ព័ត៌មានជាតិ
កងទ័ពជើងគោក កម្ពុជា-ជប៉ុន បន្តកិច្ចពិភាក្សាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា
សេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជារយៈពេល៤ ថ្ងៃ។
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ដើម្បីអបអរខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។ ក្នុងនោះនាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់អំពីការបន្តជួយដល់កងទ័ពកម្ពុជា លើការកសាងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណីដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា ព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមក្នុងកម្រិតណាមួយនៅពេលអនាគត។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះកម្ពុជាក្នុងនាមជាប្រទេសទី១ នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិក៏ល្អរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ដែលតែងបានជួយគាំទ្រកម្ពុជានៅក្នុងដំណាក់កាលស្វែងរកសន្តិភាព ដំណាក់កាលស្តារកសាងប្រទេសក្រោយសង្គ្រាម និងរហូតមកដល់ដំណាក់កាលបច្ចុប្បន្ន ដែលជាដំណាក់កាលអភិវឌ្ឍប្រទេសឱ្យរុងរឿង។ ជាពិសេសលោកបានសង្កត់ធ្ងន់លើការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យយោធាចាប់តាំងពីឆ្នាំ២០១៣មក ដែលជាឆ្នាំនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលទាំងពីរ ក៏ដូចជាឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកយោធា រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះភាគីមិត្តជប៉ុន ដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជា លើការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែងសម្រាប់វគ្គនាយទាហានសកម្ម និងវគ្គបញ្ជាការសេនាធិការ ជាដើម។
ជារួម ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការបង្ហាញនូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ជាទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាព នឹងបន្តកិច្ចពិភាក្សា ដើម្បីធ្វើយ៉ាងណាឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈកាន់តែរីកចម្រើន និងខិតជិតទៅរកការផ្សារភ្ជាប់រវាងអង្គភាព និងអង្គភាព ក៏ដូចជារវាងយោធិន និងយោធិន។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី១ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្រាលប្រសើរជាងមុន ហើយដែលជាការភ្ជាប់ទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀត រវាងកងទ័ពជើងគោក និងប្រទេសជាតិទាំងពីរ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការរបស់នាយឧត្តមសេនីយ៍ YUASA Goro អតីតមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅកម្ពុជា ក្នុងឆ្នាំ២០២០ កន្លងទៅ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់