ព័ត៌មានជាតិ
លោក ម៉ប់ សារិន ត្រូវបានជ្រើសតាំង ជាប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ជំនួសលោក ប៉ា សុជាតិវង្ស
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានទៅកាន់តួនាទីជាទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេស។
ការជ្រើសតាំងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ដោយមានសមាសភាពចូលរួមសរុបប្រមាណ ១៩០ រូប ជាអតីតថ្នាក់ដឹកនាំសមាគម (បច្ចុប្បន្ន ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា), តំណាងព្រឹទ្ធសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ៨៥ រូប, ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, គណៈអភិបាលរាជធានី-ខេត្ត, នាយករដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាធានី ខេត្ត និងដៃគូអភិវឌ្ឍន៍។
នៅក្នុងពិធីបើកកិច្ចប្រជុំ លោកស្រី អ៊ុល ភីរុណ អភិបាលខេត្តរងកែប បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយគូសបញ្ជាក់ អំពីការគ្រប់គ្រងរដ្ឋបាលដែនដី និងសក្តានុពលទេសចរណ៍របស់ខេត្តកែប។ បន្ទាប់មក លោកយឹម សុខុម ប្រធានស្តីទីសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានថ្លែងសុន្ទរថា បើកកិច្ចប្រជុំ ដោយគូសបញ្ជាក់អំពីការបំពេញតួនាទី របស់សមាគមជាតិដែលជាតំណាងសម្លេង និងជាអ្នកការពារផលប្រយោជន៍ស្រមច្បាប់ របស់ក្រុមប្រឹក្សារាជធានី ខេត្តនៅកម្ពុជា។
លោក យឹម សុខុម បានថ្លែងថា តាមរយៈការប្រមូលផ្តុំបញ្ហាប្រឈមនានាក្នុងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សារាជធានី ខេត្ត, សមាគមជាតិបានដាក់សំណើទៅ គ.ជ.អ.ប លើកឡើងសំណូមពរជាគន្លឹះមួយចំនួនដើម្បីស្វែងរកដំណោះស្រាយ សមស្របពាក់ព័ន្ធនិងការអនុវត្តមុខងារ រចនាសម្ព័ន្ធ និងកញ្ចប់ថវិកា។
នៅក្នុងកិច្ចប្រជុំនេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានទៅកាន់តួនាទីជាទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេស។ ជាមួយគ្នានោះដែរ កិច្ចប្រជុំក៏បានស្វែងយល់ផងដែរ អំពីកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។
ពិធីបិទកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយលោកបានគូសបញ្ជាក់ អំពីគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងសំណើសំណូមពរលើកឡើង ដោយសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតក្នុងឆ្នាំ២០១៣ ជា “នីតិបុគ្គល” ធ្វើជាតំណាងឲ្យក្រុមប្រឹក្សារាជ ធានី-ខេត្ត ក្នុងគោលបំណងចំបងចំនួន ៣៖ ទី១. លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត ,ទី២. ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និង ទី៣. កសាងភាពជាដៃគូជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ