ព័ត៌មានជាតិ
រដ្ឋាភិបាល ចាប់ផ្ដើមសាកល្បងអនុវត្តកម្មវិធីធានារ៉ាប់រងដំណាំស្រូវដល់កសិករប៉ះពាល់ដោយទឹកភ្លៀង ឬជំនន់ទឹកភ្លៀង
រាជរដ្ឋាភិបាល បានចាប់ផ្តើមសាកល្បងអនុវត្តកម្មវិធីធានារ៉ាប់រងដំណាំស្រូវដល់កសិករដែលទទួលរងនូវផលប៉ះពាល់ដោយសារទឹកភ្លៀង ឬជំនន់ទឹកភ្លៀង ដើម្បីរួមចំណែកធានាប្រាក់ចំណូលរបស់ប្រជាកសិករក្នុងបរិបទ នៃបម្រែបម្រួលអាកាសធាតុ។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការធានារ៉ាប់រងដំណាំស្រូវ ផ្អែកលើសន្ទស្សន៍អាកាសធាតុ កាលពីចុងសប្ដាហ៍នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ដោយមើលឃើញកសិករមួយចំនួនតែងតែទទួលរងនូវផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុលើដំណាំស្រូវ ទើប រាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការសាកល្បងការធានារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុនេះឡើង ក្នុងគោលបំណង ឲ្យកសិករអាចទទួលបានសំណងខ្លះ លើការខូចខាតដំណាំស្រូវក្នុងរដូវវស្សា ដែលបណ្តាលមកពីកង្វះទឹកភ្លៀង ឬជំនន់ទឹកភ្លៀង។

លោកអភិបាលខេត្ត បានពន្យល់ថា កម្មវិធីនេះគ្រាន់តែបងប្អូនកសិករទិញធានារ៉ាប់រងដំណាំស្រូវចំនួន ១០ ដុល្លារ ក្នុង ១ ហិកតា ហើយក្នុងករណីដែលមានការខូចខាតដំណាំស្រូវដោយសារកង្វះទឹកភ្លៀង ឬជំនន់ទឹកភ្លៀងនោះ ក្រុមហ៊ុន Forte នឹងផ្តល់សំណងជូនកសិករដោយស្វ័យប្រវត្តិ ដែលសំណងខ្ពស់បំផុតក្នុងមួយប័ណ្ណធានារ៉ាប់រង គឺ ១០០ ដុល្លារ ឬអាចតិចជាង ១០០ ដុល្លារ ដោយអាស្រ័យលើភាពជាក់ស្ដែង នៃបរិមាណទឹកភ្លៀង។
ចំណែក លោក សៀក សុភ័គ ប្រធានគ្រប់គ្រងកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ បានមានប្រសាសន៍ថា កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវបានបង្កើតឡើងដើម្បីចូលរួមអនុវត្តគោលនយោបាយស្រូវអង្កររបស់រាជរដ្ឋាភិបាល និងមានគោលបំណងបង្កើនចំណូលរបស់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ និងការនាំចេញអង្ករ តាមរយៈការបង្កើនផលិតកម្មស្រូវអង្ករដែលមានគុណភាពខ្ពស់ ជាមួយនឹងការគិតគូរអភិរក្សមូលដ្ឋានធនធានធម្មជាតិ ឲ្យនៅគង់វង្សយូរអង្វែង។

លោកបានបន្តថា កម្មវិធីនេះ កំពុងអនុវត្តលើខេត្តចំនួនបី លើឃុំគោលដៅចំនួន ៩០ ឃុំ ហើយចំពោះខេត្តកំពង់ធំ គឺយើងអនុវត្តចំនួន ៣០ ឃុំ ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មស្រូវ និងអង្ករ មានដូចជា ការកសាងប្រឡាយទឹក ការកសាងឡសម្ងួត និងឃ្លាំងស្តុកស្រូវ ការកសាងមជ្ឈមណ្ឌលពូជស្រូវ ជាដើម។

លោក ងួន រតនៈ បានសំណូមពរដល់អ្នកដែលចូលរួមក្នុងសិក្ខាសាលានេះ សូមខិតខំយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់ឲ្យបានច្បាស់លាស់ អំពីផលិតផលធានារ៉ាប់រងដំណាំស្រូវផ្អែកលើសន្ទស្សន៍អាកាសធាតុនេះ ដែលជាគំនិតផ្ដួចផ្ដើមរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធានាប្រាក់ចំណូលរបស់ប្រជាកសិករក្នុងបរិបទ នៃបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង