ព័ត៌មានជាតិ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើកុំឱ្យសាងសង់ចេតិយច្រើនពេកក្នុងវត្ត
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ថ្មីៗនេះ បានមានប្រសាសន៍សរសើរវត្តគល់ទទឹង ដែលបានរៀបចំវត្តបានល្អ ដោយមិនឃើញមានចេតិយច្រើនស្កះពេញវត្ត។ ធម្មតាក្រោយពីការស្លាប់ត្រូវយកធាតុដាក់នៅចេតិយ ប៉ុន្តែអ្នកឧកញ៉ា ចង់ឱ្យធ្វើម៉េច កុំឱ្យសាងសង់ចេតិយក្នុងវត្តច្រើនពេក។

អ្នកឧកញ៉ា បញ្ជាក់បន្ថែមថា កូនចៅដែលដឹងគុណឪពុកម្ដាយ គួរទំនុកបំរុង ផ្ដល់កន្លែងស្នាក់នៅសមរម្យពេលលោកនៅមានជីវិត ប្រសើរជាងពេលឪពុកម្ដាយស្លាប់ហើយ ទើបនាំគ្នាអង្គាសលុយធ្វើចេតិយជូនអ្នកមានគុណ។ កូនចៅបានត្រឹមតែធ្វើបុណ្យឧទ្ទិសជូនវិញ្ញាក្ខខន្ធឪពុកម្ដាយ ចំណែកផលបុណ្យបានទៅដល់ ឬមិនដល់អស់លោក ក៏មិនដឹង។
ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប រូបនេះ បានលើកឡើងថា កូនចៅមិនបាច់អង្គាសលុយគ្នាធ្វើចេតិយថ្មីសម្រាប់ដាក់ធាតុឪពុកម្ដាយមួយគ្រួសារ១ៗនោះទេ ប្រសិនជាអាច គឺយកធាតុអ្នកមានគុណមកដាក់ចេតិយដែលលោកសង់សម្រាប់ដាក់ធាតុរួមគ្នាក៏បាន ហើយបើចង់ចូលរួមបច្ច័យចាប់មគ្គផលក៏បាន បើអត់លទ្ធភាពក៏អ្នកឧកញ៉ាទទួល ដោយលោកបានក៏ត្រៀមផ្ដល់កោដ្ឋសម្រាប់ដាក់ធាតុថែមទៀត។ លោកគ្រោងនឹងបង្ហើយចេតិយនោះ នៅចុងឆ្នាំ ២០២២ នេះ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសទៅអ្នកមានលុយទាំងឡាយថា បើអត់បានចាយលុយ នោះមិនមែនជាលុយខ្លួនទេ ហើយបើចង់ធ្វើបុណ្យ ត្រូវធ្វើទាន់ដៃអត់ទាន់ជាប់សេរ៉ូម គួរឆ្លៀតខំធ្វើបុណ្យផង ធ្វើទានផង សាងអំពើល្អឱ្យបានច្រើនផង។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព មានថេរដីកាថា កន្លងមកធ្លាប់មានញាតិញោមចង់ចូលរួមកសាងចេតិយរួមនេះដែរ តែព្រះតេជគុណ ឱ្យពួកគេចាំចូលជាមួយអ្នកឧកញ៉ាផ្ទាល់។ ព្រះតេជគុណ មានសង្ឃដីកា បន្តថា នៅក្រោមព្រះវិហារ គណៈកម្មាការវត្តគល់ទទឹង បានរៀបចំកន្លែងជាថតៗសម្រាប់ដាក់ធាតុរួម ដោយសារគោលការវត្ត បានសុំអភ័យទោសញាតិញោម គឺវត្តអត់មានដីសម្រាប់ធ្វើចេតិយឯកជនមួយៗពេញវត្តទេ។

ជុំវិញករណីសាងសង់ចេតិយពេញវត្តនេះ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” ថាកន្លងមក ក្រសួងបានជូនដំណឹងដល់ចៅអធិការ និងគណៈកម្មការវត្ត ក្នុងការចាត់ចែង គ្រប់គ្រង កុំឱ្យសាងសង់ចេតិយថ្មី ដែលធ្វើឱ្យប៉ះពាល់សោភណ្ឌភាព និងទីធ្លាបរិវេណវត្តអារាមបន្ថែមទៀត តាមរយៈជំរុញឱ្យមានការសាងសង់ចេតិយធំមួយសម្រាប់ដាក់អដ្ឋិធាតុរួមគ្នា។ ជាមួយគ្នានេះ លោកបានស្នើពុទ្ធបរិស័ទ យោគយល់ចំពោះករណីនេះ ដោយសុំឱ្យបើកចិត្តកុំចង់សង់ចេតិយតែឯងឯកជន គួរយកអដ្ឋិធាតុអ្នកមានគុណ ឬញាតិមិត្ត មកដាក់នៅកន្លែងតម្កល់ ឬចេតិយរួម និងធ្វើបុណ្យរួមគ្នា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង