ព័ត៌មានជាតិ
កម្ពុជា ដាក់ឲ្យដំណើរការគម្រោងថ្មីមួយជួយដល់ការនាំចេញវិស័យ SME
ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact Cambodia តំណាងឱ្យសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានសហការគ្នាក្នុងការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងថ្មីមួយឈ្មោះថា “គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម, Improving Small Package e-Trade for SMEs (SeT4SME)” នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតគម្រោង SeT4SME នេះឡើង ក្រោមកិច្ចសហប្រតិបត្តិការអនុវត្តន៍ពីវិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកឡើងថា ការចុះអនុស្សរណៈនៃយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងគម្រោង Go4eCAM នៃក្រសួងពាណិជ្ជកម្ម និងគម្រោង SeT4SME នៃអង្គការ Swisscontact Cambodia ក្នុងការអនុវត្តគម្រោងថ្មីនេះ នឹងរួមចំណែកផ្តល់អត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើការនាំចេញ ព្រមទាំងអ្នកប្រើប្រាស់នៅទីផ្សារអន្តរជាតិតាមរយៈការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន ដោយប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advance Data-EAD)។

បើតាមលោករដ្ឋមន្រ្តី ការអនុវត្តគម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ជាពិសេសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។
លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា នេះជាជំហ៊ានថ្មីមួយទៀត ក្នុងការអភិវឌ្ឍន៍គោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម ស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ (CTIS 2019-2023) ដែលបានដាក់ចេញ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលថ្មីៗ កន្លងមកផងដែរ។
លោក បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។
គម្រោង SeT4SME មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តនីតិវិធីគយសម្រាប់ការដឹកជញ្ជូន ដើម្បីបង្កើនឱកាសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន សម្រាប់សហគ្រាសធុនតូច និងធម្យមកម្ពុជា។ ដៃគូអនុវត្តន៍គម្រោងនេះ រួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយធ្វើការសហការបច្ចេកទេសជាមួយអង្គការ UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) ព្រមទាំងមានការចូលរួមសហការអនុវត្តន៍ពីវិស័យឯកជនក្នុងការបង្កើត e-Trade Portal ដើម្បីជួយជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធិភាព។ គម្រោងនេះប្រើប្រាស់ថវិការបស់អង្គភាព EIF ដែលមានកញ្ចប់ថវិកាក្នុងសមាសភាគទី៣.៣ របស់គម្រោង Go4eCAM និងថវិការបស់មូលនិធិរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation)៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់