ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារណែនាំដល់ប្រធានមន្ទីរខេត្តក្រចេះថ្មី ត្រូវខិតខំផ្តល់សេវាជូនកម្មករនិងពលរដ្ឋឱ្យបានល្អនិងទាន់ពេលវេលា
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តក្រចេះថ្មី ត្រូវខិតខំផ្តល់សេវាជូនដល់កម្មករនិយោជិត និងប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះនៅថ្ងៃទី២៧ ខែមករានេះ លោករដ្ឋមន្ត្រីបានស្នើលោកប្រធានមន្ទីរថ្មីត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ក្នុងនោះត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ចដែលក្រសួង និងរដ្ឋបាលខេត្តក្រចេះប្រគល់ជូន។ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្ត្រីផ្តល់សេវាល្អជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួនសំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់និងត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។
លោករដ្ឋមន្ត្រីបានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ដែលកន្លងមកបានអនុវត្តការងារស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តតាមការណែនាំនិងការចាត់តាំងរបស់រដ្ឋបាលខេត្តក្រចេះព្រមទាំងបានសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានា សំដៅខិតខំចូលរួមអនុវត្តនូវតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋជាពិសេសការជំរុញការអនុវត្តនូវគោនយោបាយជាតិស្តីពីមុខរបរ និងការងារ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។

បន្ថែមពីនេះ ក៏បានរួមគ្នាដោះស្រាយបាននូវបញ្ហាជូនប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត សំដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅក៏ដូចជាធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំក្នុងកំឡុងពេលជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ ចំនួន ៧៧លើក កម្មករចូលរួមប្រមាណ ១លាននាក់នាពេលកន្លងមក។
គួរបញ្ជាក់ថាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានតែងតាំងលោក សួន ដានី ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ជំនួសលោក កែវ កុសល អតីតប្រធានប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះដែលបានចូលនិវត្តន៍៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ