ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារ ជាមួយនាយក ISU-APMBT ពង្រឹងលើការងារបោសសម្អាតមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល និងលោក Gregory Cathcart មន្រ្តីជាន់ខ្ពស់ ISU ដែលមានទីស្នាក់នៅប្រទេសស្វីស ចូលជួបពិភាក្សាការងារស្តីពីការពង្រឹងភាពដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន។
លោក Juan Carlos Ruan បានបម្រើការងារជានាយក ISU តាំងពីឆ្នាំ២០១៦ និងបានជួយគាំទ្រដល់ការអនុវត្តខ្លឹមសារអនុសញ្ញាអូតាវ៉ាទៅគ្រប់សមាជិករដ្ឋភាគីទាំងអស់។
គណៈប្រតិភូ ISU-APMBC បំពេញបេសកកម្មនៅកម្ពុជា រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៦-១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងតាមដានការអនុវត្តការងារបោសសម្អាតមីនរបស់កម្ពុជា ឲ្យស្របទៅនឹងផែនការដែលបានអនុម័តឲ្យកម្ពុជាពន្យារពេលលើកទី២ នៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស និងជួយគាំទ្រកម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីនឲ្យសម្រេចទៅតាមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា។
គណៈប្រតិភូ ISU-APMBC គ្រោងនឹងជួយពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរមីន, គណៈកម្មការ JBC កម្ពុជា-ថៃ, មន្រ្តី UNDP នៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល, CMAC, NPA, Halo Trust, MAG, មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) និងភាគីពាក់ព័ន្ធដទៃទៀត។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់គណៈប្រតិភូ ISU-APMBC នៅកម្ពុជា ព្រមទាំងបានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងការផ្តល់ប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសដល់ការងារបោសសម្អាតមីន ក្នុងនាមកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ជាពិសេសលើសំណើសុំពន្យាពេលបោសសម្អាតមីនរបស់កម្ពុជាលើកទី១ និងលើកទី២។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្នុងនាមជារដ្ឋភាគីនៃអនុញ្ញាអូតាវ៉ា កម្ពុជា ធ្លាប់បានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី១ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ ២០១៩ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលដឹងថាមានគ្រាប់មីនទាំងអស់ឲ្យរួចរាល់ត្រឹមឆ្នាំ២០១៩ ហើយក្នុងរយៈពេល១០ឆ្នាំនោះ ផ្ទៃដីប្រមាណជាង ៥៧៧ ម៉ែត្រក្រឡា សរុបចំនួន ៨,២៩០ ចម្ការមីន បានបោសសម្អាតរួច មីនប្រឆាំងមនុស្ស ១០១,៤២៤ គ្រាប់ មីនប្រឆាំងរថក្រោះ ១,៥៦០ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៧៣,២៣១ គ្រាប់ ប៉ុន្តែផ្អែកតាមការវាយតម្លៃលទ្ធភាព កម្ពុជានៅតែមិនអាចសម្រេចបានតាមគោលដៅឆ្នាំ២០១៩។
លោកបន្តថា បន្ទាប់ពីការពិនិត្យឡើងវិញ និងស្របតាមស្មារតីនៃ “សេចក្តីថ្លែងការណ៍ម៉ាពុយតូ+១៥” កាលពីឆ្នាំ២០១៤ កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី២ រយៈពេល០៦ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សំដៅធ្វើការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់គណៈប្រតិភូអំពីបញ្ហាមីននៅកម្ពុជាថា “ប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាលទ្ធផលនៃសង្រ្គាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតមកដល់ចុងឆ្នាំ១៩៩៨។
ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុងឆ្នាំ ១៩៩៨ កម្ពុជា ទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។”
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលរយៈពេលជិត ៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងមានការចូលរួមចំណែកគាំទ្រពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធដទៃទៀត ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានបោសសម្អាតផ្ទៃដីចំនួន ២,៣២៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,១១៨,៨១០ គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៩៥២ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៩៨៣,៤១៦ គ្រាប់ ដោយមានអ្នកទទួលផល ៧,៧៣២,៥៣៦ នាក់។
ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី ២,០១៧ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន។
លោកបន្តទៀតថា ឆ្នាំ២០២២នេះ កម្ពុជាមានបំណងរៀបចំពិធីអបអរសាទររំលឹកខួបទី៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា (១៩៩២-២០២២) ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យអង្គភាព ISU-APMBC ជួយគាំទ្រដល់ការងារបច្ចេកទេសសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងបានស្នើសុំ អង្គភាព ISU-APMBC ជួយកៀរគរធនធានបន្ថែមពីសហគមន៍ផ្តល់ជំនួយ គាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឲ្យអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។
លោក Juan Carlos Ruan បានអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុក ចាត់ចែង និងរៀបចំឲ្យមានរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់សម្រាប់ការងារសម្របសម្រួល និងគ្រប់គ្រងវិស័យសកម្មភាពមីនកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានលើការងារបោសសម្អាតមីននាពេលកន្លងមក ទោះបីមានរីករាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។
ក្នុងឱកាសនោះ លោក Juan Carlos Ruan មានបំណងស្នើសុំឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកល ស្តីពីការជួយសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិរបស់ជនមានពិការភាព (Global Conference on Assistance of Anti-Personnel Mines and Other Explosive Remnants of War, and Disability Rights) គ្រោងនឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការឧបត្ថម្ភគាំទ្រពីសហគមន៍អ៊ឺរ៉ុប និងមានប្រទេសប្រមាណ ២០០ ចូលរួម។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ លោក Juan Carlos Ruan រៀបចំលិខិតផ្លូវការមករាជរដ្ឋាភិបាលកម្ពុជា ហើយលោកនឹងស្នើសុំអនុសាសន៍ណែនាំពីសម្តេចតេជោនាយករដ្ឋមន្រ្តី លើសំណើរៀបចំសន្និសីទសកលនេះ។
អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (Implementation Support Unit_ISU) ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០១ ហើយវិសាលភាពរបស់ ISU ត្រូវបានកំណត់ដោយ “សេចក្តីណែនាំរបស់រដ្ឋភាគីចំពោះអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា” ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទីដប់ (10MSP) ឆ្នាំ២០១០។
អង្គភាព ISU-APMBC មានអាណត្តិក្នុងការផ្តល់ប្រឹក្សាយោបល់ ផ្តល់ជំនួយបច្ចេកទេសលើការអនុវត្តអនុសញ្ញាដល់គ្រប់រដ្ឋភាគី គាំទ្រការរៀបចំនិងតាមដានកិច្ចប្រជុំរដ្ឋភាគី សន្និសិទពិនិត្យឡើងវិញ កិច្ចប្រជុំអន្តរកម្ម និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ