ព័ត៌មានជាតិ
ស្ករត្នោតកំពង់ស្ពឺនាំចេញបានជិត ១៦០តោនឆ្នាំ ២០២១ រំពឹងកើនឡើង ១៧០តោននៅឆ្នាំនេះ
កាលពីឆ្នាំ ២០២១ សមាគមស្ករត្នោតកំពង់ស្ពឺ បាននាំចេញស្ករត្នោតប្រមាណ ១៥៧តោន និងរំពឹងថា ឆ្នាំ ២០២២នេះ នឹងកើនឡើងដល់ ១៧០តោន។
លោក វី វាសនា អ្នកចាត់ការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺ បានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្នសមាគមមានកសិករផលិតស្ករត្នោតចំនួន ១៥៥គ្រួសារ ស្មើនឹងផលិតបានស្ករម្សៅចំនួន ៧០តោន ស្ករហុយ និងស្ករសាច់ចំនួន ៩៧តោន។ លោកថា កាលពីឆ្នាំ ២០២១ មានកសិករ ១៥០គ្រួសារ សម្រេចការផលិតបានទាំងស្ករសាច់ និងស្ករម្សៅចំនួន ១៥៧តោន ក្នុងនោះ មាន ៤២តោន ស្ករម្សៅ ១៩តោន ស្ករសេរ៉ូ ក្រៅពីនេះគឺស្ករសាច់។
ស្ករត្នោត ដែលសមាគមផលិតមាន៤ប្រភេទ គឺស្ករម្សៅ ស្ករសេរ៉ូ ស្ករផែន និងស្ករសាច់។ ចំពោះតម្លៃសម្រាប់ស្ករសាច់ កាលពីឆ្នាំ ២០២១ ១គីឡូតម្លៃ ៦,៨០០រៀល ចំណែកឆ្នាំនេះ ឡើងបាន ៧,១០០រៀល។
បើតាមលោក វី វាសនា បច្ចុប្បន្នសមាគមស្ករត្នោតកំពង់ស្ពឺ នៅខ្វះកម្លាំងផលិត ដើម្បីបំពេញតម្រូវការនៅឡើយ។ លោកថា សមាគមត្រូវការកម្លាំងផលិតបន្ថែមចំនួន ១៥០គ្រួសារទៀត ខណៈសព្វថ្ងៃមានចំនួន ១៥៥គ្រួសារ បូកសរុបទាំងអស់ ៣០០គ្រួសារ ទើបអាចគ្រប់តម្រូវការ។
លោក វី វាសនា បានឲ្យដឹងថា មូលហេតុដែលសមាគមស្ករត្នោតកំពង់ស្ពឺខ្វះកម្លាំងផលិត ដោយសារយុវជនពេញកម្លាំងភាគច្រើនងាកទៅធ្វើការងារក្នុងវិស័យរោងចក្រ។ ចំណែកកសិករវ័យចំណាស់ខ្វះកម្លាំងក្នុងការឡើងត្នោត មួយចំនួនក៏បោះបង់មុខរបរនេះ។
បច្ចុប្បន្នសមាគមផ្តោតលើការផលិតស្ករត្នោតនៅតំបន់ចំនួនបី គឺស្រុកឧដុង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្ករត្នោតកំពង់ស្ពឺនាំចេញតាមរយៈក្រុមហ៊ុនទៅប្រទេស កាណាដា អាឡឺម៉ង់ បារាំង ចិន កូរ៉េ និងភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប។ ចំណែកនៅក្នុងស្រុកមានការផ្គត់ផ្គង់ប្រភេទស្ករសាច់ច្រើនផងដែរ។
ដើមត្នោត ដែលបានផ្តល់ស្ករឲ្យសមាគមស្ករត្នោតកំពង់ស្ពឺ មានចំនួនជាង ៣ពាន់ដើម ស្ថិតក្នុងស្រុកពីរនៃខេត្តកំពង់ស្ពឺ គឺស្រុកឧដុង្គ ស្រុកសំរោងទង និងមួយស្រុកទៀត នៅអង្គស្នួល នៅខេត្តកណ្តាល។
ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដោយបានទទួលស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា