ព័ត៌មានជាតិ
ដំរី Kaavan មានសុខភាពល្អធម្មតា និងបានចាប់ផ្ដើមបន្សាំខ្លួនទៅនឹងបរិស្ថាននៅកម្ពុជា
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា មកដល់ពេលនេះ ដំរីខាវ៉ាន់ (Kaavan) មានសុខភាពល្អធម្មតា ហើយបានចាប់ផ្ដើមបន្សាំខ្លួនទៅនឹងបរិស្ថាននៅជុំវិញ ចំណែកដំរីញី៣ក្បាលដែលនៅក្បែរខ្លួនវានោះ វាបានចាប់ផ្ដើមមានទំនាក់ទំនងគ្នាហើយ។ ក្នុងនោះ Kaavan ក៏បានបរិភោគចំណីអាហារ ដែលដាក់ឲ្យជាធម្មតាមិនមានបញ្ហាអ្វីនោះទេ។

លោកបញ្ជាក់ថា មកដល់ពេលនេះ យើងមិនទាន់ព្រលែង Kaavan ចេញពីជម្រកថ្មី ដែលយកមកដាក់ភ្លាមៗនោះទេ។ ពីព្រោះវាមិនទាន់គ្រប់១៤ថ្ងៃ ដោយសារយើងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ដើម្បីតាមដានវាផង និងដើម្បីបន្សាំបរិយាកាសផង ហើយបន្ទាប់ពីខាវ៉ាន់ មានភាពស៊ាំ និងស្គាល់ទីតាំងច្បាស់លាស់ គេនឹងព្រលែងចូលទៅក្នុងទីតាំងថ្មីមួយទៀត ដែលមានទំហំធំ មានព្រៃធម្មជាតិ មានស្រះទឹក ហើយពេលនោះ វាអាចលេងជាមួយដំរីញី ៣ក្បាលនៅកម្ពុជាបានហើយ។

សូមបញ្ជាក់ថា ដំរីឈ្មោះខាវ៉ាន់ (Kaavan) បានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន ហើយពិធីទទួលសត្វដំរីខាវ៉ាន់មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជាបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា នៅព្រលានយន្តហោះខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀត និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា។

ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ ត្រូវបាននាំយកទៅកាន់ជម្រកថ្មី ដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារ និងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន៣ ក្បាល ដែលបានយកមកពីខេត្តមណ្ឌលគិរី៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង