ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ ពេញមួយឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើស គ្រឿងញៀនបាន ៦៣០៨ករណី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញអំពីលទ្ធផលការងារត្រួតពិនិត្យ និងបង្រ្កាបគ្រឿងញៀន ដែលសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ ២០២១កន្លងទៅនេះ។
ទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នៅឆ្នាំ ២០២១កន្លងទៅនេះ ប្រទេសកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន ប្រកបដោយហានិភ័យខ្ពស់ បណ្ដាលមកពីគ្រឿងញៀន។ បញ្ហានេះ គឺដោយសារតែការកើនឡើងឥតឈប់ឈរ នៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោក និងក្នុងតំបន់។
ជាក់ស្ដែង ទោះបីចំនួនករណីគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបានមានការថយចុះ។ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗ បានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗ ដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ។
បើតាមសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២១ ពោលគឺចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនបានសរុបចំនួន ៦៣០៨ករណី ស្មើនឹង ៦០,៣០ភាគរយគិតលើឆ្នាំ ២០២០ ពោលគឺបានថយចុះ ៤.១៥៣ករណី ស្មើនឹង ៣៩,៧០ភាគរយធៀបនឹងឆ្នាំ ២០២០កន្លងទៅនោះ។
ក្នុងចំណោមករណីបង្ក្រាបបាន ករណីជួញដូរ រក្សាទុកមានចំនួន ៤៤៧៣ករណី, ករណីប្រើប្រាស់មានចំនួន ១៧៨៩ករណី, ករណីដាំដុះមានចំនួន ៣៧ករណី, ករណីកែច្នៃ ៩ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ១៣៩៧៩នាក់។ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៨៦៧២នាក់, ប្រើប្រាស់គ្រឿងញៀន ៥២៦៤នាក់, ដាំដុះ ៩នាក់ និងកែច្នៃ ៣៤នាក់ ហើយក្នុងចំណោមជនសង្ស័យនោះ មានជនបរទេសចំនួន ៣៦៥នាក់។
ផ្អែកតាមលទ្ធផល នៃកិច្ចប្រតិបត្តិការ ដូចបានបញ្ជាក់ជូនខាងលើ នៅឆ្នាំ ២០២១សមត្ថកិច្ចកម្ពុជា បានចាប់យកគ្រឿងញៀនសរុបជាង ៤តោន ៦៨៩គីឡូក្រាម និង ៦១១,៤៧ក្រាម។ ក្នុងនោះរួមមានមេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង ៩៤៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ (WY) ជាង ៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីនជាង ២៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង ២៧៥គីឡូក្រាម, កាទីណូនជាង ១០៦គីឡូក្រាម, នីមេតាសេប៉ាមជាង ១១គីឡូក្រាម និងកាកូអីនជាង ១គីឡូក្រាម។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បង្ក្រាបបានកញ្ជាស្រស់ ដោយបានកាប់បំផ្លាញបានចំនួន ៥៣.១៨៧ដើម កញ្ឆាក្រោមជាង ១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង ៨៤តោន កើនជាង ១ពាន់ភាគរយឯណោះ។
យោងតាមរបាយការណ៍ ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុង ២០២១នោះដែរ សមត្ថកិច្ចកម្ពុជា ក៏ប្រមូលបាន និងបញ្ជូនទៅសាលាដំបូងរាជធានីខេត្តរួចរាល់ នូវសម្ភារៈចាប់យកមួយចំនួន ដូចជា៖ រថយន្ត ១៣៨គ្រឿង, ម៉ូតូ១.៩៨៨គ្រឿង, ទូរសព្ទ ៦.៥៥៤គ្រឿង, ជញ្ជីង ៣៨៥គ្រឿង, អាវុធវែង ៥០ដើម, អាវុធខ្លី ២៩ដើម, ប្រាក់រៀលជាង ៧៨លានរៀល, ប្រាក់អាមេរិកជាង ៣ម៉ឺនដុល្លារ, ប្រាក់ថៃជាង ១សែនបាត និងប្រាក់វៀតណាមជាង ៨ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យចំនួន ២០កន្លែង។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា សម្ដេចធ្លាប់បញ្ជាក់ជូនហើយថា បញ្ហាកូវីដ-១៩នេះ ថ្វីដ្បិតថាពេលនៅមិនទាន់មានការថមថយ។ ប៉ុន្តែវាទំនងជាអាច ដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខានឡើយ តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ ដោយសារក្រុមឧក្រិដ្ឋជន នៅតែបន្តរិះរកវិធីសាស្ត្រថ្មីៗ ដើម្បីផលិត និងចែកចាយ។
កាលពីដើមឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ បានបន្តយកចិត្តទុកដាក់ ចង្អុលបង្ហាញលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះណាស់ ជាពិសេសសម្ដេចបានឯកភាពកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដោយលើកជាកម្រិតគោលនយោបាយ និងបានបន្តដាក់បញ្ចូលបញ្ហាគ្រឿងញៀន ជាកិច្ចការអាទិភាព។
យ៉ាងណាក៏ដោយ ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖
– កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ។
– កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
– មួយរាយការណ៍ ៖ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ ដល់សមត្ថកិច្ច៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់