ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅភ្នំពេញ អាចទទួលវ៉ាក់សាំងដូសទី ៤ ចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ នេះតទៅ
ក្រសួងសុខាភិបាល នៅរសៀលនេះ បានសេចក្ដីជូនព័ត៌មាន ស្ដីពី ការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញនៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅដែលដល់វេននៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ដោយរាជធានីភ្នំពេញបានផ្ដល់ការចាក់វ៉ាក់សាំងកូរ៉ដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងមុនគេនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ។ ដូចនេះ ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូរ៉ដ-១៩ ដូសទី៣ ឬដូសជំរុញរួច ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងទីតាំងចាក់ វ៉ាក់សាំងកូវីដ-១៩ ដែលរៀបចំជូនដោយរដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសេចក្តីជូនព័ត៌មានជូនសាធារណជនជ្រាបផងដែរ។
ដោយឡែកមន្ទីរពេទ្យជាតិទាំង៥ រួមមានមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនមន្ត្រី រាជការថ្នាក់ជាតិ ជនវ័យចាស់ ក៏ដូចជាជនមានហានិភ័យខ្ពស់ ដែលនៅសេសសល់ ប៉ុន្តែបើមានប្រជាពលរដ្ឋទៅទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ មន្ទីរពេទ្យជាតិអាចចាក់ជូនពួកគាត់បាន។

គ.វ.ក-១៩ សូមក្រើនរំលឹកថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ត្រូវភ្ជាប់ ជាមួយនូវឯកសារដូចខាងក្រោម៖
– ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រសួងសុខាភិបាល ឬប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រសួងការពារជាតិ
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះ ពេលចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី១។
គ.វ.ក-១៩ សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ចាត់ចែងកៀរគរ ប្រជាជនដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ ក៏ដូចជាដូសទី៤ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩. ដូសជំរុញនេះឱ្យបានគ្រប់គ្នា និងឱ្យបានលឿន។

ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ បានបញ្ជាក់ថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ “៣ការពារ” (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) និង “៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិអប់រំក្រោមប្រធានបទ “រួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូរ៉ដ-១៩ ក៏ដូចជាគោរពតាមសេចក្ដីណែនាំក្រើនរំលឹកចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល ស្តីពីការបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា និងរក្សានិរន្តរភាព នៃការរស់នៅតាមគន្លងប្រក្រតីថ្មីក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដូសទី ៤ នេះ យោងតាមអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ គ.វ.ក-១៩ កំពុងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនមន្ត្រីរាជការជួរមុខ រហូតដល់អាជ្ញាធរមូលដ្ឋាន ជនវ័យចាស់ និងជនដែលមានហានិភ័យខ្ពស់ជាដើម ដោយប្រើវ៉ាក់សាំង Pfizer នៅរាជធានីភ្នំពេញ ដូចនេះសូមមន្ត្រីរាជការថ្នាក់ជាតិ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ រហូតដល់អាជ្ញាធរ មូលដ្ឋាន ព្រមទាំងជនវ័យចាស់ ក៏ដូចជាជនដែលមានហានិភ័យខ្ពស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ សូមអញ្ជើញរួសរាន់ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានជម្រាបជូនក្នុង សេចក្តីជូនព័ត៌មានរបស់ គ.វ.ក-១៩ លេខ ០១៥/២២ គ.វ.ក-១៩ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង