ព័ត៌មានជាតិ
ការពិត ប្រាសាទអង្គរវត្តចម្លង នៅវៀតណាម មិនបានសុំអនុញ្ញាតសាងសង់ពីកម្ពុជាទេ
ថ្មីៗនេះ មានការផ្សាយព័ត៌មានថា ប្រាសាទអង្គរវត្តចម្លង នៅទីក្រុងដាណាង ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋវៀតណាម ត្រូវបានភាគីវៀតណាមសុំសិទ្ធិអនុញ្ញាតពីខាងក្រសួងរួចរាល់អស់ហើយ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បញ្ជាក់ថា មិនមានការស្នើសុំនោះទេ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះថា ទិដ្ឋភាពប្រាសាទអង្គរវត្តចម្លង នៅប្រទេសវៀតណាម តាមរយៈលោកបានប្រមូលរូបភាព និងវីដេអូនៃប្រាសាទចម្លងនោះ ក្រសួងវប្បធម៌បានបញ្ជូនទៅ អាជ្ញាធរជាតិអប្សរា ឱ្យពិនិត្យ និងឃើញថា ការសាងសង់នោះពុំបានសុំច្បាប់អនុញ្ញាតពីកម្ពុជាទេ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បញ្ជាក់ថា៖ “តាមការតាមដាន ខ្ញុំឃើញថា គេថាបានសុំសិទ្ធិសាងសង់ពីក្រសួង តែប្រហែលជាពីក្រសួងរបស់វៀតណាម មិនមែនពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានោះទេ។ ធម្មតានៅប្រទេសនីមួយៗបើគេសាងសង់អ្វីមួយ គេត្រូវសុំអនុញ្ញាតពីក្រសួង និងអាជ្ញាធរដែនដីរបស់គេ។ ជាក់ស្ដែងនៅ កោះពេជ្រ មានសំណង់អគារបែបប្រទេសបារាំង ហើយម្ចាស់កោះពេជ្របាន ស្នើក្រសួងវប្បធម៌កម្ពុជា សួរនាំទៅកាន់ស្ថានទូតបារាំងដែរ ហើយទូតបារាំង មិនមានទោមនស្សអ្វីទេ”។
រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ អះអាងថា លោកមិនគាំទ្រឱ្យមានការលួចចម្លងទេ ប៉ុន្តែបើនិយាយពីទិដ្ឋភាពទូទៅនៃតម្លៃបេតិកភណ្ឌពិភពលោក បើបរទេសយកជ្រុងណា ផ្នែកណាមួយសម្រាប់ធ្វើការផ្សព្វផ្សាយ ឬលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌ប្រទេសដើម នោះជាការណ៍ល្អ។ ប៉ុន្តែបើធ្វើទៅ នាំឱ្យប៉ះពាល់កិត្យានុភាពនៃតម្លៃបេតិកភណ្ឌជាសាកល នោះមិនបានទេ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “បើស្ថិតក្នុងវិស័យពាណិជ្ជកម្ម មិនបានទេ ព្រោះនៅក្នុងអនុសញ្ញាទីក្រុងបារីស ការប្រកួតប្រជែងដោយស្មោះត្រង់ គេមិនអនុញ្ញាតឱ្យប្រទេសមួយ យកអត្តសញ្ញាណនៃប្រទេសមួយ ធ្វើជាម៉ាក ឬជាស្លាក ផលិតផលរបស់ខ្លួនដើម្បីផ្សព្វផ្សាយលើទីផ្សារទេ។ អ៊ីចឹង បើប្រទេសមួយសាងសង់អត្តសញ្ញាណនៃប្រទេសមួយ ដោយមិនបានសុំសិទ្ធិអនុញ្ញាត ហើយយកទៅផ្សព្វផ្សាយ ថាមកលេងត្រឹមប្រទេសខ្ញុំបានហើយ មិនបាច់ទៅប្រទេសដើមអីហ្នឹង នោះគឺជាការប្រកួតប្រជែងដោយមិនស្មោះត្រង់ ហើយយើងមានសិទ្ធិប្ដឹងទាមទារសិទ្ធិផលប្រយោជន៍បាន”។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះបញ្ជាក់ថា ចំពោះមុខយើងនឹងទាក់ទងទៅកាន់ស្ថានទូតខ្មែរនៅទីនោះ បើគាត់អាចចូល និងប្រមូលព័ត៌មាន និងរាយការណ៍នូវភាពមិនប្រក្រតី នោះតាមក្រសួងការបរទេសកម្ពុជា យើងនឹងដោះស្រាយទំនាក់ទំនងការទូត និងតាមនីតិវិធីផ្សេងៗ ក្នុងនាមប្រទេសមានកិច្ចសហប្រតិបត្តិការនឹងគ្នា។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់ថា កន្លងមកធ្លាប់មានប្រទេសមួយចំនួនបានសុំអនុញ្ញាតពីកម្ពុជាដើមធ្វើប្រាសាទខ្មែរចម្លង សម្រាប់ដាក់នៅឧទ្យាន ឬកន្លែងកម្សាន្តដើម្បីបង្ហាញបេតិកភណ្ឌរបស់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសចិនជាដើម។ កាលណាមានការស្នើសុំ ក្រសួងវប្បធម៌កម្ពុជានឹងចាត់អ្នកជំនាញទៅសហការ និងជួយតម្រែតម្រង់ជាមួយគេឱ្យត្រូវក្បាច់ និងរចនាបថប្រាសាទនីមួយៗ។
លោកមានប្រសាសន៍ថា៖ “យើងគួរមើលចំណុចវិជ្ជមាន បើគេសាងសង់ ហើយមិនបានសុំច្បាប់អនុញ្ញាតមែន ប៉ុន្តែបើផ្ដល់ផលវិជ្ជមានដល់កិត្យានុភាពជាតិយើងច្រើន យើងមិនគួរប្រកាន់ខឹងនោះទេ។ ប៉ុន្តែបើគេធ្វើទៅមានការប៉ះពាល់ បាត់បង់ផលប្រយោជន៍ ប៉ះពាល់កិត្យានុភាពជាតិ នោះរដ្ឋាភិបាលនឹងមិនបណ្ដាយបានទេ គឺត្រូវតែទាមទារយកផលប្រយោជន៍ និងកិត្យានុភាពជាតិវិញ ដោយដោះស្រាយតាមយន្តការការទូតក្នុងនាមប្រទេសមានកិច្ចសហប្រតិបត្តិការជាមួយគ្នា”។
ប្រាសាទអង្គរវត្តក៏បានសាងសង់នៅប្រទេសប៊ែលហ្សិក ប្រទេសបារាំង និងប្រទេសអឺរ៉ុបមួយចំនួនផងដែរ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើ មានប្រសាសន៍ថា សម្រាប់អ្វីដែលជាបេតិកភណ្ឌពិភពលោក បើប្រទេសណាមួយ សាងសង់ឡើងក្នុងគោលដៅមិនគិតលើអាជីវកម្ម មិនកេងផលចំណេញ ជាទម្រង់នៃការផ្សព្វផ្សាយលើកកម្ពស់ និងលើកកិត្យានុភាព គឺមិនមានច្បាប់ណានៃអង្គការយូណេស្កូ (អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ) ថ្កោលទោសនោះទេ។
គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តចម្លង នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម ត្រូវបានសាងសង់រួចរាល់ និងដាក់ដំណើរការចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព