ព័ត៌មានជាតិ
គ.ជ.ប ប្រាប់មូលហេតុ ការរៀបចំការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ នេះ ចំណាយតិចជាងមុន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងចំណាយថវិកាប្រមាណជាង ៤៣ លានដុល្លារប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដែលការចំណាយនេះ មានចំនួនតិចជាងការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិមុន ជិត ១០ លានដុល្លារ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពន្យល់ប្រាប់ “កម្ពុជាថ្មី” ថា ការចំណាយតិចជាង គឺអាស្រ័យទៅលើការងារដែលត្រូវអនុវត្ត។ លោកមានប្រសាសន៍ថា នៅឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំបញ្ជីបោះឆ្នោតថ្មី ដែលតម្រូវឱ្យប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត រាប់ទាំងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទាំងអស់ ទៅចុះឈ្មោះបោះឆ្នោតឡើងវិញ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។

លោក សោម សូរីដា បញ្ជាក់បន្ថែមថា នៅពេលនោះ គ.ជ.ប បានកែសម្រួលពីការរៀបចំបញ្ជីបោះឆ្នោតដោយដៃ មកការរៀបចំបញ្ជីបោះឆ្នោតដោយកុំព្យូទ័រ ដូច្នេះត្រូវការថវិកាសម្រាប់ទិញកុំព្យូទ័រ ថវិកាសម្រាប់អភិវឌ្ឍន៍កម្មវិធី និងការចុះបញ្ជីតាមប្រព័ន្ធកុំព្យូទ័រ និងត្រូវការចំណាយពេលវេលារហូត ៩០ថ្ងៃ។ ជាមួយគ្នានោះ ក៏ត្រូវការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឱ្យចេះប្រើប្រាស់កម្មវិធី នៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រផងដែរ។ នេះគឺជាចំណុចដែលត្រូវការចំណាយថវិកាច្រើននៅក្នុងការរៀបចំបញ្ជីបោះឆ្នោតថ្មី។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ មានប្រសាសន៍បន្តថា ចំណែកឆ្នាំ២០២២នេះ អ្វីៗមានរួចជាស្រេច ដូចជាបញ្ជីបោះឆ្នោត គ.ជ.ប បានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរួចហើយ។ ចំណែកសម្ភារៈបរិក្ខា ដូចជាកុំព្យូទ័រ របៀបប្រើប្រាស់កុំព្យូទ័រ ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០១៦ និង២០១៧មក ដូច្នេះយើងពុំមានតម្រូវការទិញកុំព្យូទ័រថ្មីទេ ហើយការងារបណ្ដុះបណ្ដាល ក៏បានជ្រើសរើសមន្ត្រី ដែលមានបទពិសោធន៍ការងារក្នុងការរៀបចំបញ្ជីបោះឆ្នោតកន្លងមក។ ដូច្នេះតាំងពីពេលវេលា តាំងពីសម្ភារៈ មិនមានតម្រូវការចំណាយច្រើនដូចឆ្នាំ២០១៧នោះទេ។

មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនោះបញ្ជាក់ថា កាលអាណត្តិមុន យើងអត់មានអ្វីទាំងអស់ តែនៅឆ្នាំ២០២២នេះយើងមានអ្វីៗស្ទើរគ្រប់ទៅហើយ។ អ្វីដែលខ្វះនោះ គឺការជួសជុលកុំព្យូទ័រ ការបន្ថែមរយៈពេល ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតក៏កាន់តែច្រើនឡើង ចំនួនការិយាល័យបោះឆ្នោតក៏កាន់តែកើនឡើង សន្លឹកឆ្នោតច្រើនជាងមុន។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) គ្រោងចំណាយថវិកាជាង ៤៣ លានដុល្លារ ដែលចំនួននេះ ជាចំនួនមួយតិចជាងឆ្នាំ២០១៧ ដែលមានរហូតជាង ៥២ លានដុល្លារ។ ដូច្នេះបានថយចុះជិត ១០ លានដុល្លារ ដោយសារកម្ពុជាមានបច្ចេកវិទ្យាទំនើប ដែលឯកសារមួយចំនួនអាចផ្ញើតាមអ៊ីនធឺណិតបាន ហើយការកាត់បន្ថយការចំណាយនេះ ក៏ទទួលបានការកោតសរសើរពីភាគីពាក់ព័ន្ធផងដែរ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត