ព័ត៌មានជាតិ
កម្ពុជា ខ្វះធនធានមនុស្សច្រើនលើវិស័យនាវាចរណ៍
កម្ពុជា នៅខ្វះខាតធនធានមនុស្សលើជំនាញនាវាចរណ៍ជាច្រើន។ បច្ចុប្បន្នមាននិស្សិតតែជាង ២០នាក់ប៉ុណ្ណោះ ដែលកំពុងសិក្សាជំនាញនេះ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ នេះបើតាមការបញ្ជាក់របស់លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក អៀង វ៉េងស៊ុន ថ្លែងនៅក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងារ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនថា វិស័យនេះ នៅកម្ពុជា កំពុងខ្សត់ធនធានមនុស្ស ដោយសារតែការមិនយល់ពីភាពសំខាន់នៃវិស័យនេះ។ លោក អះអាងថា ជំនាញនេះ ក្រោយបញ្ចប់ការសិក្សាធានាថា មិនខ្វះការងារធ្វើ អាចធ្វើការនៅស្ថាប័នរដ្ឋ ឯកជន ធ្វើការនៅអង្គការអន្តរជាតិ ជាដើម។ «ក្រោយបញ្ចប់ការសិក្សាត្រូវធ្វើតេស្តនៅអគ្គនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវទឹកសមុទ្រ និងកំពង់ផែ ដែលជាសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រសិនបើជាប់តេស្តហើយ អាចដាក់ពាក្យទៅធ្វើការនៅក្រៅប្រទេសបានតាមរយៈសមាគមនាវិក , ទីផ្សារការងារមានច្រើន ដូចជាធ្វើការនៅនាវាក្នុងស្រុក និងអាចធ្វើការនៅនាវាចរណ៍សមុទ្រថ្នាក់តំបន់ និងអន្តរជាតិ»។

នៅក្នុងវិស័យនេះ ជំនាញពីឡុត គឺជាមុខរបរមួយ ដែលកើតចេញអំពីមុខជំនាញនាវាចរណ៍។ហើយផ្នែកនេះ ក៏កំពុងខ្វះអ្នកជំនាញច្រើនផងដែរ។ លោក អៀង វ៉េងស៊ុន បន្ថែម។
ជាមួយគ្នានេះ លោក ម៉ក់ ស៊ីដេត អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានលើកឡើងថា កម្ពុជា នៅខ្វះមន្ត្រីបច្ចេកទេស ខ្វះសាលាបណ្តុះបណ្តាល ខ្វះលិខិតបទដ្ឋានគតិយុត្ត និងខ្វះការយល់ដឹងនៃការប្រើប្រាស់មធ្យោបាយ។
លោកចែករំលែកថា អ្នកចង់រៀនជំនាញនាវាចរណ៍ ត្រូវស្វែងយល់អំពីពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដើម្បីជំរុញការងារដឹកជញ្ជូនឲ្យរីកចម្រើន ត្រូវស្វែងយល់ពីបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ត្រូវចេះភាសាអង់គ្លេសឲ្យបានច្បាស់លាស់ ព្រោះជំនាញនេះផ្អែកទៅលើអនុសញ្ញា និងច្បាប់អន្តរជាតិជាច្រើន ដែលឯកសារជាភាសាអង់គ្លេស និងត្រូវមានចំណេះដឹងបច្ចេកវិទ្យា។

លោកបន្ថែមថា ក្នុងវិស័យនាវាចរណ៍ត្រូវសិក្សាទៅលើផ្នែក ការសាងសង់នាវា ការធ្វើប្រតិបត្តិការនាវា និងសិក្សាពីការជំរុញការដឹកជញ្ជូន។
វិស័យនាវាចរណ៍មានសារសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ពីការនាំចេញនាំចូលទំនិញជាច្រើន ដោយភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយទៀត នៅទូទាំងពិភពលោក។
ទន្ទឹមនឹងនេះ លោក អៀង វ៉េងស៊ុន បានជំរុញដល់សាស្ត្រាចារដែលកំពុងបង្រៀនផ្នែកបើកបរនាវា ត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះនេះជាឱកាសក្នុងការចូលរួមជួយដល់សង្គមជាតិ តាមរយៈការចែករំលែកនូវបទពិសោធន៍ និងត្រូវខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យនិស្សិតស្ថិតក្នុងជំនាញនេះ ទៅដល់គោលដៅ ប្រកបដោយប្រសិទ្ធភាព ។
នៅលើភពលោក ការដឹកជញ្ជូនតាមផ្លូវសមុទ្រ មានប្រហែល ៩០ភាគរយ នៃការដឹកជញ្ជូន។ ប្រទេសមួយចំនួនលើពិភពលោក មានកប៉ាល់ដឹកជញ្ជូនធំៗ គេប្រើប្រាស់ធនធានសមុទ្រពិភពលោកនេះ ដើម្បីទាញយកផលប្រយោជន៍ជាច្រើនសម្រាប់អភិវឌ្ឍប្រទេស។ ជាក់ស្តែងដូចនៅសិង្ហបុរី ជាប្រទេសដែលគ្មានដីស្រែធ្វើកសិកម្មទេ គឺពឹងផ្អែកលើធនធានសមុទ្រនេះ ធ្វើឲ្យសិង្ហបុរីមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច។ ចំណែកនៅកម្ពុជា ការប្រើប្រាស់ធនធានសមុទ្រនៅមានកម្រិតទាបនៅឡើយ។ ធម្មជាតិ បានផ្តល់មកឲ្យកម្ពុជាជាច្រើន ប៉ុន្តែយើងមិនទាន់បានទាញប្រយោជន៍ពីធនធានទាំងអស់នេះពីសមុទ្របានច្រើននៅឡើយ៕
អត្ថបទ៖ ទូន សុផល




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?