ព័ត៌មានជាតិ
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើសុំបញ្ឈប់ការដាក់ដេញថ្លៃ គោលការណ៍នាំចូលជ្រូករស់មកកម្ពុជា
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសរសេរលិខិត ដាក់ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំបញ្ឈប់ការដាក់ ដេញថ្លៃ គោលការណ៍នាំចូលជ្រូករស់ មកកាន់ប្រទេសកម្ពុជា។ លិខិតចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើសុំលុបចោលនីតិវិធី ដេញថ្លៃជ្រូករស់សម្រាប់នាំចូល មកកាន់ប្រទេសកម្ពុជា ដែលបានរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានរៀបរាប់បន្តថា ការរៀបចំឲ្យមាននីតិវិធី ដេញថ្លៃនាំចូលជ្រូករស់មកកាន់កម្ពុជានេះ ធ្វើឲ្យមានផលប៉ះពាល់ និងបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ដល់អ្នកវិនិយោគ និងអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ដែលផ្ទុយពីអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានមានប្រសាសន៍ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ គឺកាត់បន្ថយការនាំចូល ជំរុញការដាំដុះបន្លែ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា ការដាក់លិខិតទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចនេះ បន្ទាប់ពីមានប្រតិកម្មពីប្រជាកសិករ នៅទូទាំងប្រទេស។ បើតាមលោក ស្រ៊ុន ពៅ គឺប្រជាកសិករ បានលើកឡើងថា សត្វជ្រូករបស់ពួកគាត់កំពុងតែកកស្ទះ និងលក់មិនទាន់រួចថ្លៃដើមផងនោះ ហេតុអ្វីបានជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ដេញថ្លៃគោលការណ៍ នាំចូលជ្រូករស់មកកាន់ប្រទេសកម្ពុជា?
លោក ស្រ៊ុន ពៅ បានលើកឡើងបន្តថា «ទោះបីថា ដាក់ដេញថ្លៃទុកក៏ដោយ ក៏កសិករយើង ក៏ដូចជាកសិដ្ឋានមួយចំនួន ដែលគាត់លឺសូរថា ដាក់ដេញថ្លៃ គឺគាត់ភ័យ គឺគាត់រអារ បានសេចក្ដីថា ចង់ខ្លាច ព្រោះការដែលដេញថ្លៃបាន គឺការដែលនាំចូលហ្នឹងដឹងហើយ ពេលដែលខ្វះខាតមិនអីទេ ចុះពេលគេកកស្ទះ នាំចូលមក ហើយយើងណេះ ក៏ចាលដែរ អាហ្នឹងធ្វើម៉េច មិនប៉ះពាល់ដល់វិស័យទាំងមូល»។
សូមជម្រាបថា កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានសម្រេចច្រានចោល ចំពោះសំណើសុំផ្អាកការផ្តួចផ្តើម លើការរៀបចំនីតិវិធីដេញថ្លៃ សម្រាប់ការនាំចូលជ្រូករស់មកកាន់ប្រទេសកម្ពុជា។
នៅក្នុងលិខិតនោះ បានលើកឡើងថា ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា គឺជាឧបករណ៍មួយចាំបាច់ សម្រាប់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហា ក្នុងវិស័យជ្រូកជារួម និងម្យ៉ាងទៀតធានានិរន្តរភាព នៃការចិញ្ចឹមជ្រូករបស់កសិករ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីធានាស្ថិរភាពថ្លៃសាច់ជ្រូកក្នុងទីផ្សារ ស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយសម្ពាធថ្លៃម្ហូប អាហារនៅលើទីផ្សារ ក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ផងដែរ។
ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ ក៏បានឲ្យដឹងដែរថា អនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញការពិនិត្យលទ្ធភាព កាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្លែ ចិញ្ចឹមត្រី និងសត្វ កាលពីដើមឆ្នាំ ២០២០នោះ ក្រសួងបានចេញគោលការណ៍គ្រប់គ្រង ការនាំចូលជ្រូករស់ពីបរទេស មកផ្គត់ផ្គង់ទីផ្សារកម្ពុជា តាំងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក និងទប់ស្កាត់ការនាំចូលជ្រូករស់លើសតម្រូវការ មកបំផ្លាញអ្នកចិញ្ចឹម និងធានាស្ថិរភាពតម្លៃជ្រូករស់លើទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់កាលពីថ្ងៃទី ១១ ខែកុម្ភៈថា យន្តការដេញថ្លៃនាំចូលជ្រូករស់ មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជានេះ នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ ហើយជាគោលការណ៍រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុក ឲ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកឲ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃសមរម្យ ដោយមិនចាំបាច់មានការនាំចូល៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង