ព័ត៌មានជាតិ
កម្ពុជា គ្រោងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
កម្ពុជា គ្រោងស្នើសុំចុះប្រាសាទ សារមន្ទីរ ព្រះរាជពិធីបុណ្យអុំទូក និងតំបន់រមណីយដ្ឋានមួយចំនួនទៀតដែលជាសម្បត្តិវប្បធម៌មានសក្តានុពលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការបង្ហាញឲ្យដឹងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅក្នុងសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២នៅព្រឹកថ្ងៃទី៩កម្ភៈនេះនៅសាលសន្និសីទចតុមុខ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា ក្រសួង បានបន្តរៀបចំ និងសហការរៀបចំឯកសារ ដើម្បីស្នើសុំចុះ«ប្រាសាទកោះកេរ» «នំបញ្ចុក» «ក្បាច់គុនល្បុក្កតោ» និង«ក្រុងបាត់ដំបង» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ។
ជាមួយគ្នានេះ លោកស្រីបានបន្តថា ក្រសួង ក៏បានបន្តរៀបចំបញ្ជីត្រៀម ដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧដុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អតីតមន្ទីរឃុំឃាំង ម-១៣ និងព្រះរាជពិធីបុណ្យអុំទូក។
ចំពោះការងារអភិរក្សវប្បធម៌វិញ លោកស្រី បានបន្ថែមថា ក្នុងពាក់កណ្តាលអាណត្តិទី៦នេះ ក្រសួងបានជួសជុល និងអភិរក្សសំណង់បុរាណចំនួន ១០៩សំណង់ វត្ថុបុរាណ/វត្ថុសិល្បៈចំនួន ៨២៩៦ វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ វត្ថុជាតិពន្ធុសាស្ត្រចំនួន ៥០៩មុខ និងសាស្ត្រាស្លឹករឹត ចំនួន ៣១០៤៦។

ទន្ទឹមគ្នានេះ ក្រសួងបានរកឃើញ និងទទួលបានវត្ថុបុរាណ/វត្ថុសិល្បៈពីគ្រប់ប្រភពទាំងអស់ចំនួន ៣១៤៣៤ វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ បូករួមទាំង វត្ថុបុរាណចំនួនជាង១០០រូបបន្ថែមទៀត ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីបរទេសក្រោយបញ្ចប់កិច្ចចរចាជាង៣ឆ្នាំ។ លោកស្រីបានបញ្ជាក់ថា ក្រសួងបានចុះបញ្ជីវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រសរុប ២៣៥៨៧ វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក/គ្រាប់ និងបញ្ចូលទិន្នន័យវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រទៅក្នុងប្រព័ន្ធទិន្នន័យ សរុប ១២៣៧៥វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក។
លោកស្រីដ្ឋមន្ត្រីបានបន្ថែមថា ក្រសួង បានយកចិត្តទុកដាក់ និងសហការជាមួយសហគមន៍ក្នុងការបណ្តុះបណ្តាល និងរៀបចំការសម្តែងសិល្បៈ ដោយក្នុងនោះ ក្រសួងបានជួយស្តារល្ខោនវត្តកៀនស្វាយក្រៅឱ្យរស់រានឡើងវិញ ព្រមទាំង បានពង្រឹងការថែរក្សាសិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗនៅខេត្តចំនួន១១ រួមទាំងសហគមន៍របស់ជនជាតិដើមភាគតិចនៅខេត្តចំនួន៨។
លើសពីនេះទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ផ្ទាំង និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ ក្រាំងចម្រៀងសម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ ក្បាច់ហួន ល្ខោនបាសាក់ និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ«នារីរបាំកម្ពុជាសម័យចតុមុខ និងសម័យអង្គរ» ជាភាសាខ្មែរ។ ក្រសួង ក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេស ស្នាដៃសិល្បៈដែលទើបដំឡើងថ្មីដល់សាធារណជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ