ព័ត៌មានជាតិ
បោះបង្គោលព្រំ ការពារស្ថានីយបុរាណ មួយកន្លែងទៀត ដើម្បីបញ្ចៀសការរំលោភបំពាន
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានបោះបង្គោលព្រំ ការពារស្ថានីយបុរាណ មួយទៀត ស្ថិតនៅភូមិត្បូងបឹង ឃុំវាល ស្រុកគងពីសី បន្ទាប់ពីបោះបង្គោលជាច្រើនកន្លែង នាពេលកន្លងមក។ នេះបើតាមលោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពង់ស្ពឺ ដែលបានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅនេះ។
លោក ស៊ុន មានជ័យ បានឲ្យដឹងបន្តថា បង្គោលព្រំត្រូវតែបោះ មិនអាចអត់បានទេ ដើម្បីធ្វើជាព្រំ។ លោកថា បច្ចុប្បន្ននេះ មន្ទីរកំពុងតែធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬប្លង់រឹង ដើម្បីធ្វើជាកម្មសិទ្ធិរបស់មន្ទីរ ហើយនៅពេលធ្វើវិញ្ញាបន បត្រនេះ រួចរាល់ទូទាំងខេត្ត នោះនឹងលែងមានក្តីបារម្ភទៀតហើយ។
លោកបញ្ជាក់ថា «ច្ចុប្បន្នដើម្បីការពារគ្រប់រូបភាព យើងត្រូវតែធ្វើទៅតាមលទ្ធភាព ដែលយើងអាចធ្វើទៅបាន ទីមួយ គឺយើងចុះធ្វើនិយាមការ ដើម្បីកំណត់ទំហំទីទួលរបស់យើង ទីពីរ ត្រូវបោះបង្គោល ទីបី ធ្វើប្លង់រឹង គឺយើងធ្វើគ្រប់រូបភាព តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន»។
បើតាមលោក ស៊ុន មានជ័យ មូលហេតុដែលស្ថានីយបុរាណនោះ ឈ្មោះអង្គសេះស្លាប់ គឺយកទៅតាមការនិយាយតគ្នា របស់អ្នកស្រុក ដោយធ្វើការសម្ភាសន៍ច្បាស់លាស់ ហើយធ្វើការផ្គូរផ្គង និងចុងក្រោយទើបសម្រេចសន្និដ្ឋាន កំណត់យកឈ្មោះអ្វីមួយ ហើយការដាក់ឈ្មោះទួលអង្គណាមួយ មិនមែនចេះតែកំណត់ថា ជាទីទួលបុរាណ ទួលកប់សព ភូមិបូរាណ ឬទួលអង្គបុរាណនោះទេ គឺមានច្បាប់ចង្អុលបង្ហាញ គឺច្បាប់ស្ដីពីការការពារបេតិកភណ្ឌ។
សូមបញ្ជាក់ថា រហូតមកដល់ឆ្នាំ ២០២១នេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ជាច្រើនត្រូវបានរកឃើញ និងបានអភិរក្ស គឺមានរហូត ៤៦៤កន្លែង ដែលក្នុងនោះមាន ទួលបុរាណ, ប្រាសាទ, ទីសក្ការៈបូជា, ស្រះបុរាណ, បឹងបុរាណ និងរមណីយដ្ឋានជាដើម នេះបើតាមការឲ្យដឹងពីលោក ស៊ុន មានជ័យ។
ក្នុងចំណោមសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិទាំងនោះ រួមមាន៖ ទួលបុរាណចំនួន៣៥៥ កន្លែង, ប្រាសាទចំនួន០១កន្លែង(ប្រាសាទក្អែកពង), ទួលប្រាសាទចំនួន៣៥កន្លែង (មានគ្រឿងលម្អប្រាសាទ ធ្នឹម ផ្តែរ សសរពេជ្រ…), គ្រឹះប្រាសាទចំនួន១៦ កន្លែង (សំគាល់ដោយរណ្តៅគ្រឹះឥដ្ឋ), ទីសក្ការៈបូជា ឬទួលអ្នកតាចំនួន១៥កន្លែង (ទីតាំងដីតូចល្មមប្រហែល១អាទៅ៣អា), ទួលសក្ការៈបូជាចំនួន០៤កន្លែង (ប្រភេទជាទួលមានរោងសក្ការៈ និងមានគូទឹកជុំវិញ មានទំហំប្រហាក់ប្រហែលទួលបុរាណ ឬទួលប្រាសាទ), ទួលសក្ការៈ និងទួលកប់សពចំនួន០២កន្លែង (សណ្ឋានដីទួលធំ មានរោងអ្នកតា និងកប់សព), កន្លែងបូជាសពចំនួន០៣ កន្លែង (ជាទីតាំងបច្ឆា), ដីកប់សពចំនួន០៣កន្លែង (មានសណ្ឋានដីរាបស្មើ និងព្រៃ), ទួលកប់សពចំនួន០៤ កន្លែង (មានសណ្ឋានដីជាទួល គូទឹកជុំវិញ), ដីវត្តចាស់ចំនួន០២កន្លែង, ស្ពានបុរាណចំនួន០២ កន្លែង, ស្រះបុរាណចំនួន០៧ កន្លែង, ស្រះទឹកចំនួន០៣កន្លែង, បឹងបុរាណចំនួន០៤កន្លែង, ទួល និងបឹងចំនួន០២កន្លែង, រំលេចចំនួន០៨កន្លែង និងរមណីយដ្ឋានចំនួន០៣កន្លែង (ភ្នំចាស់ ភ្នំព្រះ និងគុហារមានឫទ្ធិ)។
ការងារបោះបង្គោល ព្រំការពារទួលអង្គនេះ កន្លងមកធ្លាប់បានធ្វើចំនួន ១៦កន្លែងរួចហើយ ក្នុងនោះរួមមាន៖ ១. ស្រុកសំរោងទងចំនួន ២កន្លែង ២. ស្រុកបសេដ្ឋចំនួន ៣កន្លែង ៣. ស្រុកគងពិសីចំនួន ៨កន្លែង ៤. ស្រុកឧដុង្គចំនួន ៣កន្លែង៕
អត្ថបទ៖ កោះកែវ





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ