Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការ​ទូ​តទី​ម័​រ​ខាងកើត អរគុណ​កម្ពុជា ដែល​គាំទ្រ​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន

បានផុស

នៅ

លោកស្រី​បណ្ឌិត អា​ដាល់​ជី​ហ្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៦ ដល់​២៩ ខែមករា ឆ្នាំ​២០២២ តាម​ការអញ្ជើញ​របស់​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។

ទស្សនកិច្ច​ផ្លូវការ នាពេលនេះ ស្រប​ជាមួយ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត នៅក្នុង​ឆ្នាំ​២០២២​នេះ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេល នៃ​ដំណើរ​ទស្សនកិច្ច លោកស្រី​បណ្ឌិត អា​ដាល់​ជី​ហ្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ ហើយ​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ភាគី​ទាំងពីរ បានកត់សម្គាល់​ដោយ​ការពេញចិត្ត​ចំពោះ​ទំនាក់​ទំនងជា​មិត្តភាព​ជិតស្និទ្ធ និង​ការអភិវឌ្ឍ នៃ​កិច្ចសហប្រតិបត្តិការ​នា​ពេលបច្ចុប្បន្ន​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ ទេសចរណ៍ អប់រំ​និង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​សុខាភិបាល ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​។

សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រដ្ឋមន្ត្រីការបរទេស​ទាំង​ពីរបាន​អបអរសាទរ​គ្នា​ទៅវិញទៅមក​ចំពោះ​ការទប់ស្កាត់​បាន​ដោយ​ជោគជ័យ​នូវ​ការរីក​រាលដាល នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្នុងប្រទេស​រៀងៗ​ខ្លួន និង​ចំពោះ​ការបើក​ប្រទេស​របស់ខ្លួន​បន្តិច​ម្តងៗ តាមរយៈ​ការរស់នៅ និង​សម្រប​ខ្លួន​តាម “​គន្លង​ថ្មី​”​។ លោកស្រី​រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត បាន​សម្តែង​ជាថ្មី​ម្តងទៀត​នូវ​អំណរ​អរគុណ​របស់​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បានផ្តល់​ម៉ាស និង​សម្ភារៈ​វេជ្ជសាស្ត្រ​ដល់​ប្រទេស​ទី​ម័​រ​ខាងកើត​ក្នុងអំឡុងពេល ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ កាលពី​ចុងឆ្នាំ​២០២០​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ទទួលយក​ការអញ្ជើញ​របស់លោក​ស្រី​រដ្ឋមន្ត្រី ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទី​ម័​រ​ខាងកើត តាម​ពេលវេលា​សមស្រប​។

ដោយឡែក​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ជាថ្មី អំពី​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​សំណើ​សុំចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត​។ លោកជំទាវ អា​ដាល់​ជី​ហ្សា ម៉ាក​ណូ បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​កម្ពុជា​ដែល​បន្ត​គាំទ្រ​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត និង​បាន​ជូនពរ​កម្ពុជា​ឱ្យ​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម