ព័ត៌មានជាតិ
ឆ្នាំក្រោយក្រុមហ៊ុនធុរកិច្ចជប៉ុនជាច្រើននឹងមក ឈ្វេងយល់សក្តានុពលវិនិយោគនៅកម្ពុជា
ប្រធានសមាគមជប៉ុន-កម្ពុជាបានអះអាងថា នៅឆ្នាំក្រោយនេះប្រតិភូធុរកិច្ចជប៉ុន ដែលរួមមានក្រុមហ៊ុន SME ជប៉ុនជាច្រើននឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពល និងវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា។

ការអះអាងរបស់ លោកTakahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីត ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី ២៧ ខែមករា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លោក Takahashi Fumiaki បានជម្រាបជូនសម្តេចក្រឡាហោមថា គោលបំណងដែលលោកធ្វើដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះទី១ គឺការត្រៀមរៀបចំដំណើរទស្សនកិច្ចនៅឆ្នាំក្រោយ របស់ប្រតិភូធុរកិច្ចជប៉ុន ដែលរួមមានក្រុមហ៊ុន SME ជប៉ុនជាច្រើន និងទី២ ការអនុវត្តគម្រោងដែលហៅថាសូត្រមាសរបស់កម្ពុជា ដែលគម្រោងនេះនឹងជួយលើកកម្ពស់សិប្បកម្មសូត្រនៅកម្ពុជា។
លោក បានបន្តថា សម្រាប់ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន SME ជប៉ុន មកកាន់កម្ពុជានៅឆ្នាំក្រោយនោះ កន្លងមក ក្រុមហ៊ុនទាំងនោះធ្លាប់មានបំណងធ្វើដំណើរទស្សនកិច្ចមកកម្ពុជាម្តងរួចមកហើយកាលពីខែ ធ្នូ ឆ្នាំ២០១៩ ក្នុងនោះប្រតិភូធុរកិច្ចក៏បានគ្រោងចូលជួបសម្តែងការគួរសមជាមួយសម្តេចក្រឡាហោម ស ខេង ផងដែរ។ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបប្រតិភូធុរកិច្ច SME របស់ជប៉ុនទាំងនោះធ្វើការពន្យារពេលមកទស្សនកិច្ចនៅកម្ពុជារហូតដល់បច្ចុប្បន្ន។

លោកបានបន្តទៀតថា ប៉ុន្តែពេលនេះស្ថានភាពជំងឺកូវីដ-១៩ ជប៉ុន-កម្ពុជា មានភាពធូរស្រាល ទើបលោកបានត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី ២ សាជាថ្មីនៅឆ្នាំក្រោយ។
លោក បានបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសមាគមជប៉ុន-កម្ពុជា (JCA) បានជំរុញ និងទាក់ទាញក្រុមហ៊ុន SME ជាច្រើនឱ្យក្លាយជាសមាជិក ក្នុងនោះសមាគមក៏បានទាក់ទាញឱ្យក្រុមអ្នកវិនិយោគទាំងនោះ មកធ្វើការវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោកសង្ឃឹមជឿជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកទី ២ របស់ប្រតិភូធុរកិច្ច SME របស់ជប៉ុននៅឆ្នាំក្រោយ សម្តេចក្រឡាហោម និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ទទួលជួបប្រតិភូធុរកិច្ច ដើម្បីអាចទទួលបាននូវបទពិសោធន៍ និងអនុវសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ក្នុងការវិនិយោគនៅកម្ពុជាពីសំណាក់សម្តេចក្រឡាហោម ស ខេង។
លើសពីនេះទៀត លោកក៏បានលើកឡើង មូលនិធិមួយរបស់កម្ពុជា ដែលមានឈ្មោះថាមូលនិធិ “សម្តេចតេជោអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម” ដែលមានសម្តេចក្រឡាហោមជាប្រធានកិត្តិយស ហើយមូលិធិនេះបង្កើតឡើងដើម្បីប្រមូលទុន និងបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋធ្វើការនៅក្នុងវិស័យ SME ដើម្បីលើកកម្ពស់ SME នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោក ប្រធានសមាគមជប៉ុន-កម្ពុជា ដោយសម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងថា SME នេះពិតជាមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច។
នាឱកាសនោះ សម្ដេចក្រឡាហោម បានស្នើលោក Takahashi Fumiaki ឱ្យពិនិត្យលទ្ធភាពសហការជាមួយមូលនិធិសម្តេចតេជោអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដើម្បីលើកកម្ពស់ការទំនាក់ទំនងរួមគ្នា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?