ព័ត៌មានជាតិ
អេសស៊ីជីសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មលើការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ
ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) សម្រាប់ការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះនៅតំបន់ការដ្ឋានយកថ្មកំបោររបស់រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្ដារបរិស្ថាននិងអភិរក្សជីវចម្រុះនៅតំបន់ទាំងនោះ នាពេលអនាគត ។
នៅក្រោមកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសិក្សាកសិកម្មនិងបរិស្ថាន (CAES) របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងអនុវត្តការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ នៅទីតាំងគម្រោងយកថ្មកំបោរដែលគ្រប់គ្រងដោយរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន នៅក្នុងខេត្តកំពត ដើម្បីប្រមូលទិន្នន័យមូលដ្ឋានសម្រាប់បម្រើដល់ការអនុវត្តការងារស្ដារបរិស្ថាននិងអភិរក្សជីវចម្រុះនៅតាមតំបន់គម្រោងទាំងនេះ នៅពេលខាងមុខ ។
នៅឯពិធីចុះហត្ថលេខា លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានជ្រោមជ្រែងឱ្យឈានដល់កិច្ចព្រមព្រៀងមួយនេះ ។
លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី បានមានប្រសាសន៍ដូច្នេះថា «ទិន្នន័យមូលដ្ឋានដែលនឹងបានពីការសិក្សាស្រាវជ្រាវនេះ មានសារសំខាន់ណាស់សម្រាប់ការងារស្តារតំបន់យកថ្មកំបោរ និងការអភិរក្សជីវចម្រុះនៅឯរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន ដែលជាផ្នែកស្នូលមួយនៃគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលក្រុមហ៊ុន អេសស៊ីជី តែងតែអនុវត្តខ្ជាប់ខ្ជួនចំពោះអាជីវកម្មរបស់យើង ។»
លោកបណ្ឌិត រ៉ាត់ឆាយុត បានបន្ថែមថា «ទិន្នន័យមូលដ្ឋាននេះក៏នឹងផ្ដល់នូវគោលការណ៍ណែនាំនិងគំរូសម្រាប់ការស្ដារទីតាំងតំបន់យកថ្ម និងអភិរក្សបរិស្ថាននិងជីវចម្រុះនៅជុំវិញ ផងដែរ ។»
លោក បណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាល័យធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនិងក្រុមហ៊ុន អេសស៊ីជី ផងដែរ ដោយថាគម្រោងសិក្សាស្រាវជ្រាវមួយនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់សាកលវិទ្យាល័យ ។
លោកបណ្ឌិត ង៉ោ ប៊ុនថាន មានប្រសាសន៍យ៉ាងដូច្នេះថា «ជាផ្នែកនៃយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ យើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន លើការងារសិក្សាស្រាវជ្រាវកសិកម្មនិងបរិស្ថាន ឱ្យបានច្រើន ដើម្បីផ្ដល់ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចិរភាពនៅកម្ពុជា ។»
សូមបញ្ជាក់ថា ការសិក្សាដែលនឹងមានរយៈពេល ១ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទៅ នឹងធ្វើឡើងនៅទីតាំងយកថ្មកំបោរដែលស្ថិតនៅជាប់នឹងរោងចក្រ កំពត ស៊ីមេន ស្ថិតនៅចម្ងាយជាង ៤គីឡូម៉ែត្រខាងលិចទីរួមស្រុកបន្ទាយមាស ខេត្តកំពត ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ