ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសមិនឱ្យអ្នកនយោបាយអគតិ បំផ្លាញសន្តិភាព និងបង្កឲ្យមានភ្លើងសង្គ្រាមជាថ្មី
ការប្រកាសរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបែបនេះ នៅក្នុងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ អគារសាលប្រជុំ អគារកងអនុសេនាតូចព្រំដែន និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងតាកែវ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សមិទ្ធផលទាំងទ្បាយ ដែលបានដាក់សម្ពោធនាថ្ងៃនេះ គឺកើតចេញពីកម្លាំងសាមគ្គី ក្នុងទស្សនៈសិល្បៈ នៃការចែករំលែករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ព្រមទាំងសប្បុរសជនជិតឆ្ងាយដែលបានជួយជ្រោមជ្រែងឲ្យតំបន់ប្រតិបត្តិការសឹករងតាកែវ អាចសម្រេចបានការកសាង និងអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យមានទីតាំងរឹងមាំ និងយូរអង្វែង។
បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មូលដ្ឋាននេះ ធានាបានការការពារបូរណភាពទឹកដី ការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែននានា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ស្មើមុខស្មើមាត់ជាមួយភាគីមិត្ត។ លោកថា ទីតាំងឈរជើងនេះ ក៏បង្កលក្ខណៈដល់ការបំពេញភារកិច្ចដឹកនាំបញ្ជា និងការគ្រប់គ្រងកម្លាំងសឹករងខេត្តលើការងារសហការការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្ត ជាពិសេសការបន្តត្រៀមចូលរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនៅមិនទាន់ស្រាកស្រាន និងបិទបញ្ចប់ទាំងស្រុងនៅឡើយទេ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងដែរថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែក្រើនរំលឹក និងជំរុញជាប់ជាប្រចាំឲ្យថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់កម្រិត យកចិត្តទុកដាក់គិតគូរចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អ៊ំពូមីងអតីតយុទ្ធជន ដោយសម្តេចទាំងពីរ បានធ្វើការកៀរគរសប្បុរសជន និងបង្កើតឱ្យមានយន្តការឧបត្ថម្ភ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងក្រុមគ្រួសារ។ កាយវិការ និងទឹកចិត្តដ៏ប្រពៃនេះរបស់លោកទាំងពីរ គឺជាការតបស្នងសងគុណរៀមច្បងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ នៅលើសមរភូមិជាច្រើន ក្នុងសម័យកាលដែលប្រទេសយើងឆ្លងកាត់សង្គ្រាម ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញ បរិបូរណ៍ ដូចពេលបច្ចុប្បន្ន និងមិនដែលធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជា នាពេលជាង៥០០ឆ្នាំចុងក្រោយនេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបន្តចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានឋិតឋេរគង់វង្សយូរអង្វែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយមិនឱ្យអ្នកនយោបាយអគតិណាមួយ មានឱកាសមកបំផ្លាញសុខសន្តិភាព និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺ-១៩ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់។

ជាពិសេសបានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលបានបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ដោយបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ តាមរយៈការវាយតម្លៃស្ថានការណ៍ និងពិចារណា វិនិច្ឆ័យ ហ្មត់ចត់ គ្រប់ជ្រុងជ្រោយ អារកាត់រហ័សទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការថែទាំព្យាបាល នៅទូទាំងប្រទេស ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទាំងខ្មែរ និងបរទេស ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយ៕
ដោយ ៖ កោះកែវ






-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ