Connect with us

ព័ត៌មានជាតិ

អត្រាបោះបង់ការសិក្សា​​ថយ​ចុះ ខណៈអត្រា​​​ចុះ​​ឈ្មោះ​ចូល​​រៀន​​​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ​កើន​ឡើង​​

បានផុស

នៅ

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ” លោកស្រី មិន ធារី អភិបាលរង នៃគណៈអភិបាល​ខេត្ត​ឧត្ត​មានជ័យ ​បានមានប្រសាសន៍ថា អត្រា​​​នៃ​​​ការ​​ចុះ​ឈ្មោះ​​ចូល​រៀន​​​​នៅ​​ខេត្ត​​ឧត្តរ​មាន​ជ័យ​សម្រាប់​ឆ្នាំ​នេះ ​​មាន​ការ​កើន​​ឡើង ចំណែក​​អត្រាបោះបង់សាលាក៏​បាន​​ថយ​ចុះផងដែរ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មិន ធារី បានដឹងថា វិស័យអប់រំនៅក្នុងខេត្តឧត្តរមានជ័យ​​ ត្រូវបាន​យកចិត្តទុកដាក់ខ្ពស់​ ​ធ្វើឱ្យ​អត្រា​នៃ​ការចុះឈ្មោះចូលរៀនមានការកើនឡើង ដោយសារសាលារៀន​បាន​កើនឡើងផងដែរ។ តាមគោលនយោបាយរាជ​រដ្ឋាភិបាល គឺបង្កើត​សាលា​ឱ្យ​ដល់មូលដ្ឋាន ភូមិ ឃុំ ធ្វើយ៉ាង​ណាឱ្យកុមារ​​តូចៗ​បានចូល​រៀន។ ជាមួយ​គ្នា​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​​ក៏បានខិត​ខំ​​អប់រំផ្សព្វផ្សាយ ធ្វើយ៉ាងណាឱ្យប្រជាពល​រដ្ឋ ​យកកូន​តូចៗ​ទៅចុះឈ្មោះចូលរៀន​។​

លោកស្រី មិន ធារី​ ​បញ្ជាក់​ថា ​នៅខេត្តឧត្ដមានជ័យ​មានសាលារៀនសរុប​ចំនួន ៣៦៤ សាលា​។ ​ក្នុងនោះ​ ​សាលាមតេយ្យមានចំនួន ១០៧​ សាលាមតេយ្យ​​សហគមន៍មានចំនួន ៩៧​ថ្នាក់ សាលាបឋមសិក្សាមានចំនួន ២១៨​ អនុវិទ្យាល័យមានចំនួន ៣០ និងវិទ្យាល័យមានចំនួន៩។ លោកស្រី​បញ្ជាក់ថា ការកើនឡើង នៃចំនួនសាលារៀននេះ គឺដោយសារតែគោលនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានសាងសង់សាលា​ច្រើននៅតាមមូលដ្ឋានខេត្ត។

បើតាមលោកស្រី មិន ធារី​ ​សាលាឥឡូវនេះស្អាតៗទៀតផង ​ថែមទាំង​មាន​សម្ភារៈ បរិក្ខារ នៅក្នុងថ្នាក់ល្អៗទៀត បានធ្វើឱ្យទាក់ទាញដល់សិស្ស​ មិនឱ្យបោះបង់ចោលសាលាបានច្រើន។​

​លោកស្រី​អះអាងថា អត្រាចូលរៀន​នៅឆ្នាំនេះ​មាន ៨៥​,៥៥ ​ភាគរយ ហើយ​អត្រាបោះបង់សា​លាមានប្រមាណ ៤ ភាគរយ​ប៉ុណ្ណោះ ដូច្នេះ​អត្រាបោះបង់សាលា​បាន​ថយចុះសម្រាប់ឆ្នាំនេះ។ មូល​ហេតុដោយសារតែ ទី១ ទាក់ទងទាក់ទងទៅនឹងការចំណាកស្រុក ដែលឪពុកម្ដាយ ឬក្រុមគ្រួសារទៅធ្វើការនៅខេត្តផ្សេង ឬប្រទេសផ្សេង ធ្វើឱ្យកូន​ត្រូវចេញ​ទៅរស់នៅជាមួយឪពុកម្ដាយ ហើយទី២. ទាក់​ទងបញ្ហាការងារក្នុងគ្រួសារ ដោយហេតុថា នៅខេត្តឧត្តរមានជ័យ ការរស់នៅមិនមានលក្ខណៈប្រមូលផ្ដុំការ គឺរស់នៅដាច់ដោយឡែក​ តាម​ភូមិ​តូចៗ ហើយ​ឪពុក​ម្តាយចេញទៅធ្វើស្រែចម្ការ​រយៈពេលយូរ ហើយពួកគាត់មិនហ៊ានទុកកូនឱ្យនៅផ្ទះ ដូច្នេះនេះជាកត្តាធ្វើឱ្យមានការបោះបង់សាលាផងដែរ។​

លោកស្រី មិន ធារី​ ​​បានឱ្យដឹងដែរថា សម្រាប់សិស្ស​ដែលប្រឡងជាប់បាក់ឌុបឆ្នាំនេះមានចំនួន ​១ ៤​៧៩ នាក់ (ស្ត្រី ៨០២នាក់) ​ក្នុងនោះមាននិទ្ទេស​ A ចំនួន ៥ នាក់ (ស្ត្រី ៣ នាក់) និទ្ទេស B ចំនួន ៣៣ នាក់, និទ្ទេស C ចំនួន ១០២  និទ្ទេស D ចំនួន ៣៣៧ និង​និទ្ទេស E ចំនួន ​៤៧២ នាក់។ ចំណែក​សិស្សនិទ្ទេស​ A ​​ទទួលបាន​​ម៉ូតូចំនួន១ គ្រឿង​។

សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាលកម្ពុជា​មានមហិច្ឆតា ក្នុងការផ្លាស់ប្តូរពីប្រទេសដែល​មាន ចំណូ​ល​មធ្យម កម្រិតទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្ត​ក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចផែនការនេះ មានតែការពង្រឹង និង​អភិវឌ្ឍវិស័យអប់រំទេ ដែលជាកត្តា​អាទិ​ភាពសម្រាប់ធ្វើឱ្យគោលដៅនេះ​ឈានទៅសម្រេចបានជោគជ័យ ដោយពឹងផ្អែកលើសមត្ថភាពរបស់ប្រជា​ជនក្នុងការក្រេបយកចំណេះដឹង​សមស្របនឹងជំនាញពាក់ព័ន្ធ​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម