ព័ត៌មានជាតិ
មិត្តហ្វូន ប្រារព្ធខួប ១៣ ឆ្នាំ ជាមួយនឹងបេសកកម្មថ្មី ដើម្បីកសាងសង្គមឌីជីថលនៅកម្ពុជា
នៅថ្ងៃនេះ ក្រុមហ៊ុន មិត្តហ្វូន បានប្រារព្ធខួបទី ១៣ ឆ្នាំនៃការឈានជើងចូលទីផ្សារកម្ពុជារបស់ខ្លួន ជាមួយនឹងការដាក់ចេញនូវបេសកកម្មថ្មីមួយទៀត ដើម្បី «បង្កើតទំនាក់ទំនងសង្គមឌីជីថល» នៅក្នុងប្រទេសកម្ពុជា។
កាលពី ១៣ ឆ្នាំមុន នៅថ្ងៃនេះ មិត្តហ្វូន បានចាប់ផ្ដើមការផ្ដល់សេវាកម្មរបស់ខ្លួនជាផ្លូវការនៅកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទូរគមនាគមន៍ធំជាងគេបំផុតនៅក្នុងប្រទេសនេះ ដោយគ្របដណ្ដប់តំបន់លំនៅដ្ឋានគ្រប់ទីកន្លែង និងផ្ដល់សេវាកម្មដល់ប្រជាជនជិត ៩ លាននាក់ ។

ភាពជោគជ័យដ៏អស្ចារ្យនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺដោយសារតែមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដោយសារតែការខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិកនិយោជិតរបស់ក្រុមហ៊ុនប្រមាណ ២០០០ នាក់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តធ្វើឱ្យ មិត្តហ្វូន ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ជោគជ័យបំផុតនៅកម្ពុជា ។
លោក ហ្វុង វ៉ាន់គឿង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន មិត្តហ្វូន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ឆ្លៀតក្នុងឱកាសនេះ យើងសូមថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់កិច្ចប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ។ ជាពិសេស ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺរាតត្បាតសាកល កូវីដ-១៩ នៅឆ្នាំ ២០២០ និងឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំងទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព ដល់ប្រជាជន រួមជាមួយនឹងវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងយ៉ាងហ្មត់ចត់បំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិយាកាសអាជីវកម្ម។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកនិយោជិតរបស់យើងផងដែរ ដែលបានរួមដៃគ្នាធ្វើឱ្យមិត្តហ្វូនក្លាយជាក្រុមហ៊ុនមួយដ៏ជោគជ័យ ។»

លោក ហ្វុង វ៉ាន់គឿង បានមានប្រសាសន៍បន្ថែមទៀតថា ៖ «ដោយឈរលើជោគជ័យនិងសមិទ្ធផលនានាដែលយើងសម្រេចបាន នៅថ្ងៃនេះយើងប្រារព្ធខួបអនុស្សាវរីយ៍ទី ១៣ ឆ្នាំរបស់យើង ជាមួយនឹងបេសកកម្មថ្មីមួយទៀត គឺ «បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។ ហើយដើម្បីសម្រេចឱ្យបានបេសកកម្មនេះ យើងនឹងកសាងបណ្ដាញទូរគមនាគមន៍ដ៏ទំនើបជឿនលឿនបំផុត ដោយមានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ដូចជា 5G, Narrowband IoT, Big Data និង AI; អនុវត្តដំណោះស្រាយ និងសេវាកម្ម ICT សម្រាប់រដ្ឋាភិបាល ក្រសួងស្ថាប័ន សហគ្រាស អង្គការ និងលំនៅឋានប្រជាពលរដ្ឋ ក្នុងនោះរាប់បញ្ចូលទាំងសេវាកម្មទីក្រុងឆ្លាត (Smart City), រដ្ឋាភិបាលឌីជីថល និងសេវាកម្ម Cloud ជាច្រើនទៀត។ ស្របពេលជាមួយគ្នានេះ យើងក៏នឹងវិនិយោគទៅលើមាតិកា និង VAS ព្រមទាំងផ្លាស់ប្ដូរទៅរកសេវាកម្មឌីជីថល ដោយមានហ្គេមកម្សាន្តដោយឥតគិតថ្លៃ វីដេអូ និងកម្មវិធីអេបនានា សម្រាប់អតិថិជនគ្រប់រូប ជាដើម ។»
គួររំលេចផងដែរថា ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមិត្តហ្វូនបានទទួលពានរង្វាន់ជាច្រើនពីស្ថាប័នដ៏ល្បីល្បាញបំផុតនៅលើពិភពលោក នៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន។ ពានរង្វាន់ទាំងនេះត្រូវបានផ្ដល់ឱ្យជាការទទួលស្គាល់នូវផលិតផលនិងសេវាកម្មដែលល្អបំផុតរបស់ក្រុមហ៊ុនដែលបានផ្ដល់ដល់អតិថិជនរបស់ខ្លួន ។ ថ្មីៗនេះ គឺនៅឆ្នាំ ២០២១ មិត្តហ្វូន បានទទួលពានរង្វាន់មាស ចំនួន ០៤ សម្រាប់ផលិតផល CamID, SIS System, eMoney e-wallet និងខ្សែភាពយន្តភាគអប់រំ «មាគ៌ាព្រះធម៌» របស់ខ្លួន ហើយមិនតែប៉ុណ្ណោះ មិត្តហ្វូន ក៏ត្រូវបានស្ថាប័នផ្ដល់រង្វាន់អន្តរជាតិ IBA ផ្ដល់ចំណាត់ថ្នាក់ស្ថិតនៅក្នុងចំណោមកំពូលក្រុមហ៊ុនទាំង ៥ ដែលបានទទួលពានរង្វាន់ច្រើនជាងគេបំផុតប្រចាំឆ្នាំ ផងដែរ ។
ក្រៅពីបម្រើដល់អតិថិជនជិត ៩លាននាក់របស់ខ្លួន ក្រុមហ៊ុនមិត្តហ្វូនក៏បានអនុវត្តសកម្មភាពជួយដល់សង្គម (CSR) ជាច្រើនផងដែរ ។ ការងារ CSR មួយចំនួនដ៏លេចធ្លោរបស់ក្រុមហ៊ុន រួមមាន កម្មវិធី «នេះមិនមែនជាសុបិន»; «អ៊ីនធឺណិតសម្រាប់សាលារៀន»; កម្មវិធីគាំពារសុខភាពរបស់មិត្តហ្វូនសម្រាប់ប្រជាពលរដ្ឋក្រីក្រជាមួយក្រុមគ្រូពេទ្យ TYDA; ជំនួយមនុស្សធម៌ជួយសង្គ្រោះដោយសហការជាមួយកាកបាទក្រហមកម្ពុជា; មូលនិធិមិត្តហ្វូនរួមចំណែកដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងការគាំទ្រដល់ការប្រកួតបាល់ទាត់ មិត្តហ្វូនខេមបូឌានលីគ ជាដើម ។ ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានបរិច្ចាគទៅលើសកម្មភាពសង្គម គិតរហូតមកដល់ពេលនេះ គឺប្រមាណ ១០០ លានដុល្លារអាមេរិករួចហើយ ហើយក្រុមហ៊ុននឹងបន្តគាំទ្រសកម្មភាពសង្គម មួយឆ្នាំៗ ពី ៨ ទៅ ១០លានដុល្លារជាបន្តទៀត ។ បោះជំហានទៅមុខទៀត គោលដៅបន្ទាប់របស់ មិត្តហ្វូន គឺបន្តពង្រឹងតំណែងរបស់ខ្លួនជាក្រុមហ៊ុនលេខ១ នៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ជាមួយនឹងបេសកកម្មស្នូល
«បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។
ទន្ទឹមនឹងនេះដែរ មិត្តហ្វូន ប្ដេជ្ញាចិត្តវិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កាន់តែរឹងមាំនិងទូលំទូលាយថែមទៀត ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជា 5G, Narrowband IoT, Big Data, AI ជាដើម ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា, ប្រជាពលរដ្ឋ និង
សហគមន៍ធុរកិច្ច ដើម្បីពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងធ្វើឱ្យកាន់តែវៃឆ្លាតនូវសកម្មភាពធុរកិច្ច ។
ជាចុងក្រោយ មិត្តហ្វូន ក៏នឹងប្ដេជ្ញាបន្តធ្វើជាក្រុមហ៊ុនឈានមុខគេនៅក្នុងការផ្ដល់សេវាទូរគមនាគមន៍ ដូចជា បណ្ដាញទូរសព្ទចល័ត, អ៊ីនធឺណិត broadband ការបញ្ជូនទិន្នន័យ, ទូរទស្សន៍ឌីជីថល និងមាតិកាផ្សព្វផ្សាយ ។ ក្រៅពីនេះ សេវាកម្មថ្មីៗជាច្រើនថែមទៀតក៏កំពុងត្រូវបានរៀបចំបង្កើតឡើងផងដែរ ដូចជា ការទូទាត់តាមឌីជីថល ធនាគារឌីជីថល ទីក្រុងឆ្លាតវៃ សេវាកម្មនៅលើ Cloud និងការផ្សាយពាណិជ្ជកម្មនៅលើអនឡាញ ជាដើម ។ ទាំងអស់នេះនឹងរួមចំណែកនាំមកនូវអនាគតនិងជីវភាពបែបឌីជីថលកាន់តែប្រសើរឡើងសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ