ព័ត៌មានជាតិ
ពលរដ្ឋសម្ដែងការមិនពេញចិត្ត ក្រោយកំណាត់ អូរចេង ត្រូវបានគេហ៊ុមព័ទ្ធរបងថ្ម ធ្វើជាកម្មសិទ្ធិឯកជន
ប្រវត្តិសាស្ត្រអូរចេង ជាអូរធម្មជាតិចារិកឈ្មោះ តាំងពីបុរាណកាលមករាប់រយរាប់ពាន់ទស្សវត្សមកហើយ។ អូរចេងនេះ ស្ថិតនៅក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ អូរនេះមានទឹកថ្លាឆ្វង់ខួបប្រាំងខួបវស្សា សម្រាប់អាស្រ័យ ផលពីមនុស្ស និងសត្វគ្រប់ប្រភេទ ហើយសព្វថ្ងៃវាបានហូរឆ្លងកាត់ផ្លូវជាតិលេខ ៧៦ ផ្លូវដែលតភ្ជាប់ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី។
ប៉ុន្តែកាលពីពេលថ្មីៗនេះ កំណាត់អូរចេងមួយនេះ គ្របដណ្តប់ទៅដោយរបងថ្មចាក់គ្រឹះយ៉ាងរឹងមាំ ដែលមានប្រវែងប្រមាណជាង ១០០ម៉ែត្រ ជាប់និងដងផ្លូវជាតិលេខ ៧៦ ព័ទ្ធជុំវិញតែម្តង ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព និងសក្តានុពល ផងដែរ។
សូមជម្រាបថា កំណាត់អូរចេង ដែលប្រវែងជាងមួយរយម៉ែត្រ កំពុងប្រឈមនិងការបាត់បង់ទាំងស្រុង ព្រោះវាបានក្លាយជាកម្មសិទ្ធិ របស់បុគ្គលឯកជន ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ចេញប្លង់កម្មសិទ្ធិឲ្យទៅម្ចាស់កម្មសិទ្ធិ ដោយគេមិនដឹងថា បានចុះពិនិត្យឲ្យបានល្អិតល្អន់ ឬណែនាំឲ្យកាត់ឆ្វៀលដីចំណីអូរ ចំណីផ្លូវ យ៉ាងណានោះទេ ទើបឃើញគេ សាងសង់របងថ្ម ចាក់គ្រឹះបានដ៏រឹងមាំយ៉ាងនេះ។ ជាពិសេស គេបានហ៊ុំព័ទ្ធយកទាំងអូរ ទាំងបង្គោលខ្សែភ្លើងរបស់រដ្ឋបែបនេះ។
ប្រជាពលរដ្ឋ រស់នៅក្បែរអូរចេងនេះ បានសម្ដែងការមិនពេញចិត្ត ដោយសារថា កំណាត់អូរមួយនេះពួកគាត់ធ្លាប់អាស្រ័យផល និងសម្រាប់គោក្របី មាន់ទាផឹកទឹក ជាពិសេសនោះបង្គោលខ្សែភ្លើង របស់រដ្ឋជាច្រើនបង្គោល ដែលមានទូរគីឡូភ្លើង របស់ពួកគាត់ប្រើរាល់ថ្ងៃ ត្រូវគេហ៊ុំព័ទ្ធដោយរបងថ្មចាក់គ្រឹះដាក់សំណាញ់ដែកពីលើ។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា ម្ចាស់ដីនេះត្រូវបានស្គាល់ឈ្មោះ បូរ៉ា គៀមនី ម្ចាស់ការ៉ាស់សាំង បូរ៉ា គៀមនី ដែលមានចំនួន ២ទីតាំងរួមមាន៖ ទីតាំងទី១. តាមបណ្តោយផ្លូវជាតិលេខ ៧៨ ទល់មុខការ៉ាស់ឡាន ជាង ធួន ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ទីតាំងទី ២. តាមបណ្តោយផ្លូវជាតិលេ ខ៧៨ ក្បែររង្វង់មូលយាយទូលចេក ស្ថិតនៅក្នុងភូមិ ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ពាក់ព័ន្ធករណីការចាក់គ្រឹះរបងថ្ម ពីសំណាក់របស់បុគ្គលខាងលើនេះ លោក ថោ ប៊ុនថេត មន្ត្រីជំនាញភូមិបាលស្រុកកូនមុំ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មី កាលពីថ្ងៃទី ១៤ ខែកុម្ភៈថា «គេអាស្រ័យផល វាគ្មានស្អីទេ ក្នុងប្លង់កម្មសិទ្ធិ គេកាត់ចេញហើយចំណីអូរ ចំណីផ្លូវនោះ»។
អភិបាលស្រុកកូនមុំលោក សេក ហៃ ក៏បានផ្ញើសារជាអក្សរ តាមប្រព័ន្ធតេឡេក្រាមថា «អរគុណចាំឲ្យកម្លាំងជំនាញចុះពិនិត្យ»។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន បានឲ្យដឹងដែរថា លោកនឹងឲ្យជំនាញ របស់លោកចុះទៅមើល បើប៉ះពាល់ដីចំណីផ្លូវយ៉ាងណានោះ ខាងលោកនឹងសួរនាំទៅខាងអាជ្ញាធរ និងជំនាញក្នុងមូលដ្ឋាន នោះហើយ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋបានរិះគន់ចំៗ ទៅលើអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីជំនាញភូមិបាលក្រុង-ស្រុក ដែលតែងមើលរំលងវិសោធនកម្មច្បាប់ មាត្រា ៨ បានចែងអំពីការយល់ដឹង ពីចំណីផ្លូវទឹក ដែលរួមមាន៖
១. ចំណីទន្លេ ៥០ម៉ែត្រ
២. ចំណីបឹង ៥០ម៉ែត្រ
៣. ចំណីស្ទឹង ៣០ម៉ែត្រ
៤. ចំណីព្រែក ២០ម៉ែត្រ និង
៥. ចំណីអូរ ១០(ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ៕
អត្ថបទ៖ វុទ្ធ ឦសាន







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ