Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ៖ ការចូលជាធរមានរបស់ RCEP បង្ហាញពីការប្តេជ្ញាចិត្តរួម របស់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះវិបុលភាពរួម

បានផុស

នៅ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការចូលជាធរមានរបស់កិច្ចព្រមព្រៀង RCEP បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះវិបុលភាពរួម។ ការលើកឡើងនេះ ខណៈលោក ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា តាម​ប្រព័ន្ធវីដេអូ ​រយៈពេលពីរថ្ងៃ ស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)” នៅទីស្ដីការក្រសួង​។

សិក្ខាសាលា ដែលរៀបចំដោយ ក្រុមការ​ទូត​សេដ្ឋកិច្ច​របស់​ក្រសួង ក្រោម​ការ​ណែនាំ​ដ៏ខ្ពង់​ខ្ពស់របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានគោលបំណង ដើម្បីគាំទ្រដល់ការទាញយកអត្ថប្រយោជន៍​ជា​អតិបរមា​ពីកិច្ចព្រម​ព្រៀង RCEP តាម​រយៈការពង្រឹង​ចំណេះដឹង និងការយល់​​ដឹងអំពីកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងមន្រ្ដីការទូតក្រសួង។

នៅក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះក្រ​សួង-ស្ថាប័នពាក់ព័ន្ធ ដែល​បាន​ចូល​រួម ​ក្នុងការ​ប​ង្កើត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម ​ជាប្រវត្តិសាស្ត្រនេះ និង​បាន​សង្កត់ធ្ងន់​ថា កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ អំពីការវិលត្រឡប់មកវិញ នៃពហុភាគីនិយម។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា ការចូលជាធរមានរបស់កិច្ចព្រមព្រៀង RCEP បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះវិបុលភាពរួម ការរស់នៅជាមួយគ្នាដោយសន្ដិសហវិជ្ជមាន និងការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ ក្រោយពីវិបត្តិនៃជំងឺរាតត្បាត ដោយផ្អែកលើពាណិជ្ជកម្មសេរី និងច្បាប់ជាគោល។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ចប់សុន្ទរកថា ដោយ​គូសបញ្ជាក់ពីតួនាទីសំខាន់ៗ របស់បេស​កកម្មកម្ពុជានៅក្រៅប្រទេស ក្នុងការបង្កើន និងគាំទ្រដល់ការអនុវត្តប្រកបដោយជោគជ័យនូវច្បាប់វិនិយោគថ្មីរបស់កម្ពុជា កិច្ចព្រមព្រៀង RCEP កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បី​សម្រួលដល់ការផ្សព្វផ្សាយ និង​ពិពិធកម្មពាណិជ្ជកម្ម ទាក់​ទាញការ​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI) និងលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចជាតិ។​

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បាន​ចាប់ផ្តើមការចរចា​ជុំ​ដំបូងរបស់ខ្លួន​នៅ​ក្នុង​​ឆ្នាំ​ ២០១២ ក្រោម​ភាព​ជាប្រធានអាស៊ានរបស់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់នេះ ត្រូវ​បាន​ចុះហត្ថលេខានៅថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសជាដៃគូសន្ទនាអាស៊ានចំនួន៥ រួមមាន៖ ​ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និង​នូវែលសេឡង់ ដែល​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀងនេះ ​ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ពិភពលោក។

RCEP គ្របដណ្តប់ប្រមាណ ទី១. ២,២ ពាន់លាននាក់ ឬ៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក ទី២. ២៦,៦ ទ្រីលានដុល្លារអាមេរិក ឬ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបសកល (GDP) និងទី៣. ១២,៧ ទ្រីលានដុល្លារអាមេរិក ឬ២៨ ភាគរយ នៃពាណិជ្ជកម្មសកល៕​  

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា៩ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា១២ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម