ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញទស្សនៈផ្ទាល់ខ្លួនយ៉ាងណាខ្លះ ចំពោះបេក្ខជននាយករដ្ឋមន្ត្រីរបស់កម្ពុជា ?
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ ដែលជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស នៃប្រទេសជប៉ុន។

នៅក្នុងជំនួបនោះ លោក HAYASHI Yoshimasa បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក មកកាន់ទីក្រុងតូក្យូនាពេលនេះ ដែលជាការបង្ហាញឱ្យឃើញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក បានសម្តែងភាពរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុងដំណើរការស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ ៨០ បេសកកម្មថែរក្សាសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ ៩០ និងការណ៍ដែលជប៉ុនជាប្រទេស ១ ក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ជាពិសេសវិស័យយោធា ដែលមានការរីកចម្រើនជាលំដាប់ចាប់តាំងពីឆ្នាំ ២០១៣ មក ហើយនៅឆ្នាំ ២០២៣ ខាងមុខនេះ ក៏នឹងមានប្រារព្ធខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយនឹងមានការរៀបចំកម្មវិធីជាច្រើនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក HAYASHI Yoshimasa បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស័ក្តិសមជាដៃគូយុទ្ធសាស្ត្រ។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក ហ៊ុន ម៉ាណែត បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីជំហរ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានអាស៊ានលើការដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ គឺធ្វើយ៉ាងណាបញ្ចៀសអំពើហិង្សា រៀបចំការផ្តល់ជំនួយមនុស្សធម៌ និងការបើកច្រកសម្រាប់ការបំពេញភារកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ស្របតាមធម្មនុញ្ញអាស៊ាន និងចំណុចឯកច្ឆន្ទទាំង៥ របស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណាឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈភាព និងពង្រឹងសាមគ្គីភាព។ លោកក៏បានបញ្ជាក់បន្ថែមអំពីគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងការបង្កើតយន្តការ Troika (កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូនេស៊ី) ដើម្បីតាមដានបទឈប់បាញ់ និងវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆន្ទទាំង៥ របស់អាស៊ាន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ដែលនេះគឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់ សម្តេច នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិ។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេជោ ហ៊ុន សែន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល០៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?