំណែកទូកឈើលុះត្រាណាស្ថានភាពទឹកមានកម្ពស់ត្រឹមភ្លៅទើបអាចធ្វើដំណើរឆ្លងកាត់ទៅរួច។
លោក យិន ណៃ ប្រធានសហគមន៍ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ខែកមរានេះដែរថា បច្ចុប្បន្នប្រជាពលរដ្ឋអ្នកប្រកបរបរនេសាទត្រីជាលក្ខណៈគ្រួសារ ដែលរស់នៅតំបន់បឹងទន្លេសាបបានបោះបង់ការប្រើប្រាស់ទូកឈើស្ទើរទាំងស្រុងហើយងាកមកប្រើទូកធ្វើពីជ័រស្មាច់ប្រមាណជា៩០% បើទោះបីទូកធ្វើពីឈើប្រើប្រាស់បានរយៈពេលយូរជាងនិងមានតម្លៃទាបជាងទូកធ្វើពីស្មាច់បន្តិចក៏ដោយចុះ។
លោកបានបញ្ជាក់បន្តថា ទូកប្រភេទថ្មី”ទូកស្មាច់”បច្ចុប្បន្នមានផលិតនិងមានលក់នៅភ្នំក្រោមខេត្តសៀមរាប និងមានលក់នៅឃុំកោះជីវាំង និងនៅតំបន់បាក់ព្រាខេត្តបាត់ដំបងផងដែរ មិនពិបាករកទិញនោះទេ។ ដោយទូកស្មាច់ខ្នាតតូចល្មមប្រវែងជាង ៧ ម៉ែត្រ មានតម្លៃពី ២ លាន ៤០ ម៉ឺនទៅ ២ លាន ៦០ ម៉ឺនរៀល បើធៀបនិងទូកឈើមានតម្លៃត្រឹមតែ ១ លាន ៧០ ម៉ឺនរៀលតែប៉ុណ្ណោះ។


ប្រភពពីឈ្មួញដែលឈរចាំទទួលទិញផលត្រី នៅតំបន់ព្រែកទាល់បឹងទន្លេសាប ក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង បានបង្ហាញការចាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាថា ការងាកមកប្រើប្រាស់ទូកធ្វើពីស្មាច់របស់ប្រជានេសាទនេះ ពិតជាចំណេញផលប្រយោជន៍បានច្រើនទាំងបើកបរបានលឿននាំយកផលត្រីមកលក់បាន់ទាន់ពេលវេលាងាយស្រួលបត់បែនបំឡាស់ទីទាំងទីជិតនិងទីឆ្ងាយបានឆាប់រហ័សផង។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលមានមុខរបរមួយចំនួននៅមិនទាន់អាចបោះបង់ចោលទូកឬកាណូតដែលធ្វើពីឈើបាននៅឡើយ ព្រោះការដឹកជញ្ជូនផលត្រីបានច្រើនជាងទូកស្មាច់ទៅកាន់ទីផ្សារទាមទារការប្រើប្រាស់កាណូតឈើប្រភេទបាឡាធំៗទើបអាចទៅរួច ខណៈទូកធ្វើពីស្មាច់នៅមិនទាន់មានប្រភេទផ្ទុកទម្ងន់ធ្ងន់និងមិនសូវរឹងមាំដូចទូកកាណូតធ្វើពីឈើនោះទេ៕


អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ