ព័ត៌មានជាតិ
ប្រេសិតពិសេសប្រធានអាស៊ាន នឹងអញ្ជើញទៅមីយ៉ាន់ម៉ា បំពេញបេសកម្មប៉ុន្មាននេះ
មានប្រសាសន៏នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅសណ្ឋាគារសូហ្វីតែលភោគីត្រា នារសៀលនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានបានអះអាងថា លោកនឹងអញ្ជើញទៅកាន់មីយ៉ាន់ម៉ា នៅសប្តាហ៏ទី២ នៃខែមីនា ហើយពេលាពិតប្រាកដ នឹងបញ្ជាក់នៅពេលដ៏ខ្លីខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសទាំងអស់បានសម្ដែងនូវការគាំទ្រចំពោះការតែងតាំងរូបលោកជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ប៉ុន្តែតំណែងនេះត្រូវបានគេនិយាយលេងថា “មិនមែនជាកាដូសម្រាប់អ្នកឯងនោះទេ” ពីព្រោះយើងដឹងថា បញ្ហានៅមីយ៉ាន់ម៉ា គឺជាបញ្ហាក្តៅ។ លោកថា លោកនឹងទៅនៅដើមខែក្រោយ គឺនៅសប្តាហ៍ទី២ នៃខែមីនា បន្ទាប់ពីលោកត្រឡប់មកពីតំបន់អឺរ៉ុបវិញ តែនេះគឺជាកម្មវិធីដែលយើងត្រៀម ហើយពេលវេលាជាក់ស្ដែងពិតប្រាកដ គឺអាស្រ័យទៅលើចម្លើយរបស់ទីក្រុង ណៃពីដោ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្មវិធីដែលគ្រោងនឹងលើកទៅពិភាក្សាក្នុងដំណើរទស្សនកិច្ចនោះ គឺដូចមានចែងនៅក្នុងកុងសង់ស៊ីស៥ចំណុច ដែលមេដឹកនាំអាស៊ានបានអនុម័តកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំមុន គឺទី១ ធ្វើយ៉ាងណាបានជួបសន្ទនាជាមួយដៃគូភាគីពាក់ព័ន្ធ ហើយលោកនឹងស្នើជួបជាមួយឧត្តមសេនីយ៍ មីន អោងឡាំង និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ហើយក៏នឹងស្នើជួបជាមួយឥស្សរជនផ្សេងៗទៀតដែរ ហើយលោកនឹងទៅទីក្រុងយ៉ាងហ្គូន ដើម្បីចូលរួមចែកជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យមួយកន្លែង ហើយបើអាចនឹងទៅទីកន្លែងផ្សេងទៀត។ ជាពិសេសលោកនឹងជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតទាំងអស់ប្រចាំនៅមីយ៉ាន់ម៉ា។
លោកបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ានេះ គឺជាបញ្ហាស្មុគស្មាញណាស់ ដែលមានអ្នកខ្លះ ពីដំបូងបានចេញប្រតិកម្ម ពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងណៃពីដោ ប៉ុន្តែមានអ្នកខ្លះក៏មានសេចក្តីរំពឹងច្រើនពេក។ លោកថា ពេលទស្សនកិច្ចរបស់សម្ដេច ក្រោយពេលដែលជាប់គាំងបែបនេះ ទស្សនកិច្ចរបស់សម្ដេច សំខាន់បំផុត គឺទម្លាយភាពទាល់ច្រក។ លោកបន្តថា បញ្ហាស្មុគស្មាញនេះ ត្រូវការពេលវេលា ត្រូវការភាពអត់ធ្មត់ និងត្រូវការអភិក្រមមួយប្រកបដោយភាពជាក់ស្ដែងនិយម។
ជាការកត់សម្គាល់ មីយ៉ាន់ម៉ា ត្រូវបានដឹកនាំដោយរបបយោធាតាំងពីទទួលបានឯករាជ្យមកម្ល៉េះចំនួន៧៤ឆ្នាំមកហើយ ក្នុងខណៈដែលលោកស្រី អ៊ុងសាន ស៊ូជី ដឹកនាំរដ្ឋាភិបាល ក៏មានចំណាយរបស់យោធាដែរ។ ដូច្នេះជាង៧០ឆ្នាំនេះ គាត់បានចាក់ឫសនៅក្នុងសង្គមទៅហើយ។ វប្បធម៌នយោបាយ នៅមីយ៉ាន់ម៉ាក៏ពិបាក ប្រវត្តិសាស្ត្រនយោបាយ ក៏ពិបាក។ ស្ថានភាពផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា មាន ១២០ជនជាតិ ក្នុងនោះមាន ១៨ក្រុម មានប្រដាប់អាវុធ ហើយក្នុង១៨ ក្រុមនោះ មានតែ ១១ក្រុមទេ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយរដ្ឋាភិបាល។ ចំណែក ៧ទៀតនៅតែបន្ត ហើយក្នុងចំណោម ៧ក្រុមនេះ មាន ៤ក្រុម គឺជាក្រុមខ្លាំង ដូច្នេះបទឈប់បាញ់ទោះបីមានហើយ ក៏មានការរំលោភបំពានដែរ ដូច្នេះមិនមែនជាងាយទេ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងដែរថា លោកតែងលើកយកមកអង្គុយគិតថា តើរយៈពេលមួយឆ្នាំនេះ យើងនឹងធ្វើការងារអីបានខ្លះ ? បើនិយាយពីបញ្ហាមនុស្សធម៌ក៏ពិបាក ពីព្រោះទៅចែកក៏មិនបាន ដោយសារតែមានការដាក់លក្ខខណ្ឌទៅវិញទៅមក ហេតុដូច្នេះហើយក្នុងនាមបេសកម្មប្រធានអាស៊ាន លោកបានស្នើសុំឲ្យមានការរៀបចំកិច្ចប្រជុំមួយដើម្បីចែកចាយជំនួយនោះ។
លោកថា មកដល់ពេលនេះ ក្រុមការងាររបស់ប្រេសិតពិសេសកំពុងតែរៀបចំជាមួយលេខាធិការរដ្ឋានអាស៊ានហើយ នៅពេលរៀបចំចប់ នឹងយកទៅពីគ្រោះយោបល់ជាមួយរដ្ឋអំណាចនៅទីក្រុងណៃពីដោ ដើម្បីទទួលបានការគាំទ្រ និងសហការគ្នារៀបចំដំណើរទស្សនកិច្ចនេះ ពីព្រោះយើងមិនអាចទៅប្រទេសគេ ដែលមានអធិបតេយ្យឆ្កុយៗនោះទេ ដូច្នេះពេលវេលានឹងដឹងពិតប្រាកដនៅពេលដ៏ខ្លីខាងមុខ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត