ព័ត៌មានជាតិ
មីក្រូហិរញ្ញវត្ថុ ផ្តល់ឥណទានជាង ៨ពាន់លានដុល្លារ ដល់ពលរដ្ឋជិត ២ លាននាក់ ឆ្នាំ ២០២១
គិតត្រឹមដំណាច់ឆ្នាំ២០២១ វិស័យមីក្រូហិរញ្ញវត្ថុ (ដោយមិនបញ្ចូលទិន្នន័យពីធនាគារ) បានផ្តល់ឥណទានជាង ៨.៧២៨ លានដុល្លារ ដល់អតិថិជនជិត ២ លាននាក់ ខណៈអតិថិជនដាក់ប្រាក់បញ្ញើមានចំនួនជាង ២,៩ លាននាក់ ទំហំទឹកប្រាក់សរុបជាង ៤.៣៥០ លានដុល្លារ តាមការិយាល័យតំណាងចំនួន ១.១៧៣ កន្លែង។ នេះបើយោងតាមរបាយការណ៍សមាគមមីក្រូហិរញ្ញត្ថុកម្ពុជា នៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២២។

វិស័យមីក្រូហិរញ្ញវត្ថុ ក៏បាននិងកំពុងផ្តល់ការងារដល់បុគ្គលិកជាង ៣ម៉ឺននាក់ នៅកម្ពុជា ខណៈដែលវិស័យធនាគា និងហិរញ្ញវត្ថុទាំងមូលកំពុងមានបុគ្គលិកបំរើការងារប្រមាណ ៨ម៉ឺននាក់។ បើទោះជាវិស័យហិរញ្ញវត្ថុត្រូវបានគេមើលឃើញថា បានផ្តល់អត្ថប្រយោជន៍ និងឱកាសអភិវឌ្ឍខ្ពស់យ៉ាងណាក្តី ក៏វិស័យនេះហាក់នៅប្រឈមនឹងកង្វះបុគ្គលិកបំរើការ ដោយសារការរីកចម្រើនឆាប់រហ័ស ការស្រូបទាញធនធានពីវិស័យផ្សេងៗទៀត ការប្រែប្រួលនៃទំនោរសង្គម អតុល្យភាពកម្មវិធីសិក្សានឹងតម្រូវការទីផ្សារជាក់ស្តែង ព្រមទាំងកត្តាប្រឈមផ្សេងៗទៀត។
ជាការឆ្លើយតបបញ្ហាប្រឈមនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសាកលវិទ្យាល័យធនធានមនុស្ស(HRU) បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះ មានកម្មវត្ថុ មួយចំនួន ដូចជា ស្វែងរកលទ្ធភាពធ្វើការរួមគ្នាដើម្បីផ្តល់វគ្គសិក្សាជំនាញបច្ចេកទេស ឬសិក្ខាសាលាស្តីពីជំនាញការងាររបស់វិស័យមីក្រូហិរញ្ញវត្ថុ, ជំរុញលើកទឹកចិត្តសិស្សនិសិត្សអោយចូលរួមក្នុងកម្មវិធីសិក្សាផ្សេងៗ រៀបចំដោយសមាគមនិងសាកលវិទ្យាល័យដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ប្អូនៗសិស្សនិស្សិតដែលជាទំពាំងស្នងឫស្សី និងសម្របសម្រួលក្នុងការផ្តល់ឱកាសចុះកម្មសិក្សា ឱកាសចូលបំរើការងារ ក៏ដូចជា ឱកាសអភិវឌ្ឍសមត្ថភាពអាជីពវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០ នៅទូទាំងប្រទេសដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោក ឯក មនោសែន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យធនធានមនុស្សបានមានប្រសាសន៍ថា អនុស្សរណៈយោគយល់ផ្តល់យោជន៍ច្រើនសម្រាប់ស្ថាប័នទាំងពីរ ដោយជួយអោយសកលវិទ្យាល័យធនធានមនុស្សអាចពង្រីកសក្តានុពល កិត្យានុភាព ក្នុងការបណ្តុះបណ្តាលនិសិត្សអោយឆ្លើយតបទៅនឹងទីផ្សារការងារ។ ក្នុងឱកាសនេះនិស្សិត ក៏អាចចូលរួមចុះកម្មសិក្សា ហាត់ការ រកការងារធ្វើជាមួយសមាជិករបស់សមាគមទាំង១២០គ្រឹះស្ថាន ដោយនិស្សិតក៏នឹងទទួលបានឱកាសអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនផងដែរ។

ធនធានមនុស្ស គឺជាកត្តាដ៏ចាំបាច់ ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព តាមទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិ។ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់មួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសជំនាញផ្នែកហិរញ្ញវត្ថុ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាអោយកាន់តែមានសក្តានុពល និងឯកទេស ក៏ដូចជាបង្កើនឱកាសការងារក្នុងប្រព័ន្ធធនាគារ។
សូមបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(សមក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឲ្យបានថា ប្រជាជនកម្ពុជា គ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែបទាន់ពេលវេលា តាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន ១២០ ស្ថាប័ន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៣ ក្រុមហ៊ុនភតិសន្យាចំនួន ១៣ គ្រឹះស្ថានឥណទានជនបទចំនួន ២៤ និង គ្រឹះស្ថានធនាគារចំនួន៤៕ អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា